ម៉ាក់ៗអាចនឹងបែកញើសច្រើនជាងធម្មតាអំឡុងពេលមានគភ៌ដោយសារតែការប្រែប្រួលកម្រិតអ័រម៉ូន។ ប៉ុន្តែ ការបែកញើសនេះមិនមែនជារឿងគួរឲ្យបារម្ភឡើយ ហើយយើងអាចដោះស្រាយវាបាន ដោយការអនុវត្តតាមតិចនិកមួយចំនួនខាងក្រោម។
ការបែកញើសខ្លាំងពេលពពោះចាប់ផ្ដើមនៅពេលណា?
ជាទូទៅ ម៉ាក់ៗអាចនឹងបែកញើសនៅអំឡុងពេលមានផ្ទៃពោះ។ ពិតណាស់ ការកើនឡើងសីតុណ្ហភាពរាងកាយនៅពេលពពោះ អាចបណ្ដាលឲ្យយើងបែកញើស។ ចំណែកឯកត្តាមួយចំនួនទៀត ដូចជាការប្រែប្រួលអ័រម៉ូន ការកើនឡើងបរិមាណឈាម និងការឡើងទម្ងន់ក៏អាចនាំឲ្យយើងបែកញើសផងដែរ។
មូលហេតុផ្សេងៗធ្វើឲ្យយើងបែកញើសខ្លាំងអំឡុងពេលមានគភ៌
ស្ត្រីមួយចំនួនអាចជួបប្រទះការបែកញើសនៅអំឡុងពេលថ្ងៃ ខណៈដែលមួយចំនួនទៀតបែកញើសច្រើននៅពេលយប់។ យ៉ាងណាមិញ មូលហេតុទូទៅដែលធ្វើឲ្យម៉ាក់ៗបែកញើសខ្លាំងអំឡុងពេលពពោះមានដូចជា៖
- ការធ្វើមេតាប៉ូលីសកើនឡើង
- ជាតិស្ករក្នុងឈាមទាប
- ជំងឺលើសកម្រិតអ័រម៉ូនទីរ៉ូអ៊ីត
- ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំ
- លំហូរឈាមកើនឡើង
- ការឆ្លងមេរោគ
- កម្រិតអ័រម៉ូនProgesteroneឡើងខ្ពស់
- ការប្រែប្រួលអ័រម៉ូន
- ការឡើងទម្ងន់
- អាកាសធាតុ
- សកម្មភាពរាងកាយ
- ការថប់បារម្ភ
- ការញ៉ាំអាហារហឹរ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
តិចនិកដោះស្រាយបញ្ហាបែកញើសខ្លាំងពេលពពោះ
ទោះបីជាយើងមិនអាចបញ្ឈប់ការបែកញើសនៅអំឡុងពេលពពោះទាំងស្រុងក៏ពិតមែន ម៉ាក់ៗអាចអនុវត្តតិចនិកងាយៗទាំងនេះ ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរ ឬការមិនស្រួលខ្លួនបាន។
១. ជៀសវាងចេញក្រៅនៅពេលអាកាសធាតុក្ដៅ
ម៉ាក់ៗគប្បីជៀសវាងចេញទៅខាងក្រៅ នៅពេលអាកាសធាតុក្ដៅខ្លាំង ដើម្បីកុំឲ្យបែកញើសកាន់តែច្រើន។ មួយវិញទៀត យើងគប្បីហាត់ប្រាណនៅពេលព្រឹក ឬពេលល្ងាច ព្រមទាំងស្លៀកសំលៀកបំពាក់ស្ដើងៗ និងអាចឲ្យខ្យល់ចេញចូលបាន។
២. ផ្លាស់ប្ដូររបបអាហារមួយចំនួន
ជាមួយគ្នានេះដែរ ស្ត្រីពពោះមិនគួរញ៉ាំអាហារហឹរ ឬភេសជ្ជៈក្ដៅនោះទេ ពីព្រោះវាអាចបង្កើនសីតុណ្ហភាពនៅក្នុងរាងកាយ។ ចូរញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹក ក៏ដូចជាអាចកាត់បន្ថយកម្ដៅរាងកាយ។
៣. ព្យាបាលការឆ្លងមេរោគឲ្យបានទាន់ពេលវេលា
ប្រសិនបើយើងមានជំងឺ ឬឆ្លងមេរោគ គួរព្យាបាលឲ្យបានទាន់ពេលវេលា។ មួយវិញទៀត ម៉ាក់ៗអាចពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីបានដឹងច្បាស់ថា ថ្នាំណាមួយដែលយើងប្រើ មានជះឥទ្ធិពលដល់ការបែកញើស។
៤. សង្កេតមើលការប្រែប្រួលផ្សេងៗ
ភាគច្រើន អតុល្យភាពអ័រម៉ូនបណ្ដាលឲ្យបែកញើស អំឡុងពេលមានផ្ទៃពោះ។ ហេតុនេះហើយ យើងគប្បីសង្កេតមើលការផ្លាស់ប្ដូរនៅក្នុងរាងកាយឲ្យបានដិតដល់។
៥. ប្រើប្រាស់ម្សៅហ៊ុយ
បន្ថែមពីនេះ ម៉ាក់ៗក៏អាចប្រើប្រាស់ម្សៅហ៊ុយ ប្រសិនបើមានអាការៈបែកញើសច្រើនជ្រុល។ ទោះបីជាវាមិនអាចកាត់បន្ថយការបែកញើសបាន ប៉ុន្តែម្សៅហ៊ុយអាចស្រូបយកជាតិសំណើមដែលច្រើនជ្រុលបាន។
[embed-health-tool-due-date]