ផ្លែទន្លាប់មានផ្ទុកកាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន A វីតាមីន C វីតាមីន E វីតាមីន K វីតាមីន B6 កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ម៉ាញេស្យូម បេតាការ៉ូទីន ម៉ង់ហ្គាណែស ជាតិដែក ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម នេះបើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ យើងសុទ្ធតែដឹងហើយថា សារធាតុចិញ្ចឹមទាំងអស់នេះល្អចំពោះសុខភាព ចុះចំពោះស្រ្តីមានផ្ទៃពោះយ៉ាងណាដែរ?
ការញុំាផ្លែទន្លាប់អំឡុងពេលមានផ្ទៃពោះផ្តល់អត្ថប្រយោជន៍ដូចជា៖
១. ជំរុញការលូតលាស់គភ៌
ផ្លែទន្លាប់សម្បូរទៅដោយសារធាតុរ៉ែ កាល់ស្យូម និងហ្វូស្វ័រដែលជួយជំរុញការលូតលាស់ឆ្អឹងទារកក្នុងផ្ទៃ និងប្រព័ន្ធសរសៃប្រសាទកណ្តាល។
២. បង្កើនគ្រាប់ឈាមក្រហម
ផ្លែទន្លាប់សម្បូរទៅដោយជាតិដែកអាចការពារហានិភ័យខ្វះគ្រាប់ឈាមក្រហមអំឡុងពេលមានផ្ទៃពោះ។ ការញុំាផ្លែទន្លាប់ក្នុងអំឡុងពេលមានផ្ទៃពោះជួយបង្កើនបរិមាណអេម៉ូក្លូប៊ីន និងការពារផលប៉ះពាល់អវិជ្ជមានពីការខ្វះគ្រាប់ឈាមក្រហមដូចជា អស់កម្លាំង និងវិលមុខ។
៣. ពង្រឹងប្រព័ន្ធការពាររាងកាយ
វីតាមីន A និងការ៉ូទីននៅក្នុងផ្លែទន្លាប់ជួយពង្រឹងសុខភាពភ្នែក និងសាច់ដុំបេះដូង។ ឯវីតាមីន C ជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់ម៉ាក់ៗ។
៤. គ្រប់គ្រងសម្ពាធឈាម
ផ្លែទន្លាប់មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ព្រោះវាមានផ្ទុកម៉ាញ៉េស្យូម។
៥. កាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោម
ម៉ាញេស្យូមនៅក្នុងផ្លែទន្លាប់ជួយកាត់បន្ថយហានិភ័យនៃការកើតក្រួសក្នុងតម្រងនោមអំឡុងពេលមានផ្ទៃពោះ។ វាជួយឱ្យតម្រងនោមម៉ាក់ៗមានសុខភាពល្អ។
៦. ជួយឱ្យគេងស្កប់ និងបំបាត់ភាពតានតឹង
ផ្លែទន្លាប់ផ្ទុកវីតាមីន C ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយភាពតានតឹង ការថប់បារម្ភ ការធ្លាក់ទឹកចិត្ត និងការគេងមិនលក់។
៧. ការពារមហារីក
ផ្លែទន្លាប់ក៏មានសមាសធាតុដូចជាអាស៊ីដ betulinic និង shibuol ដែលអាចប្រឆាំងមហារីក។ ការញុំាផ្លែទន្លាប់អំឡុងពេលមានផ្ទៃពោះការពារម៉ាក់ៗពីហានិភ័យកើតជំងឺមហារីក។
៨. បន្សាបជាតិពុល
ផ្លែទន្លាប់ គឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្សាបជាតិពុលក្នុងរាងកាយ និងថ្លើមអំឡុងពេលមានផ្ទៃពោះ។ ម្យ៉ាងទៀតសារធាតុនេះក៏ជួយបន្សាបរ៉ាឌីកាល់សេរីនៅក្នុងរាងកាយម៉ាក់ៗ និងការពារម៉ាក់ៗ និងទារកក្នុងផ្ទៃពីការបំផ្លាញកោសិកាយ៉ាងមានប្រសិទ្ធភាព។
៩. កាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម
សារធាតុចម្រាញ់ចេញពីសំបកផ្លែទន្លាប់មានប្រសិទ្ធភាពខ្ពស់ក្នុងការជួយជំរុញភាពធន់នឹងអាំងស៊ុយលីន និងជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម។ ដូច្នេះការញ៉ាំផ្លែទន្លាប់អាចជួយម៉ាក់ៗគ្រប់គ្រងជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះបានយ៉ាងល្អ។
ផលប៉ះពាល់
- ផ្លែទន្លាប់អាចបន្ថយសម្ពាធឈាម។ វាអាចធ្វើឱ្យសម្ពាធឈាមទាបកាន់តែអាក្រក់ ឬរំខានដល់ការព្យាបាលសម្ពាធឈាមទាប។
- ស្រ្តីមួយចំនួនអាចអាលែកហ្ស៊ីនឹងផ្លែទន្លាប់។
ផ្លែទន្លាប់សម្បូរទៅដោយកាបូអ៊ីដ្រាត វីតាមីន និងសារធាតុរ៉ែដែលធ្វើឱ្យស្រ្តីមានផ្ទៃពោះមានសុខភាពល្អ និងមានថាមពល។ ជាមធ្យមម៉ាក់ៗអាចញុំាផ្លែទន្លាប់ ១ ទៅ ២ ផ្លែក្នុង ១ ថ្ងៃ ហើយត្រូវញុំាផ្លែទម្លាប់ដែលទុំព្រោះផ្លែទន្លាប់ខ្ចីធ្វើឱ្យពិបាករំលាយ និងមិនសូវមានជីវជាតិដូចអាទុំទេ។
[embed-health-tool-due-date]