អាហារូបត្ថម្ភមានជីរជាតិគ្រប់គ្រាន់ ពិតជាសំខាន់ណាស់ សម្រាប់ជាថាមពលដល់ស្រីៗគ្នាយើងមានជំងឺមហារីក និងទើបឆ្លងកាត់ការព្យាបាលដោយសារធាតុគីមី ហើយការធ្វើលំហាត់ប្រាណកាន់តែជួយឲ្យរាងកាយយើងរឹងមាំឡើងវិញផងដែរ។ គួរហាត់ប្រាណបែបម៉េច? ហើយចុះចំណីចំណុក គួរញ៉ាំរបៀបម៉េច? “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងឲ្យបានដឹង។
១- អាហារូបត្ថម្ភ
របបអាហារល្អ ត្រូវតែជាអាហារសម្បូរជាតិសរសៃ និងប្រូតេអ៊ីន អាចជួយផ្តល់ថាមពលដល់គ្នាយើងជំងឺប្រឆាំងជំងឺមហារីកបាន។ ប្រភេទអាហារនេះជួយបង្កើតជាលិកាថ្មីៗ និងជួយពង្រឹងប្រព័ន្ធការពាររាងកាយ ប្រឆាំងជំងឺឆ្លង ក៏ដូចជា ជៀសផុតពីផលប៉ះពាល់ ក្រោយការព្យាបាលបានទៀតផង។
ក្រោយព្យាបាល ចំណូលចិត្តអាហារអាចប្រែប្រួល ឬញ៉ាំអីលែងចូល មិនមានអារម្មណ៍ឃ្លាន។ ត្រង់ចំណុចនេះ កុំបណ្ដោយ តាមអារម្មណ៍ ដល់ពេលញ៉ាំ ទោះមិនឃ្លានក៏ត្រូវញ៉ាំដែរ។ មានភស្តុតាងមួយចំនួនបានបង្ហាញថា ការព្យាបាលជោគជ័យល្អ នៅពេលដែលគ្នាយើងមានជំងឺញ៉ាំអាហារមានកាឡូរី និងប្រូតេអ៊ីនគ្រប់គ្រាន់។ អាហារទាំងនោះរួមមាន បន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
២-ហាត់ប្រាណ
តាមការស្រាវជ្រាវបានឲ្យឃើញថា ហាត់ប្រាណពុំមានផលប៉ះពាល់អ្វីដល់ការព្យាបាលជំងឺមហារីកទេ។ ផ្ទុយទៅវិញវាជួយឲ្យរាងកាយកាន់តែមាំមួន ហើយកាត់បន្ថយភាពហត់នឿយហត់ ថប់អារម្មណ៍ និងជួយដល់សុខភាពផ្លូវចិត្ត ដែលជាកត្តាសំខាន់ក្នុងការព្យាបាលជំងឺមហារីក។ វាក៏អាចជួយដល់សរសៃឈាមបេះដូង សាច់ដុំ និងធ្វើឲ្យសមាសភាពរាងកាយសមមូលគ្នាផងដែរ។ តាមការសិក្សាខ្លះទៀត បញ្ចេញសកម្មភាពច្រើនបន្ទាប់ពីធ្វើរោគវិនិច្ឆ័យរួច អាចជួយឲ្យយើងរស់នៅបានយូរ និងមហារីកមិនងាយលាប់មកវិញទេ។
អាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណត្រូវបានគេមើលរំលង អំឡុងព្យាបាលដោយសារធាតុគីមី។ សរុបសេចក្តីមក បើយើងមានជំងឺមហារីកសុដន់ គួរតែរាប់បញ្ជូលការហាត់ប្រាណ និងរបបអាហារ មានជីវជាតិ ជាផ្នែកមួយនៃការព្យាបាល ព្រោះវាជួយបានច្រើនណាស់។ ចូរពិភាក្សាជាមួយគ្រូពេទ្យ បើគ្នាយើងទើបចាប់ផ្តើមធ្វើការព្យាបាល ដើម្បីឲ្យគ្រូពេទ្យជួយរកប្រភេទអាហារ និងលំហាត់ប្រាណដែលសមនឹងស្ថានភាពជំងឺយើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]