ស្ត្រីដែលបំបៅដោះកូន ភាគច្រើនដឹងពីសុដន់របស់ខ្លួនច្បាស់ ប្រសិនបើមានការប្រែប្រួលអ្វីកើតឡើងលើសុដន់អំឡុងពេលបំបៅដោះកូន ម៉ាក់ៗអាចទទួលបានអារម្មណ៍ភ្លាម។ ពេលខ្លះ អំឡុងពេលបំបៅដោះ ម៉ាក់ៗអាចរកឃើញថានៅក្នុងសុដន់មានដុំរឹង ជាហេតុធ្វើម៉ាក់ៗឲ្យបារម្ភពីបញ្ហាមហារីកសុដន់។
ចំណែកស្ត្រីដែលមានជំងឺមហារីកសុដន់ តែងបារម្ភពីសុវត្ថិភាពបំបៅដោះកូន និងអាចឆ្ងល់ថា ការព្យាបាលជំងឺមហារីកសុដន់អាចប៉ះពាល់ទៅដល់កូនដែរ ឬយ៉ាងណា។
ស្ត្រីអាចកើតជំងឺមហារីកសុដន់អំឡុងពេលបំបៅដោះកូនទេ?
ម៉ាក់ៗដែលកំពុងបំបៅដោះកូនអាចប្រឈមនឹងកើតជំងឺមហារីកសុដន់ តែករណីនេះជាករណីកម្រនឹងមាន។ យោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានជំងឺមហារីកជាតិសហរដ្ឋអាមេរិក (NCI) ឲ្យដឹងថា ហានិភ័យនៃជំងឺមហារីកសុដន់កើនឡើងជាបណ្ដោះអាសន្ន ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីពពោះ និងសម្រាលកូនរួច។ ហានិភ័យនេះអាចជាលទ្ធផលនៃបម្រែបម្រួលអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ។
ផ្ទុយទៅវិញ ការបំបៅដោះកូន កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ ជាពិសេស ចំពោះស្ត្រីដែលជិតអស់រដូវ។ អំឡុងពេលពពោះ និងបំបៅដោះកូន កាត់បន្ថយចំនួនវដ្ដរដូវដែលស្ត្រីមាន ដែលអាចកាត់បន្ថយអ័រម៉ូនដែលជំរុញឲ្យកើតជំងឺមហារីកផ្សេងៗ។
កត្តាអ្វីខ្លះដែលអាចបង្កឲ្យមានដុំរឹងក្នុងសុដន់ ពេលកំពុងបំបៅដោះកូន?
មិនមែនមានតែជំងឺមហារីកទេដែលអាចធ្វើឲ្យមានដុំក្នុងសុដន់អំឡុងពេលបំបៅដោះកូន បញ្ហាមួយចំនួនទៀត ក៏អាចបង្កឲ្យមានដុំក្នុងសុដន់បានដែរដូចជា ឡើងប៉ោង បូស គីស ស្ទះថង់ទឹកដោះ និងលាសដោះ ជាដើម។
ចុះបើស្ត្រីមានជំងឺមហារីកសុដន់ អាចបំបៅដោះកូនបានទេ?
ខាងក្រុមគ្រូពេទ្យនឹងណែនាំឲ្យស្ត្រីបញ្ឈប់ការបំបៅដោះកូន ក្នុងករណីដែលរកឃើញថាស្ត្រីកើតជំងឺមហារីកសុដន់។ មធ្យោបាយព្យាបាលជំងឺមហារីកសុដន់ជាច្រើនអាចប៉ះពាល់ទៅដល់ការផលិតទឹកដោះ ឬអាចប៉ះពាល់ទៅដល់កូន បើកូនបៅដោះម្ដាយ។ ខាងក្រុមគ្រូពេទ្យនឹងជួយស្វែងរកមធ្យោបាយព្យាបាលដែលស័ក្តិសមសម្រាប់យើង ព្រោះការព្យាបាលជំងឺមហារីកសុដន់អាចខុសគ្នាពីមនុស្សទៅមនុស្សម្នាក់។
បើឃើញមានដុំក្នុងសុដន់ ពេលណាស្ត្រីគួរជួបពេទ្យ?
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់ថា ជាធម្មតា កើតដុំនៅក្នុងសុដន់មិនមែនជាដុំមហារីក ឬជាបញ្ហាគួរឲ្យបារម្ភ ភ័យខ្លាចទេ តែយើងត្រូវទៅជួបគ្រូពេទ្យជំនាញប្រសិនបើ៖
- ដុំមិនរលាយទៅវិញ
- ដុំរីកធំឡើងៗ
- ពេលស្ទាបទៅ ដុំមិនកម្រើកចុះឡើង
- ធ្វើឲ្យស្បែកឡើងមានសភាពដូចសំបកក្រូច។ល។
និយាយជារួម ស្ត្រីគួរតែទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ រាល់ពេលដែលមានចម្ងល់នានាទាក់ទងនឹងបញ្ហាសុខភាពសុដន់ ឬបញ្ហាសុខភាពទូទៅតែម្ដង។
[embed-health-tool-bmi]