បែកញើសជាធម្មតាគឺជារឿងល្អចំពោះសុខភាព ព្រោះអាចបញ្ចេញជាតិពុលពីក្នុងខ្លួន ធ្វើឲ្យរាងកាយចុះត្រជាក់ ដែលអាចកើតឡើងនៅពេលយើងបញ្ចេញសកម្មភាពច្រើន ឬហាត់ប្រាណ។ ប៉ុន្តែក្នុងស្ថានភាពខ្លះ ការបែកញើសក៏បញ្ជាក់ពីបញ្ហាសុខភាពបានដែរ ពិសេសបើបែកញើសលើសកម្រិត។ អត្ថបទខាងក្រោមនេះ នឹងលម្អិតពីអាការៈបែកញើសឲ្យគ្នាយើងបានដឹងច្បាស់។
១- ហេតុអ្វីបានជាមានញើស?
ញើស កើតចេញពីសកម្មភាពរបស់រាងកាយ ដែលបញ្ចេញដើម្បីជួយរក្សាសីតុណ្ហភាពឲ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ។ ការបែកញើស ជាវីធីមួយរបស់រាងកាយដើម្បីកាត់បន្ថយកម្តៅ នេះជាការអះអាងពីសំណាក់អ្នកឯកទេសសើស្បែក លោកស្រី Patricia Farris ជំនួយការសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យជំងឺសើស្បែក Tulane University ទីក្រុង New Orleans សហរដ្ឋអាមេរិក។
មានហេតុផលមួយចំនួន អាចនាំឲ្យសីតុណ្ហភាពរាងកាយយើងឡើងកម្តៅ ដែលនាំឲ្យក្រពេញញើសនឹងផលិតញើសកាន់តែច្រើនឡើងដើម្បីបញ្ចុះកម្តៅដែលកំពុងកើនឡើង។ ស្ថានភាពនេះ ក៏អាចដោយសារគ្នាយើងខ្លះមានអាការៈគ្រុនក្តៅ ភិតភ័យខ្លាំង ឬហាត់ប្រាណជាដើម។
តាមការអះអាងពីអ្នកឯកទេសសើស្បែកនៃសាលាវេជ្ជសាស្ត្រ Sinai School of Medicine ក្នុងបុរីញូវយ៉ក លោក Eric Schweiger ថាមនុស្សភាគច្រើនបែកញើសកាន់តែខ្លាំងនៅអំឡុងពេលរដូវក្តៅ។ លើសពីនេះ អាហារក៏ដើរតួសំខាន់ធ្វើឲ្យរាងកាយយើងបញ្ចេញញើសកាន់តែច្រើនផងដែរ ពិសេសចំពោះគ្នាយើងចូលចិត្តអាហារហឹរ។
អត្ថបទពាក់ព័ន្ធ៖
- បើលើសឈាម គួរព្យាបាលបែបណា?
- បើមានទឹកនោមផ្អែម ស្ងាត់ៗអាចកើតលើសឈាមទៀត
- ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?
- លើសសម្ពាធឈាម និងសម្ពាធឈាមឡើងខ្ពស់ ដូចគ្នាអត់?
- កើតជំងឺលើសឈាម គួរគេងរបៀបនេះ ទើបមិនដាច់សរសៃឈាម
២- បែកញើសជារឿងប្រក្រតី ឬមិនប្រក្រតី?
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Louis University និងជាប្រធានសមាគមជំងឺបែកញើសលើសកម្រិត (International Hyperhidrosis Society) លោកស្រី Dee Anna Glaser បានប្រាប់ឲ្យដឹងថា ក្នុងចំណោមការបែកញើសដែលចាត់ទុកជាអាការៈធម្មតា គឺវាកើនឡើងដោយសារតម្រូវការរបស់រាងកាយប៉ុណ្ណោះ។
គ្នាយើងភាគច្រើនអាចបែកញើសតិចជាង ១លីត្រក្នុងមួយថ្ងៃ ប៉ុន្តែក៏អាចបើកញើសច្រើនជាងមួយលីត្រក្នុងមួយថ្ងៃដែរ អាស្រ័យទៅលើការងារ ឬសកម្មភាពយើងបានធ្វើ។
សាស្រ្តាចារ្យ Dee Anna Glaser បញ្ជាក់ទៀតថា ក្រៅពីសកម្មភាពរាងកាយ ការបែកញើសក៏អាស្រ័យទៅលើសីតុណ្ហភាពកន្លែងធ្វើការ ឬអគារ ក៏ដូចជាការងារតាមដងផ្លូវជាដើម។ ក្នុងស្ថានភាពអាកាសធាតុក្តៅខ្លាំង ហើយយើងបែកញើសច្រើននោះ អាចចាត់ទុកថាជារឿងធម្មតា។
៣- អ្វីជាបញ្ហាបែកញើសលើសកម្រិត?
បែកញើសលើសកម្រិត ក៏អាចបង្កឡើងដោយសារជំងឺបែកញើស ជាភាសាបច្ចេកទេសហៅថា Hyperhidrosis មានន័យថា ការបែកញើសរបស់យើង គឺច្រើនជាតម្រូវការរបស់រាងកាយ។ ឧទាហរណ៍ បើសុខៗយើងកំពុងអង្គុយលើកៅអីយ៉ាងស្ងប់ស្ងាត់ ស្រាប់តែបែកញើសមានន័យថា យើងមានបញ្ហាបែកញើសលើសកម្រិតមិនខាន។
ជំងឺ Hyperhidrosis កើតឡើងនៅពេលម៉ាស៊ីនបញ្ចុះកម្តៅរបស់រាងកាយធ្វើការហួតកម្រិត ហួសតម្រូវការ ដោយផលិតញើសលើសតម្រូវការពី ៤-៥ ដង ខណៈក្នុងចំណោមមនុស្សទាំងអស់លើពិភពលោក គឺមានប្រមាណ ៣% មានបញ្ហាសុខភាពមួយនេះ។
ទោះជាយ៉ាងណា ដោយសារតម្រូវការបញ្ចេញញើសរាងកាយយើងម្នាក់ៗខុសៗគ្នា វេជ្ជបណ្ឌិតជាច្រើនបានអះអាងថាមិនមានការកំណត់ជាក់លាក់ទៅលើកម្រិតញើសលើស ឬខ្វះនោះទេ ប៉ុន្តែគ្នាយើងភាគច្រើនសុទ្ធតែអាចដឹងពីស្ថានភាពសុខភាពខ្លួនឯងច្បាស់ ពេលណាដែលចាត់ទុកជាការបញ្ចេញញើសមិនប្រក្រតី។
៤- កត្តាអ្វីខ្លះជាមូលហេតុនាំឲ្យបែកញើសលើសកម្រិត?
ភាគច្រើននៃករណីបែកញើសលើសកម្រិត មិនត្រូវបានគេរកឃើញជាក់លាក់ឡើយ នាំឲ្យវេជ្ជបណ្ឌិតជាច្រើនហៅបញ្ហាសុខភាពនេះថា ជំងឺគ្មានមូលហេតុច្បាស់លាស់ ឬ Idiopathic ហើយវាអាចកើតឡើងដោយសារឥទ្ធិពលរបស់ហ្សែន។
សាស្ត្រាចារ្យ Glaser និយាយថា ៥០% ក្នុងចំណោមអ្នកមានបញ្ហាបែកញើសលើសកម្រិត គឺមានទំនាក់ទំនងជាមួយសមាជិកក្រុមគ្រួសារធ្លាប់មានប្រវត្តិបែកញើសលើសកម្រិត ហើយស្ថានភាពសុខភាពមួយនេះ អាចកើតលើមនុស្សទូទៅមិនថាក្មេង ឬចាស់ សូម្បីតែទារកទើបកើត ក៏អាចមានបញ្ហាបែកញើសលើសកម្រិតដូចគ្នា។
យ៉ាងណា វេជ្ជបណ្ឌិតជាច្រើនសុទ្ធតែជឿថា ស្ថានភាពសុខភាព ឬឥទ្ធិពលថ្នាំមួយចំនួន គឺមានទំនាក់ទំនងជាមួយអាការៈបែកញើសលើសកម្រិត ក្នុងនោះមានដូចជា៖
– ជំងឺ Frey’s syndrome ដែលជាលក្ខខណ្ឌសុខភាពមួយធ្វើឲ្យយើងបែកញើសនៅម្ខាងនៃផ្ទៃមុខ ដោយសារតែអាហារមួយចំនួនយើងញ៉ាំជាអ្នកបង្កឥទ្ធិពលនេះ។ វាអាចកើតឡើងក្រោយការវះកាត់ ឬមានរបួសក្បែរក្រពេញទឹកមាត់។
– ការញ៉ាំថ្នាំព្យាបាលបញ្ហាប្រព័ន្ធអង់ដូគ្រីន (Endocrine) ជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត ក៏ជាមូលហេតុនាំឲ្យការបញ្ចេញញើសរបស់រាងកាយលើសកម្រិតដូចគ្នា។
– ការប្រើថ្នាំលើសឈាមជាប្រចាំ ក៏ដូចជាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តមួយចំនួនទៀត សុទ្ធជាមូលហេតុនាំឲ្យញើសកាន់តែច្រើនដូចគ្នា។
– លើសពីនេះ ការបែកញើសលើសកម្រិត ក៏អាចបណ្តាលមកពីការឆ្លងរោគ ជំងឺមហារីក ជំងឺបេះដូង ជំងឺលំពែង ការអស់រដូវ ហើយពេលខ្លះជំងឺស្ត្រូក ក៏ធ្វើឲ្យបែកញើសច្រើនផងដែរ។
៥- ធ្វើម៉េចទើបដឹងថាយើងមានបញ្ហាបែកញើសលើសកម្រិត?
រឿងសំខាន់បំផុតគ្នាយើងត្រូវតែដាក់ក្នុងចិត្ត គឺភាគច្រើននៃបញ្ហាបែកញើសលើសកម្រិតគឺជារឿងធម្មតា មិនមែនជាជំងឺនោះទេ។ ប៉ុន្តែបើយើងបារម្ភខ្លាំង ក៏អាចពិភាក្សាជាមួយពេទ្យ ឬអ្នកជំនាញ ដោយផ្អែកតាមប្រវតិ្តសុខភាពរបស់យើងឲ្យបានត្រឹមត្រូវ។
[embed-health-tool-bmi]