អំឡុងពេលទើបមានផ្ទៃពោះ គឺជាដំណាក់កាលដ៏ពិបាកបំផុតមួយសម្រាប់ស្ត្រីភាគច្រើន។ ការដោះស្រាយបញ្ហានេះឲ្យទាន់ពេលវេលា និងរក្សាសុខភាពឲ្យរឹងមាំ គឺជារឿងសំខាន់បំផុត។ ទោះបីជាការពពោះមានលក្ខណៈខុសៗគ្នា និងផ្ដល់បទពិសោធន៍ប្លែកៗពីគ្នាក៏ពិតមែន ប៉ុន្តែម៉ាក់ៗក៏អាចជួបសញ្ញាទូទៅមួយចំនួនដែរ។
ដូច្នេះហើយ ដើម្បីទទួលបានសុខភាពល្អ នៅអំឡុងពេលទើបមានផ្ទៃពោះ ម៉ាក់ៗគប្បីអនុវត្តវិធីសាស្ត្រខាងក្រោមនេះ។
១. ញ៉ាំអាហារបំប៉ន
ពិតណាស់ អាហារបំប៉នមានអត្ថប្រយោជន៍យ៉ាងច្រើនក្នុងការជួយទ្រទ្រង់រាងកាយ និងការលូតលាស់របស់ទារកក្នុងផ្ទៃ។ ម៉ាក់ៗគប្បីញ៉ាំអាស៊ីដហ្វូលិក ជាប្រចាំ នៅក្នុងត្រីមាសដំបូង ក៏ដូចជាវីតាមីនD អំឡុងពេលពពោះ និងបន្ទាប់ពីសម្រាលរួច។ ពិតណាស់អាស៊ីដហ្វូលិក អាចការពារទារកប្រឆាំងនឹងការខូចទ្រង់ទ្រាយប្រព័ន្ធប្រសាទ រីឯវីតាមីនD អាចជួយដល់សុខភាពឆ្អឹងរបស់ទារកបានល្អប្រសើរ។ ប្រសិនបើម៉ាក់ៗចង់ញ៉ាំអាហារបំប៉នដទៃទៀត ម៉ាក់ៗគប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិន។
២. ធ្វើលំហាត់ប្រាណ
លំហាត់ប្រាណ គឺជាឱសថដ៏ល្អបំផុតសម្រាប់អ្នកម្ដាយគ្រប់រូប។ វាជួយរំសាយភាពហត់នឿយ និងស្រ្តេស ក៏ដូចជាជួយឲ្យយើងគេងលក់ស្រួលជាងមុននៅអំឡុងពេលបីខែដំបូងនៃការពពោះ។ លើសពីនេះ ការហាត់ប្រាណក៏ជួយកាត់បន្ថយការប្រែប្រួលអារម្មណ៍ និងធ្វើឲ្យយើងសម្រាលកូនតាមធម្មជាតិថែមទៀតផង។ ចំពោះម៉ាក់ៗដែលធ្វើចលនាចុះឡើង ជាជាងការអង្គុយនៅមួយកន្លែង នឹងមិនសូវមានអាការៈក្អួតចង្អោរឡើយ។ ដូចនេះ យើងគប្បីចាប់ផ្ដើមពីការធ្វើលំហាត់ប្រាណរយៈពេល៥នាទី បន្ទាប់មក ទើបចាប់ផ្ដើមបន្តធ្វើលំហាត់ប្រាណរយៈពេល៣០នាទី។ ប៉ុន្តែ ម៉ាក់ៗក៏គប្បីពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិន មុនពេលចាប់ផ្ដើមធ្វើលំហាត់ប្រាណណាមួយ។
៣. ញ៉ាំអាហារមានតុល្យភាព
ជាមួយគ្នានេះដែរ នៅអំឡុងពេល៦ខែដំបូងនៃការពពោះ ម៉ាក់ៗមិនត្រូវការកាឡូរីបន្ថែមនោះទេ។ ម៉ាក់ៗត្រូវការកាឡូរីបន្ថែមត្រឹមតែ២០០កាឡូរីប៉ុណ្ណោះនៅត្រីមាសទី៣។ ហេតុនេះហើយ ម៉ាក់ៗគួរញ៉ាំអាហារដែលមានតុល្យភាព រួមមានអាហារធ្វើពីទឹកដោះគោ សាច់ត្រី និងប្រូតេអ៊ីនប្រចាំថ្ងៃ បន្លែ និងផ្លែឈើជាដើម។ បន្ថែមពីនេះ ស្ត្រីពពោះគប្បីរក្សាជាតិទឹកក្នុងខ្លួនគ្រប់ពេលវេលា ដោយការញ៉ាំទឹកផ្លែឈើស្រស់ ឬទឹកធម្មតា យ៉ាងហោចណាស់៨កែវក្នុងមួយថ្ងៃ ដើម្បីបញ្ចៀសបញ្ហាកង្វះជាតិទឹក។
៤. រក្សាអនាម័យមាត់ធ្មេញ
អញ្ចាញធ្មេញរបស់ម៉ាក់ៗអាចនឹងងាយប្រតិកម្ម ព្រមទាំងហើម ដោយសារតែអ័រម៉ូនពេលពពោះ។ ដូចនេះ ការដុសធ្មេញ និងប្រើអំបោះទាក់ធ្មេញជាប្រចាំគឺជារឿងចាំបាច់បំផុត នៅអំឡុងពេលនេះ។ ប្រសិនបើយើងមានអាការៈក្អួតចង្អោរ ចូរដុសសម្អាតធ្មេញ បន្ទាប់ពីក្អួតរួច ពីព្រោះអាស៊ីដអាចបំផ្លាញស្រទាប់ការពារធ្មេញបាន។ ចូរខ្ពុរមាត់ជាមួយនឹងទឹកក្ដៅឧណ្ហៗ និងដុសសម្អាតអណ្ដាតផងដែរ។
៥. គេងឲ្យបានគ្រប់គ្រាន់
កម្រិតអ័រម៉ូនពពោះខ្ពស់នៅត្រីមាសទី១ អាចធ្វើឲ្យម៉ាក់ៗមានអារម្មណ៍អស់កម្លាំងខ្លាំង។ រីឯការឡើងទម្ងន់ និងការគេងនៅក្នុងឥរិយាបថមិនល្អ ក៏រួមចំណែកធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់ដូចគ្នា។ ប្រសិនបើម៉ាក់ៗមិនអាចគេងលក់ស្រួលនៅពេលយប់ ចូរគេងនៅពេលថ្ងៃ ឬឆាប់ចូលគេងជាងមុន។ ក្នុងករណីដែលអាការៈឈឺខ្នងអំឡុងពេលពពោះ រំខានដល់ការគេង ម៉ាក់ៗអាចគេងផ្អៀងមកខាងឆ្វេង និងអង្កុញជើង ព្រមទាំងដាក់ខ្នើយនៅខាងក្រោមពោះ ដើម្បីកាត់បន្ថយសម្ពាធនៅខ្នង។ ម្យ៉ាងវិញទៀត ស្ត្រីពពោះក៏អាចធ្វើលំហាត់ប្រាណពន់ពែនខ្លួន ដកដង្ហើមឲ្យវែងៗ ឬហាត់យូហ្គា ដើម្បីបន្ធូរអារម្មណ៍ ក៏ដូចជាជួយឲ្យយើងគេងលក់ស្រួល។
[embed-health-tool-due-date]