ក្នុងអំឡុងពេលពពោះ ទារកក្នុងផ្ទៃត្រូវពឹងផ្អែកលើម៉ាក់ៗដើម្បីទទួលបានសារធាតុចិញ្ចឹមចាំបាច់ក្នុងការលូតលាស់ និងការអភិវឌ្ឍ។ ការទទួលបានសារធាតុចិញ្ចឹមត្រឹមត្រូវ នៅអំឡុងពេលពពោះ មានសារសំខាន់ជាងពេលណាៗទាំងអស់។ ពិតណាស់ របបអាហារដែលមានសារធាតុចិញ្ចឹមច្រើន ដូចជាផ្សិតជាដើម អាចធានាថាម៉ាក់ៗ និងទារកក្នុងផ្ទៃអាចទទួលបានតម្រូវការអាហារូបត្ថម្ភគ្រប់គ្រាន់ក្នុងអំឡុងពេលពពោះនេះជាក់ជាមិនខាន។
ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ
១. តម្រូវការវីតាមីនB
វីតាមីនB មានសារសំខាន់ណាស់អំឡុងពេលពពោះ ពីព្រោះវាអាចជួយឲ្យយើងប្រើប្រាស់ថាមពលដែលបានមកពីអាហារ និងជួយលើកកម្ពស់សុខភាពស្បែក សរសៃប្រសាទ និងការរំលាយអាហារ។ពិតណាស់ ផ្សិតគឺជាប្រភពវីតាមីនBដ៏ល្អ ជាពិសេសគឺRiboflavin, Niacin និងអាស៊ីដPantothenic ហើយផ្សិតខ្មៅ (shiitake mushrooms ) មួយពែង មានផ្ទុកអាស៊ីដPantothenicដល់ទៅ១៧% នៃតម្រូវការប្រចាំថ្ងៃសម្រាប់ស្ត្រីមានផ្ទៃពោះ។
២. តម្រូវការវីតាមីនD
វីតាមីនD គឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយ នៅអំឡុងពេលពពោះ ពីព្រោះវាមានភាពចាំបាច់ក្នុងការជួយឲ្យរាងកាយរបស់ម៉ាក់ៗអាចស្រូបយកជាតិកាល់ស្យូមទៅក្នុងពោះវៀន និងសម្រាប់ការអភិវឌ្ឍឆ្អឹង និងធ្មេញរបស់ទារក។ ជាក់ស្ដែង ប្រភពអាហារសំខាន់ៗដែលផ្ទុកវីតាមីនDមានតិចតួច ហើយផ្សិតគឺជាអាហាររុក្ខជាតិតែមួយគត់ដែលផ្ទុកវីតាមីនប្រភេទនេះ។ ចំពោះផ្សិតខ្មៅត្រឹមតែមួយពែង មានផ្ទុកវីតាមីនDចំនួន១២,៦IU (ប្រហែល០,០១មិល្លីក្រាម)។
៣. តម្រូវការជាតិដែក
នៅពេលដែលបរិមាណឈាមកើនឡើងក្នុងអំឡុងពេលពពោះ រាងកាយរបស់ម៉ាក់ត្រូវការអេម៉ូគ្លូបីនដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែនទៅក្នុងឈាម កាន់តែច្រើនឡើង។ នេះមានន័យថា រាងកាយរបស់យើងត្រូវការជាតិដែកបន្ថែម ពីព្រោះជាតិដែកគឺជាសមាសធាតុអេម៉ូគ្លូបីនដ៏សំខាន់មួយ។ យ៉ាងណាមិញ ទោះបីជាការទទួលបានជាតិដែកចំនួន២៧មិល្លីក្រាមនៅក្នុងរបបអាហារ អំឡុងពេលពពោះ មិនមែនជារឿងងាយស្រួលក៏ពិតមែន ប៉ុន្តែផ្សិតចំបើង១០០ក្រាម មានផ្ទុកជាតិដែកដល់ទៅ១,៤មិល្លីក្រាមឯណោះ។
៤. តម្រូវការសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ
សារធាតុចិញ្ចឹមមួយទៀតនៅក្នុងផ្សិតសម្រាប់ស្ត្រីពពោះ គឺសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម។ រីឯSelenium និងErgothionein ដែលមាននៅក្នុងផ្សិតអាចជួយការពារកោសិការបស់ម៉ាក់ៗពីការបំផ្លាញរបស់រ៉ាឌីកាល់សេរី ព្រមទាំងជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងថែមទៀតផង។ សម្រាប់ជាតិសរសៃដែលមាននៅក្នុងផ្សិត រួមជាមួយនឹងអាហារដែលមានជាតិសរសៃខ្ពស់ដទៃទៀត អាចជួយការពារការទល់លាមក ដែលកើតមានជាទូទៅ នៅអំឡុងពេលពពោះបានយ៉ាងមានប្រសិទ្ធភាព។
[embed-health-tool-due-date]