ជាទូទៅ ស្ត្រីជាច្រើនតែងតែជួបប្រទះបញ្ហាមុន នៅអំឡុងត្រីមាសទី១ និងទី២នៃការពពោះ។ ជាក់ស្ដែង ការកើនឡើងអ័រម៉ូនAndrogens អាចបណ្ដាលឲ្យក្រពេញក្នុងស្បែករីកធំ ព្រមទាំងអាចផលិតជាតិខ្លាញ់ថែមទៀតផង។ ខ្លាញ់ទាំងនេះអាចធ្វើឲ្យស្ទះរន្ធញើស និងបង្កជាបាក់តេរី រលាក ក៏ដូចជាបញ្ហាមុន។ ចំពោះស្រីៗដែលងាយកើតមុន នៅអំឡុងពេលមករដូវ មានឱកាសកើតមុនអំឡុងពេលមានគភ៌ខ្ពស់។ ប៉ុន្តែ មុនដែលកើតមានអំឡុងពេលពពោះ និងក្រោយពេលសម្រាល នឹងបាត់ទៅវិញដោយខ្លួនឯង នៅពេលដែលអ័រម៉ូនរបស់យើងត្រលប់មករកសភាពធម្មតាវិញ។
យ៉ាងណាមិញ ម៉ាក់ៗក៏អាចសាកល្បងរូបមន្តធម្មជាតិទាំងនេះ ដើម្បីកម្ចាត់មុនអំឡុងពេលមានគភ៌ផងដែរ។
១. ម្សៅBaking Soda
ម្សៅ Baking Soda សម្ងួតខ្លាញ់នៅលើស្បែក និងជួយជំរុញឲ្យស្បែកឆាប់ជាសះស្បើយ។ ប៉ុន្តែវាក៏អាចធ្វើឲ្យស្បែករលាក និងកម្ចាត់ខ្លាញ់សម្រាប់ការពារស្រទាប់ស្បែកដ៏សំខាន់ដូចគ្នា។ ដូច្នេះហើយ ម៉ាក់ៗគប្បីប្រើប្រាស់វាសម្រាប់ព្យាបាលត្រង់កន្លែងដែលកើតមុនប៉ុណ្ណោះ។ ចូរលាយម្សៅBaking Sodaមួយស្លាបព្រាបាយ ជាមួយនឹងទឹកមួយស្លាបព្រាបាយ។ បន្ទាប់មក ម៉ាក់ៗគប្បីលាបវាត្រង់ចំណុចដែលកើតមុនតែប៉ុណ្ណោះ ដោយមិនត្រូវលាបសព្វពេញផ្ទៃមុខឡើយ។ ចុងក្រោយ លាងជម្រះចេញ នៅពេលដែលល្បាយនេះស្ងួត។
២. ពពួកផ្លែក្រូច
អាស៊ីដAlpha hydroxy ត្រូវបានរកឃើញនៅក្នុងផ្លែក្រូច ដូចជាក្រូចឆ្មារធម្មតា និងក្រូចឆ្មារពណ៌លឿង។ នៅពេលដែលយើងលាបទឹកក្រូចឆ្មារនៅលើស្បែក វានឹងជួយបញ្ចៀសការស្ទះរន្ធញើស និងកម្ចាត់កោសិកាស្បែកដែលងាប់ចេញ។ សារធាតុastringent និងសារធាតុប្រឆាំងនឹងបាក់តេរី មានប្រសិទ្ធភាពខ្ពស់ក្នុងការជម្រុះកោសិកាចាស់ៗចេញពីស្បែក។
ចូរច្របាច់ទឹកក្រូចឆ្មារ និងលាបវានៅត្រង់ចំណុចដែលកើតមុនដោយប្រើសំឡី (Cotton Ball) និងទុកចោលចំនួន១០នាទី ឬរហូតដល់ស្ងួត ទើបលាបជម្រះចេញជាមួយនឹងទឹកត្រជាក់។
៣. ទឹកឃ្មុំ
ទឹកឃ្មុំមានសារធាតុប្រឆាំងនឹងបាក់តេរី និងមេរោគផ្សេងៗ ហើយវាក៏អាចជួយឲ្យស្បែកត្រលប់មករកសភាពស្រស់ថ្លាជាថ្មីម្ដងទៀត។ ចូរលាងមុខជាមួយនឹងទឹកក្តៅឧណ្ហៗ បន្ទាប់មកលាបទឹកឃ្មុំនៅបរិវេណដែលកើតមុន ដោយទុកចោលប្រហែល២០ទៅ៣០នាទី រួចលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។
៤. ប្រេងដូង
ជាមួយគ្នានេះដែរ ប្រេងដូងផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី និងមេរោគផ្សិត ដែលធ្វើឲ្យស្បែកមានសភាពទន់ល្មើយ និងជ្រាបចូលក្នុងស្បែកបានយ៉ាងល្អ។ ចូរលាបប្រេងដូងសុទ្ធ ជំនួសឲ្យគ្រីមផ្ដល់សំណើម មុនពេលចូលគេង។
តិចនិកថែទាំស្បែកអំឡុងពេលមានគភ៌
ការថែទាំងស្បែកអំឡុងពេលមានគភ៌ មិនមែនជារឿងពិបាកនោះទេ។ សម្រាប់ម៉ាក់ៗដែលចង់បានស្បែកស្រស់ស្អាត ភ្លឺរលោង និងគ្មានមុន ចូរអនុវត្តតាមតិចនិកខាងក្រោមនេះ។
- កុំញេចមុនឲ្យសោះ ពីព្រោះវាអាចធ្វើឲ្យស្បែករលាក និងបន្សល់ស្លាកស្នាម
- ញ៉ាំទឹកឲ្យបានច្រើន ដើម្បីរក្សាស្បែកឲ្យមានសំណើម និងចៀសវាងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនខ្លាំង
- ញ៉ាំអាហារដែលមានសារធាតុចិញ្ចឹម ដូចជាបន្លែ និងផ្លែឈើ
- សម្រាកឲ្យបានគ្រប់គ្រាន់
- ផ្លាស់ប្ដូរស្រោមខ្នើយ និងកន្សែងជូតមុខឲ្យបានញឹកញាប់
- កុំប៉ះមុខ ពីព្រោះវាអាចជាការចម្លងបាក់តេរីមកលើផ្ទៃមុខ
- កក់សក់ជាប្រចាំ ជាពិសេសនៅពេលដែលសក់ឡើងប្រេង និងជៀសវាងសក់ប៉ះទៅនឹងផ្ទៃមុខ។
[embed-health-tool-due-date]