ក្រូចឆ្មារសំបូរទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ។ លើសពីនេះ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ពិតណាស់ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារការបំផ្លាញអុកស៊ីតកម្មដល់កោសិកា និងDNAពីរ៉ាឌីកាល់សេរី ដែលជាម៉ូលេគុលដ៏គ្រោះថ្នាក់។ ជាក់ស្ដែង ប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗជាច្រើនទៀត ត្រូវបានរកឃើញនៅក្នុងផ្លែ ទឹក គ្រាប់ និងសំបកក្រូចឆ្មារ។
អត្ថប្រយោជន៍ក្រូចឆ្មារប្រឆាំងជំងឺមហារីក
យោងតាមការសិក្សាបានរកឃើញថា សមាសធាតុសកម្មនៃផ្លែក្រូចឆ្មារ អាចរារាំងដល់ការលូតលាស់កោសិកា និងដុំសាច់មហារីកមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព។ កោសិកាមហារីកទាំងនោះ រួមមានកោសិកាមហារីកក្រពេញប្រូស្តាត សុដន់ ក្រពះ ថ្លើម ស្បូន លំពែង និងកោសិកាមហារីកពោះវៀនធំ។
ទោះបីជាមិនទាន់មានភស្តុតាងជាក់លាក់ដែលថាការញ៉ាំ ឬផឹកទឹកក្រូចឆ្មារអាចសម្លាប់កោសិកាមហារីក ឬរារាំងការលូតលាស់នៃកោសិកាមហារីកនៅក្នុងរាងកាយរបស់មនុស្សយ៉ាងណាក្ដី ប៉ុន្តែបើក្រឡេកមកមើលការសិក្សាលើក្រុមមនុស្សចំនួនធំ បានបង្ហាញថាអ្នកដែលចូលចិត្តញ៉ាំក្រូចឆ្មារ ពិតជាមានហានិភ័យតិចតួចនៃការកើតជំងឺមហារីកជាច្រើនប្រភេទប្រាកដមែន។
ក្រូចឆ្មារ និងអាហារប្រឆាំងនឹងជំងឺមហារីក
វិទ្យាស្ថាននៃជំងឺមហារីកថ្នាក់ជាតិព្រមានថា ពុំមានអាហារណាមួយដែលអាចការពារ ឬព្យាបាលជំងឺមហារីកបានឡើយ ប៉ុន្តែប្រសិនបើយើងញ៉ាំរបបអាហារសុខភាព និងមានបែបបទរស់នៅល្អ វាអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកបាន។
លោកស្រីបណ្ឌិតKim Dalzell ជាស្ថាបនិកស្ថាប័ន Cancer Nutrition Advisor និងជាអ្នកឯកទេសខាងអាហារូបត្ថម្ភផ្នែកវិជ្ជាសាស្ត្រខាងដុំពក (oncology nutrition specialist) ជឿជាក់លើឥទ្ធិពលនៃរុក្ខជាតិ ជាពិសេសគឺផ្លែក្រូចឆ្មារសម្រាប់អ្នកកើតជំងឺមហារីក ឬអ្នកដែលចង់កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក ពីព្រោះក្រូចឆ្មារផ្ទុកទៅដោយសារធាតុbioflavonoids ដែលជួយជួសជុលDNA ទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយការរលាក ហើយមុខងារទាំងនេះផ្ដល់ផលវិជ្ជមានសម្រាប់គ្រប់គ្រងជំងឺមហារីកបានយ៉ាងប្រសើរ។
យ៉ាងណាមិញ វិធីសាស្ត្រដ៏ល្អបំផុតក្នុងការបញ្ចូលក្រូចឆ្មារទៅក្នុងរបបអាហារប្រឆាំងនឹងជំងឺមហារីកគឺមិនមែនញ៉ាំវាទាំងមូល ឬផឹកទឹកក្រូចឆ្មាររាល់ថ្ងៃឡើយ ដោយសារតែវាគឺជាកំពូលអាហារដែលអាចបំផ្លាញធ្មេញរបស់យើង។ដែរ ផ្ទុយទៅវិញ យើងអាចបន្ថែមទឹកក្រូចឆ្មារតិចតួចទៅលើសាច់ត្រី ទឹកផ្លែឈើ ឬអាចប្រើប្រាស់សំបកក្រូចឆ្មារដោយឈូសជាចំណិតតូចៗ។
[embed-health-tool-bmi]