ដូច “Hello គ្រូពេទ្យ” និយាយចឹងថា ស្រីៗអាយុកាន់តែច្រើន កាន់តែប្រឈមជំងឺកាចសាហាវ ពិសេសមហារីកសុដន់។ គ្នាយើងធ្លាប់កើត ឬកំពុងកើតជំងឺកាចសាហាវនេះ ច្បាស់ជាចង់ដឹងខ្លាំងហើយថា ក្រោយព្យាបាល អាចប៉ះពាល់លទ្ធភាពបង្កកំណើតដែរអត់? អត្ថបទនេះ នឹងស្រាយចម្ងល់គ្នាយើង។
បច្ចុប្បន្ននេះ នៅមិនទាន់មានការសិក្សាណាអះអាងថា មហារីកសុដន់ ប៉ះពាល់រឿងចង់បានបេប៊ីនៅឡើយ ហើយមិនមែនមហារីកសុដន់ទាំងអស់ ធ្វើឲ្យយកអូនៗមិនបានទេ គ្រាន់តែអាស្រ័យលើកត្តាមួយចំនួន៖
១- វិធីព្យាបាល
គ្នាយើងមានជំងឺមហារីក ព្យាបាលដោយការវះកាត់ និងកាំរស្មី ពុំមានផលប៉ះពាល់ដល់ការបង្កកំណើតទេ តែបើព្យាបាលដោយគីមី អាចប្រឈមខ្ពស់។
២- ប្រភេទនិងដំណាក់កាលមហារីក
ពេលស្ថានភាពជំងឺធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ ចៀសមិនផុត ប្រើសារធាតុគីមី ដើម្បីព្យាបាល។ ប្រភេទមហារីកសុដន់មួយចំនួន មិនមានរំញោចជាមួយការព្យាបាលដោយអ័រម៉ូនទេ។ ការព្យាបាលដោយគីមី បង្កហានិភ័យខូចក្រពេញអូវែ (កន្លែងបញ្ចេញមេជីវិតញីដើម្បីបង្កកំណើត) អាចបណ្តាលឲ្យអត់កូន។
៣- អាយុ
គ្នាយើងមានអាយុចាប់ពី ៣០ ឆ្នាំឡើង ងាយប្រឈមករណីអត់កូន ហើយការព្យាបាលដោយគីមីលើស្រីៗអាយុ ៤០ ឆ្នាំឡើង នាំឲ្យឆាប់អស់រដូវ ធ្វើឲ្យមិនអាចមានកូនបាន។
៤- វិធីការពារ
ការព្យាបាលមហារីកសុដន់ដោយគីមី អាចឲ្យស្រីៗគ្នាយើងអត់កូនមែន ប៉ុន្តែពេទ្យមានវិធីបង្ការបញ្ហានេះ មុនពេលព្យាបាល។ វិធីល្អបំផុត គឺយកអូវុល (មេជីវិតមនុស្សស្រី) ទៅបង្កកទុក សម្រាប់ធ្វើការបង្កកំណើតក្រៅខ្លួន (Vitro Fertilization) ប៉ុន្តែវិធីនេះមានតម្លៃខ្ពស់។
៥- ជំងឺរើឡើងវិញ និងផលប៉ះពាល់លើបេប៊ី
ករណីមហារីកលាប់ឡើងវិញ ភាគច្រើនស្ថិតក្នុងចន្លោះពេល ២ឆ្នាំ ក្រោយព្យាបាល មិនគួរមានផ្ទៃពោះពេលនោះទេ។ ច្បាស់ណាស់ អ្វីគ្នាយើងព្រួយបារម្ភខ្លាំង គឺករណីចម្លងជំងឺមហារីកទៅអូនៗ។ ប៉ុន្តែករណីចម្លងទៅអូនៗក្នុងផ្ទៃមានត្រឹម ៥ ភាគរយប៉ុណ្ណោះ ហើយអាចពាក់ព័ន្ធនឹងកត្តាហ្សែន។
ក្នុងលក្ខខណ្ឌណាក៏ដោយ គួរប្រឹក្សាជាមួយពេទ្យឲ្យបានត្រឹមត្រូវទាំងការព្យាបាល និងផែនការយកកូន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]