នៅអំឡុងពេលមានគភ៌ របបអាហារល្អៗ ដែលមានជីវជាតិគ្រប់គ្រាន់ពិតជាមានសារសំខាន់ខ្លាំងណាស់។ ផ្លែឈើ និងបន្លែស្រស់ៗជាច្រើន ចាំបាច់ត្រូវបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ស្ត្រីពពោះ។ យើងដឹងហើយថា ផ្លែឈើមួយចំនួនដូចជាផ្លែប៉ោម ចេក ទំពាំងបាយជូរ និងស្វាយ ផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន នៅអំឡុងពេលនេះ។ យ៉ាងណាមិញ តើស្ត្រីពពោះ អាចញ៉ាំផ្លែសាវម៉ាវបានដែរឬទេ? តើវាមានអត្ថប្រយោជន៍ និងផលប៉ះពាល់អ្វីខ្លះ?
អត្ថប្រយោជន៍នៃផ្លែសាវម៉ាវចំពោះស្ត្រីពពោះ
ពិតណាស់ ស្ត្រីពពោះអាចញ៉ាំផ្លែសាវម៉ាវបាន ដោយពុំមានផលប៉ះពាល់អ្វីឡើយ។ ផ្ទុយទៅវិញ វាបែរជាផ្ដល់អត្ថប្រយោជន៍សុខភាពជាច្រើន។ ប៉ុន្តែ ផ្លែសាវម៉ាវដែលទុំជ្រុល អាចមានជាតិអាល់កុល និងអាចបង្កគ្រោះថ្នាក់ដល់ទាំងម្ដាយ និងទារក។ លើសពីនេះ ផ្លែសាវម៉ាវដែលទុំជោរក៏ផ្ទុកជាតិស្ករខ្ពស់ ដែលអាចផ្ដល់ផលប៉ះពាល់ដល់ម្ដាយមានជំងឺទឹកនោមផ្អែមពេលមានគភ៌ផងដែរ។
អត្ថប្រយោជន៍សុខភាពមួយចំនួន ដែលម៉ាក់ៗទទួលបានពីផ្លែសាវម៉ាវ មានដូចជា៖
១. កាត់បន្ថយអាការៈក្អួតចង្អោរ និងវិលមុខ
ចំពោះម៉ាក់ៗមួយចំនួនដែលមានអាការៈចង្អោរ និងវិលមុខនៅគ្រប់ត្រីមាសទាំងអស់ អាចសាកល្បងញ៉ាំផ្លែសាវម៉ាវនេះបាន ពីព្រោះវាអាចកាត់បន្ថយអាការៈទាំងនេះបានយ៉ាងមានប្រសិទ្ធភាព។
២. ប្រភពនៃជាតិដែក
ជាមួយនឹងប្រភពដ៏ល្អនៃជាតិដែក ផ្លែសាវម៉ាវគឺជាអាហារសម្រន់ ដែលអាចជួយរក្សាកម្រិតគ្រាប់ឈាមអេម៉ូគ្លូបីនស្ត្រីពពោះ។ បន្ថែមពីនេះ វាក៏អាចជួយកាត់បន្ថយអាការៈអស់កម្លាំងថែមទៀតផង។
៣. ប្រឆាំងនឹងជំងឺទូទៅ
ជាមួយគ្នានេះដែរ ផ្លែសាវម៉ាវមានផ្ទុកជាតិផូស្វ័រ ដែលអាចជួយក្នុងការរំលាយអាហារ និងកាត់បន្ថយការទល់លាមកបានយ៉ាងស័ក្ដិសិទ្ធិ។ ជាងនេះទៅទៀត វាក៏អាចប្រឆាំងនឹងជំងឺផ្ដាសាយ គ្រុនក្ដៅ ឈឺក្បាល និងជួយឲ្យម៉ាក់ៗមានសុខភាពល្អអំឡុងពេលមានគភ៌។
៤. ប្រភពនៃវីតាមីនE
ផ្លែសាវម៉ាវក៏ជារូបមន្តធម្មជាតិដ៏អស្ចារ្យក្នុងការកម្ចាត់ចោលបញ្ហាស្បែកផ្សេងៗ ដូចជាស្នាមសង្វារ ក្រោយសម្រាលកូន។ វីតាមីនEនៅក្នុងផ្លែសាវម៉ាវក៏អាចជួយបញ្ចៀសភាពចាស់មុនវ័យ មុន រមាស់ស្បែក អំឡុងពេលមានផ្ទៃពោះផងដែរ។
៥. គ្រប់គ្រងសម្ពាធឈាម និងកូលេស្តេរ៉ូល
ផ្លែសាវម៉ាវជួយបង្កើនចរាចរឈាម ដោយគ្រប់គ្រងសម្ពាធឈាម ហើយវាក៏កាត់បន្ថយអាការៈហើមដៃ និងជើងអំឡុងពេលមានគភ៌។
៦. ជួយបន្សាបជាតិពុលក្នុងខ្លួន
សារធាតុពុលដែលមាននៅក្នុងរាងកាយគឺជាមូលហេតុចម្បងមួយដែលធ្វើឲ្យម៉ាក់ៗងាយឈឺ។ ប៉ុន្តែ ផ្លែសាវម៉ាវជួយកម្ចាត់ចោលសារធាតុពុលពីរាងកាយ និងជួយកម្ចាត់ចោលលោហធាតុធ្ងន់នៅក្នុងខ្លួនយើង។
៧. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
ជាធម្មតា ស្ត្រីពពោះមានប្រព័ន្ធភាពស៊ាំទន់ខ្សោយជាងអ្នកដែលគ្មានផ្ទៃពោះ ដែលកត្តានេះធ្វើឲ្យម៉ាក់ៗងាយប្រឈមនឹងជំងឺ ក៏ដូចជាការឆ្លងមេរោគផ្សេងៗ។ ផ្លែសាវម៉ាវមានផ្ទុកស្ពាន់ ដែលជួយសម្រួលដល់ការផលិតកោសិកាឈាមស ដើម្បីប្រឆាំងនឹងអតិសុខុមប្រាណបង្កជំងឺ។
[embed-health-tool-due-date]