ជំងឺមហារីក កើតឡើងដោយសារការលូតលាស់កោសិកា រីកលូតលាស់លឿនខុសប្រក្រតី។ ការរីកលូតលាស់ខុសធម្មតានៃកោសិការបស់ជំងឺមហារីកអាចបណ្ដាលមកពីកត្តាខាងក្រៅ និងកត្តាហ្សែន។ ប្រភេទមហារីកដែលកើតឡើងញឹកញាប់ជាងគេរវាងមនុស្សប្រុស និងមនុស្សស្រី មិនដូចគ្នាទេ នេះបើតាមការឲ្យដឹងពីអង្គការសុខភាពពិភពលោក (WHO)។
ស្របពេលគ្នានេះដែរ មានរឿងរ៉ាវមួយចំនួនដែលគ្នាយើងបានដឹងឮទាក់ទងនឹងជំងឺកាចសាហាវមួយនេះ និងមានរៀងរ៉ាវមួយចំនួនទៀតគ្នាយើងនៅមិនទាន់បានដឹងពីជំងឺមហារីកនៅឡើយ។ ខាងក្រោមនេះ ជារឿងរ៉ាវ ៨យ៉ាងដែលមិនសូវមានអ្នកណាចាប់អារម្មណ៍របស់ជំងឺមហារីក។
១. ជំងឺមហារីកត្រូវបានពណ៌នាដំបូងបង្អស់ដោយជនជាតិអេហ្ស៊ីបសម័យបុរាណ។ ការពណ៌នាពីជំងឺមហារីកដំបូងបង្អស់ត្រូវបានរកឃើញនៅក្នុងសៀវភៅ “Edwin Smith Papyrus” ដែលជាសៀវភៅវេជ្ជសាស្ត្រចាស់ជាងគេបង្អស់និយាយពីការព្យាបាលជំងឺរបស់មនុស្ស មានអាយុកាលតាំងពីឆ្នាំ១ ៦០០ មុនគ.ស។ នៅក្នុងសៀវភៅនោះមានរៀបរាប់ពីការយកចេញដុំសាច់សុដន់ ដោយប្រើឧបករណ៍ដូចឈេីសម្រាប់បង្កាត់ភ្លើង។ ប៉ុន្តែ នៅក្នុងសៀវភៅបានចែងថា មិនមានការព្យាបាលសម្រាប់ជំងឺនេះទេ។
២. ករណីជំងឺមហារីកស្បែកកើតឡើងដោយសារការប្រើម៉ាស៊ីនហាលថ្ងៃឲ្យស្រគាំស្បែក (indoor tanning) មានច្រើនជាង ករណីជំងឺមហារីកសួតដោយសារការជក់បារី បើយើងប្រៀបធៀបគ្នា។ ការសិក្សាបង្ហាញឲ្យឃើញថា ករណីជំងឺមហារីកស្បែកដោយប្រើម៉ាស៊ីនហាលថ្ងៃឲ្យស្រគាំស្បែក មានច្រើនជាង ៤១៩ ០០០ ករណីរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិក។
៣. ជំងឺមហារីកច្រើនជាងពាក់កណ្ដាលអាចទប់ស្កាត់បាន។ អ្នកស្រាវជ្រាវជឿជាក់ថា ជាងពាក់កណ្ដាលនៃករណីជំងឺមហារីកទាំងអស់ និងជាងពាក់កណ្ដាលនៃករណីស្លាប់ដោយសារជំងឺមហារីកសុទ្ធតែអាចបង្ការបាន។ នេះមានន័យថា ចំនួនអ្នកស្លាប់ដោយជំងឺមហារីកអាចជៀសផុតពីចន្លោះ ២,៤ លានទៅ ៣,៧ លាននាក់ក្នុងមួយឆ្នាំ ដែល ៨០% នៃការស្លាប់នេះកើតឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។
៤. ជំងឺមហារីកមិនមែនមានតែមួយមុខប៉ុណ្ណោះទេ។ នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អ្នកស្រាវជ្រាវបានឲ្យដឹងថា មានប្រភេទជំងឺមហារីកច្រើនជាង២០០ប្រភេទ និងក្រុមបែងចែកតូចៗជាច្រើនប្រភេទទៀត។
៥. សត្វកណ្ដុរអត់រោម (naked mole rat) មានប្រព័ន្ធភាពស៊ាំធន់នឹងជំងឺមហារីក។ នៅក្នុងរាងកាយរបស់កណ្ដុរអត់រោមនេះ សម្បុរទៅដោយសារធាតុម៉្យាងហៅថា hyaluronan មានមុខងារទប់ស្កាត់កោសិកាមហារីកមិនឲ្យលូតលាស់បាន។ ផ្អែកលើការសិក្សាទៅលើសត្វកណ្ដុរនេះ អ្នកវិទ្យាសាស្ត្រអាចនឹងរកបានថ្នាំព្យាបាលជំងឺមហារីកនៅថ្ងៃអនាគត។
៦. អ្នកជំងឺជាសះស្បើយពីជំងឺមហារីកមានច្រើនជាង ២៨លាននាក់នៅទូទាំងពិភពលោក។ រាល់ការកើតជំងឺមហារីកមិនមែនមានន័យថា អ្នកជំងឺត្រូវតែស្លាប់ទាំងអស់នោះទេ។ ដោយសារតែបច្ចេកវិទ្យាជឿនលឿននាប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឲ្យអ្នកជំងឺមហារីកអាចជាសះស្បើយបានច្រើន។
៧. ចំពោះជំងឺមហារីក មានត្រឹមតែ ៥-១០% ប៉ុណ្ណោះកើតឡើងដោយសារកត្តាតំណពូជ។ ជំងឺមហារីកភាគច្រើន អាចកើតឡើងដោយមានការចូលរួមទាំងកត្តាបរិយាកាសខាងក្រៅ(ជក់បារី ផឹកស្រា របបអាហារ…) និងកត្តាតំណពូជ។
៨.ជំងឺមហារីកសុដន់ ច្រើនកើតលើសុដន់ខាងឆ្វេងជាងខាងស្ដាំ។ សុដន់ខាងឆ្វេងមាន ៥-១០% អាចវិវត្តទៅជាជំងឺមហារីកជាងសុដន់ខាងស្ដាំ។ ដូចគ្នានេះ សុដន់ខាងឆ្វេងងាយនឹងកើតជំងឺមហារីកស្បែកមួយប្រភេទហៅថា melanoma ផងដែរ។
[embed-health-tool-bmi]