backup og meta

មានបញ្ហា​រមាស់​ពេល​យប់ អាចសាកដោះស្រាយ​វិធី​នេះ

មានបញ្ហា​រមាស់​ពេល​យប់ អាចសាកដោះស្រាយ​វិធី​នេះ

ឲ្យ​តែ​ដល់​ពេល​គេង​ រមាស់​នោះ​រមាស់ ងូត​ទឹក​ហើយនៅ​តែ​មិន​បាត់​ទៀត ធុញ​ខ្លាំង​មិន​អ៊ីចឹង? គ្នា​យើង​ណា​ខ្លះ​ធ្លាប់​ជួប​បញ្ហា​រមាស់​ស្បែកពេល​យប់? មាន​ដឹងម៉េច​បាន​ជា​រមាស់​អត់? ចុះ​ធ្វើ​ម៉េច​បាត់​រមាស់? សំណួរ​ទាំង​នេះ “Hello គ្រូពេទ្យ’ នឹង​លម្អិត​ឲ្យ​គ្នា​យើង​បាន​ដឹង​ ទាំង​​មូល​ហេតុ​នាំ​ឲ្យ​រមាស់ ក៏​ដូច​​​ជា​វិធី​ដោះ​ស្រាយ​ទៀត​ផង។

១- បញ្ហា​រមាស់​ស្បែក​នៅ​ពេល​យប់

រមាស់​ ឬរមាស់​ស្បែក ​ជា​រឿយៗ​រើ​ខ្លាំង​ឡើង​នៅ​ពេល​យប់ ​បណ្តាល​ឲ្យ​រំខានការ​គេង​ នាំ​ឲ្យ​​គុណ​ភាព​ជីវិត​យើង​ចុះ​ខ្សោយ​ទៅ​តាម​នឹង​ដែរ ហើយ​បញ្ហា​នេះ​ ភាគ​ច្រើន​កើត​លើ​គ្នា​យើង​មាន​​ជំងឺរលាក​ស្បែក​ ដូច​ជា ​ជំងឺ Psoriasis និង​ជំងឺ​សើស្បែក។ ​ក្នុង​ចំណោម​គ្នា​យើង​មាន​បញ្ហា​រលាក​ស្បែក​ទាំង​អស់ ៦៥%​ ត្រូវ​រាយ​ការណ៍​ថា ​មាន​អាការៈរមាស់កាន់​តែ​ខ្លាំង​​នៅពេល​យប់ ហើយ​ត្រូវ​ហៅ​ជា​ទូទៅ ​រមាស់​ពេល​យប់​។​ បញ្ហា​នេះ ត្រូវ​ចាត់​ចូល​ទៅ​​ក្នុង​ជំងឺ​រមាស់ (Scabies) តែងកើតលើ​គ្នា​យើង​មាន​​ជំងឺ​ប៉ះ​ពាល់​ជាមួយ​ប្រព័ន្ធ​សរសៃឈាមក្នុង​​រាង​កាយ​ ដូច​ជា​ជំងឺ​ថ្លើម​ និង​ជំងឺ​ខ្សោយ​តម្រង​នោម​រ៉ាំ​រ៉ៃ​។​

រឿង​រំខាន​​ដំណេក​​ដោយ​សារ​ការ​រមាស់​ពេល​យប់​ បណ្តាល​ឲ្យ​ក្មេង​ៗមាន​ជំងឺសើស្បែក​ដោយ​សារ​​ងាយ​​ប្រតិកម្ម​អាលែក​ហ្ស៊ី ត្រូវ​ចំណាយ​ពេល​ដេក​ជា​មធ្យម​ ៤៦​នាទី ​​តិច​ជាង​ក្មេងៗ​ដទៃ​​ទៀត​​។​ សម្រាប់​មនុស្ស​ពេញ​វ័យ​មាន​​ជំងឺស្បែក​ ដូចជា​រលាក​ស្បែក​ដោយ​សារងាយ​មាន​ប្រតិកម្ម​អាលែក​ហ្ស៊ី​ ត្រូវ​រាយ​ការ​ណ៍​ថា អាច​​ដេក​បាន​កាន់​តែ​តិច​ និងភ្ញាក់ ២-៣ ដង/យប់ ​ធៀប​នឹង​​មនុស្ស​ពេញ​វ័យ​ដទៃ​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​គុណ​ភាព​ជីវិត​ធ្លាក់​ចុះ​​។​

ដំណេក​តិចតួច ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​អារម្មណ៍​មួម៉ៅ និងង​ងុយ​គេង​នៅ​ពេល​ថ្ងៃ​ នាំ​ឲ្យ​​បំពេញ​កិច្ច​ការ​ងារ​មិនបាន​ល្អ​ ថែម​ទាំង​បង្ក​ជា​​បញ្ហា​ផ្លូវ​ចិត្តទៀត​ផង​។ កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភទៀត​នោះ​ បញ្ហា​រមាស់​នេះ អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ និង​មុខងា​រផ្លូវ​ភេទ​​ថយ​ចុះ​ ដោយ​​ត្រូវគេ​​រាយ​ការណ៍​ថា ​ក្នុង​ចំណោម​គ្នា​យើង​​មាន​ជំងឺ​រមាស់​ពេល​យប់ជាច្រើន តែង​ជួប​បញ្ហា​ផ្លូវ​ភេទ​។​ រមាស់​ ក៏នាំឲ្យ​មាន​ការ​​​រលាក​ស្បែក​កាន់​តែ​ខ្លាំង​ និង​កាន់​តែ​រមាស់​ថែម​មួយ​កម្រិត​ទៀត បណ្តាល​ឲ្យ​ទ្រាំ​មិន​បាន ត្រូវ​​អេះ​ខ្លាំងឡើង​ៗ។​

២- មូលហេតុ​នាំ​ឲ្យ​រមាស់​រើ​ខ្លាំង​ឡើង​ពេល​យប់​

មូល​ហេតុ​នៅ​ពី​ក្រោយ​​រមាស់​ស្បែក​ពេល​យប់ ​មិន​ទាន់​ត្រូវ​គេ​ពន្យល់​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​។​ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​ បាន​លើក​ហេតុផល​​អាច​ទៅ​រួច​មួយ ដោយ​អះអាង ​អាការៈរមាស់​ពេល​យប់ ​អាចជាប់​ទាក់​ទង​ទៅ​នឹង​បញ្ហា​បាត់​បង់​ជាតិទឹកនៅ​ក្រៅស្បែក​ ហៅ​ថា TEWL។ បញ្ហា​បាត់​បង់​ជាតិ​ទឹក​ផ្នែក​ខាង​ក្រៅ​ស្បែក (TEWL) ច្រើន​កើត​មាន​នៅ​ពេល​យប់​ និង​កើត​មាន​តិច​តួច​នៅពេល​ព្រឹក​ ប៉ុន្តែ​​កើន​ឡើង​ខ្ពស់​បំផុតនៅ​ពេល​ល្ងាច ដែល​ត្រូវ​អ្នក​វិទ្យាសាស្ត្រ​គិតថា ធ្វើ​មុខងារ​ការ​ពារ​ស្បែក​ថយ​ចុះ​អំឡុង​ពេល​នោះ ជា​ហេតុ​នាំ​ឲ្យ​​សារ​ធាតុ​ប៉ះ​ពាល់​ស្បែក​ជាច្រើន ក៏ដូច​ជា​ភ្នាក់​ងារ​បង្ក​ឲ្យ​រមាស់ អាច​ចូល​មក​ញាំញី​ស្បែក​យើង​បាន​យ៉ាង​ងាយ​។

បញ្ហា​កើន​ឡើង​កម្តៅស្បែកនៅពេលយប់ ​ក៏​​អាច​​ពន្យល់​បាន​ពីការ​រើ​ឡើង​​​អាការៈ​រមាស់ពេល​យប់​ដូច​គ្នា។​ សីតុណ្ហភាពជុំ​វិញ​ខ្លួន​យើង ជា​ទូទៅ គឺ​កើន​ឡើង​ខ្ពស់​បំផុត​នៅ​​ក្បាល​ព្រលប់​ និងទាប​បំផុត​នៅ​ពេល​ព្រឹក។​ អាការៈរមាស់​ និង​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ដោយសារ​កម្តៅ ​មជ្ឈដ្ឋាន​ជុំ​វិញ​ តាម​រយៈ​​ញាណ​ដឹង​រមាស់​ ហើយ​ត្រូវ​បាន​ជឿ​ថា ​បញ្ហា​នេះ គឺ​រង​ឥទ្ធិពលដោយ​សារ​​កម្តៅ​នៅ​លើ​ចុង​សរសៃ​ប្រសាទ​។​​

វដ្ត​ចង្វាក់​នាឡិកា​ជីវសាស្ត្រ​​​ ​ដែលទទួល​ខុស​ត្រូវ​ចំពោះ​ភាព​ខុស​គ្នា​ នៃបម្រែ​បម្រួល​​ជាតិ​គីមី​ជា​ច្រើនមាន​​ក្នុង​រាង​កាយ​​ គឺ​​វដ្ត​ថ្ងៃ​ និង​យប់​ ក៏​ជាប់​ទាក់​ទង​បញ្ហា​រមាស់​នេះ​ដូច​គ្នា។​ ឧទាហរណ៍​ ថ្នាំ​​ពពួក​ករទីកូស្តេរ៉យ​ ដែល​ជា​អ័រម៉ូន​ប្រឆាំង​រលាក​ គឺ​មាន​ប្រសិទ្ធភាព​តិច​តួច​​ពេល​ល្ងាច​ និង​ពេល​យប់​ ហេតុ​​នេះការ​​​ឆ្លើយ​តប​ប្រឆាំង​បញ្ហា​​រលាកស្បែក​ក៏​ថយ​ចុះ​ ក៏​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​​រមាស់​កាន់​តែ​ខ្លាំង​ពេល​យប់​។​

រមាស់ស្បែកបញ្ហា​ថ្លើម

៣- វិធីគ្រប់គ្រងអាការៈរមាស់ពេលយប់

អាការៈ​រមាស់​ពេល​យប់​ និងដំណេកចុះខ្សោយ​ មាន​ឥទ្ធិពល​ប៉ះពាល់​ដល់​សុខ​ភាព​ជា​ច្រើន​។​ បញ្ហា​រមាស់​លើ​គ្នា​យើង​​​មាន​ជំងឺ​ ធ្លាប់​ឆ្លង​កាត់​ការ​លាង​ឈាម ​នឹង​កាន់​តែ​កើន​ឡើង​ ១៧% ដែលត្រូវ​ចាត់​ទុក​ជាកត្តាប្រឈមគ្រោះ​ថ្នាក់​ដល់​ជីវិត ព្រោះ​វា​មាន​ទំនាក់​ទំនង​ធ្វើ​ឲ្យ​យើង​គេង​មិន​គ្រប់​គ្រាន់។ ​គេងមិនគ្រប់គ្រាន់ ត្រូវ​ធ្វើ​ជឿ​ថា អាច​ធ្វើ​ឲ្យ​អ័រម៉ូន Grehlin ដែល​អាច​ជំរុញចំណង់​អាហារ កើត​ឡើង​ បណ្តាល​ឲ្យ​យើង​​កើនឡើង​ទម្ងន់​ និង​ធាត់​។​ ត្រលប់​មក​វិញ​ ប្រការ​នេះ ​អាច​នឹង​នាំ​ទៅ​ដល់​ផល​វិបាក ​ដូច​ជា ​ជំងឺ​ទឹកនោមផ្អែម​ ជំងឺ​លើស​ឈាម​ ជំងឺដាច់សរសៃឈាមខួរក្បាល និង​ជំងឺ​ស្លោក​បេះ​ដូង ទៀតផង​។​

មាន​ថ្នាំ​​មិន​ត្រូវ​ការ​វេជ្ជ​បញ្ជា​ រួម​នឹង​ថ្នាំត្រូវ​ការ​វេជ្ជ​បញ្ជា​​សម្រាប់​ព្យាបាល​អាការៈ​រមាស់​ពេល​យប់​ មាន​ដូច​ជា ពពួកថ្នាំ ​ករ​ទីកូ​ស្តេរ៉យ​ (Corticosteroids) ប្រភេទ​លាប​ពី​ក្រៅ​ និង​ពពួក​ថ្នាំ​​ប្រឆាំង​ជាតិ​អ៊ីស្តា​មីន​ (Antihistamines) ជាប្រភេទ​ធ្វើ​ឲ្យ​ងងុយ​ដេក​។​ ថ្នាំ​​ព្យាបាល​ជំងឺ​បាក់ទឹក​ចិត្ត ​ដូច​ជា​ Mirtazapine ក៏ត្រូវ​ពេទ្យ​ឲ្យ​ប្រើ​ដូច​គ្នា ព្រោះវា​មាន​សកម្ម​ភាព​ប្រឆាំង​ជាតិ​អ៊ីស្តា​មីន​ (Antihistamines) បាន​។​ ពពួក​ថ្នាំ​ដទៃ​​ទៀត ត្រូ​វគេ​ប្រើ​ព្យាបាល​អាការៈ​រមាស់​ពេល​យប់​ ​រួម​មាន​ ក្រុមថ្នាំ​ Benzodiazepines ថ្នាំ​​ភ្ញោចជំរុញ​សកម្ម​ភាព​​ ​k-opioid និង​ថ្នាំកែ​ប្រែ​ឥទ្ធិពល​សារធាតុ​ GABA​ នៅ​ក្នុង​រាង​កាយ​ (Gabaergics)​។​

ដោយ​សារ​តែ​ការ​ឡើង​ចុះ​សាធាតុ​​គីមី​ក្នុង​រាងកាយ បង្ក​ឲ្យចង្វាក់​នាឡិកា​ជីវ​សាស្ត្រ​រង​ឥទ្ធិ​ពល​ដោយ​ពន្លឺ​ និង​អ័រម៉ូន​មេឡាតូនីន​ វិធី​​ព្យា​បាល​ដោយ​ពន្លឺ​ភ្លឺ​ និង​ដោយជាតិ​មេឡាតូនីន ត្រូវ​គេ​​លើក​ឡើង​ផង​ដែ ដើម្បី​ដោះ​ស្រាយ​បញ្ហារមាស់​ពេល​យប់​។​ ព្យាបាល​ដោយ​ពន្លឺ​ភ្លឺ ​ទទួល​បាន​ជោគ​ជ័យ ​ដើម្បី​ព្យាបាល​អាការៈរមាស់​ធ្ងន់​ធ្ងរ បង្ក​ដោយ​​ជំងឺ​ខ្សោយ​លំហូរ​ទឹក​ប្រមាត់​ដោយ​សារ​​ស្ទះបំពង់​បង្ហូរ​ទឹក​ប្រមាត់ ​ខណៈ​ថ្នាំ​មេឡាតូនីន ​ប្រភេទ​រលាយ ​និង​បញ្ចេញ​សកម្មភាពយឺតៗ​ ត្រូវ​គេ​រក​ឃើញ​ថា ធ្វើ​ឲ្យ​អាការៈ​រមាស់​ពេល​យប់​លើ​មនុស្ស​ចាស់​ បាន​ប្រសើរ​ឡើង។​

អត្ថបទពាក់ព័ន្ធ៖

៤- ទម្លាប់រស់នៅ​

ក្រៅ​ពីថ្នាំ យើង​នៅ​​តែ​អាច​ដោះ​ស្រាយ​អាការៈ​រមាស់​បាន ដោយ​គ្រាន់​តែ​ផ្លាស់ប្តូរ​ទម្លាប់រស់​នៅ​ដូច​ខាង​ក្រោម៖

– ​ផ្តល់​សំណើម​ស្បែកគ្រប់​គ្រាន់៖​ ​បាត់​បង់​ជាតិ​ទឹក​ឆ្លង​កាត់​ស្រទាប់​ស្បែក​ មាន​ទំនាក់​ទំនងរឿង​​រមាស់​ពេល​យប់​ ចំពោះ​គ្នា​យើង​មាន​ជំងឺ​រលាក​ស្បែក​ដោយ​សារ​​ងាយ​រង​ប្រតិកម្ម​អាលែក​ហ្ស៊ី​។​ ផលិតផល​ផ្តល់​សំណើម​ និង​ផលិតផល​បន្ទន់​ស្បែក​ ​មិនត្រឹម​​តែ​ផ្តល់​សំណើម​ស្បែក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​ផលិត​ស្រទាប់​បិទ​ឲ្យ​ស្ទះ កុំឲ្យ​ស្បែក​ងាយ​ស្ងួត​ទៀត​ផង​។​ ផលិតផល​ផ្តល់​សំណើម​​មានសារធាតុ​ pH ទាប​ អាច​​មាន​ប្រយោជន៍ ​ពិសេស​មាន​មុខងារ​ការពារ​​ស្បែក​បាន​ប្រសើរ​បំផុត​។​

– ងូត​ទឹក​ ឬ​ទឹក​ផ្កា​ឈូក​៖​ ងូត​ទឹក​​ទឹក​ត្រជាក់​ ឬ​ទឹក​សីតុណ្ហភាព​ធម្មតា​មុន​ពេល​គេង​​ ដោយ​ប្រើ​សាប៊ូ​គ្មាន​ជាតិ​ក្រអូប​ លាង​ជម្រះ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ហើយចាំ​លាប​ផលិតផល​ផ្តល់​សំណើម​។​

– ប្រើ​ម៉ាស៊ីន​ផ្តល់​សំណើម៖ ប្រើ​ប្រាស់​ម៉ាស៊ីន​បាញ់​ផ្សែង​ចំហាយ​ទឹក​ រក្សា​សំណើម​ក្នុង​បន្ទប់​ដេក​ ដើម្បី​ធ្វើ​ឲ្យ​ខ្យល់​មាន​សំណើម​។

– ស្អំ​ស្បៃ​ត្រជាក់​ និង​សើម៖ ​អាច​ប្រើ​ប្រាស់​ក្រណាត់​ត្រជាក់​ សើម​ទៅ​លើ​ស្បែក​មុន​ពេល​គេង​។

– បង្កើន​ចរន្ត​ខ្យល់៖ ប្រើ​ប្រាស់​កង្ហារ​ដើម្បី​បង្កើត​លំហូរ​ខ្យល់​ និង​សំឡេង​ក្នុង​បន្ទប់ ដើម្បីបន្លប់​អារម្មណ៍​កុំ​ឲ្យ​គិត​ពី​រឿង​រមាស់។

កុំអេះ៖ ចៀស​វាង​ការ​អេះ ព្រោះ​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​រោល​រាល​។ ​ត្រូវ​កាត់​តម្រឹម​ក្រចក​ ឬ​ពាក់​ស្រោម​ដៃ​។

– ស្លៀក​ពាក់៖ ​សម្លៀក​បំពាក់​គេង ត្រូវ​មាន​ផាសុក​ភាព​ និង​​រលុង​ ដើម្បី​អនុញ្ញាត​ឲ្យ​ស្បែក​ដកដ​ង្ហើម​បាន​។

– សត្វ​ល្អិត៖ ចៀស​វាង​កត្តា​អាច​ភ្ញោចឲ្យ​រមាស់​។ ត្រូវ​ពិនិត្យ​មើល​បន្ទប់​ដេក​ រក​មើល​សត្វ​ល្អិត​ដូច​ជា​​​សង្កើច​ ស្រមោច ឬ​សត្វ​ល្អិត​ផ្សេង​ទៀត​។

– បន្ធូរអារម្មណ៍៖ ព្យាយាម​បន្ធូរ​អារម្មណ៍​ ព្រោះ​អារម្មណ៍​តាន​តឹង ​ធ្វើ​ឲ្យ​អាការៈ​រមាស់​រើ​ឡើង​វិញ​បាន។​ ប្រើថ្នាំ​ ឬ​បច្ចេក​ទេស​បន្ធូរ​អារម្មណ៍​ ដូចជា​ ​នឹកស្រមៃ​​រូប​ភាព​មុន​ពេល​ចូល​គេង​។​ យ៉ាង​ណា ហាមផឹក​ជាតិកាហ្វេអ៊ីន ជំនួស​មក​វិញ​តែ​​គ្មាន​ជាតិ​កាហ្វេ​អ៊ីន ​ដូច​ជា តែ​ស្លឹក​ផ្កា​ Chamomile ឬ​ជី​រអង្កាម​ Peppermint អាច​ធ្វើ​ឲ្យ​យើង​ធូរ​អារម្មណ៍​ស្រួល​មុន​ពេល​ចូល​គេង​​។​ ក៏​អាច​ប្រើ​ប្រេង​ចម្រាញ់​ពី​រុក្ខ​ជាតិ​ដែល​អាច​ជួយ​បន្ធូរ​​អារម្មណ៍​ ដូច​ជា បន្តក់​ប្រេង​ផ្កា​ឡាវេនឌ័រ​ ២-៣ តំណក់​ នៅ​លើ​ខ្នើយ​។​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Patel T, Ishiuji Y, Yosipovitch G. Nocturnal itch: why do we itch at night? Acta Derm Venereol. 2007;87(4):295–8.

Lavery MJ, Stull C, Kinney MO, Yosipovitch G. Nocturnal Pruritus: The Battle for a Peaceful Night’s Sleep. Int J Mol Sci [Internet]. 2016 Mar 22 [cited 2018 Dec 19];17(3). Available from: https://www.ncbi.nlm.nih.gov/pmc/articles/PMC4813276/

https://www.medicalnewstoday.com/articles/319387.php

https://www.mayoclinic.org/diseases-conditions/itchy-skin/diagnosis-treatment/drc-20355010

កំណែ​ប្រែបច្ចុប្បន្ន

26/03/2021

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេះតែរមាស់​ទ្វារ​មាស​ សាក​តិចនិក​ទាំង ៥ នេះ​ អាចជួយបាន!

ចេះ​តែ​រមាស់​ចុង​សុដន់​ ​មក​ពី​​មូលហេតុ​អ្វី​? គួរ​ធ្វើ​ម៉េច​ល្អ​?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Mar 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម