តាមចាស់ៗបុរាណយើង អំឡុងពេលពពោះ ម៉ាក់ៗមិនត្រូវធ្វើការធ្ងន់ ឬហាត់ប្រាណលើកដៃលើកជើង ច្រងេងច្រងាងទេ ព្រោះខ្លាចប៉ះពាល់ដល់គភ៌។ ប៉ុន្តែ បើតាមគ្រូពេទ្យ ទោះម៉ាក់ៗពពោះក៏ដោយ ក៏ត្រូវហាត់ប្រាណឲ្យទៀងទាត់ ដើម្បីសុខភាពខ្លួន និងកូនក្នុងផ្ទៃ ហើយបើម៉ាក់ៗហែលទឹកពេលពពោះ ច្បាស់ជាទទួលបានអត្ថប្រយោជន៍ច្រើន។
ហែលទឹកពេលពពោះមានសុវត្ថិភាព ឬអត់?
ម៉ាក់ៗពពោះច្បាស់ជាបារម្ភពីសុវត្ថិភាពខ្លួន និងគភ៌ហើយ តែការហែលទឹកមិនបង្កជាគ្រោះថ្នាក់ណាមួយគួរឲ្យបារម្ភនោះទេ ពោលគឺការហែលទឹកពេលពពោះមានសុវត្ថិភាព ម៉ាក់ៗអាចជ្រើសវាជាទម្លាប់ហាត់ប្រាណបាន។ យោងតាមវេជ្ជបណ្ឌិត Lucky Sekhon ឯកទេសផ្នែកសម្ភព រោគស្ត្រី និងវិបត្តិគ្មានកូន ពន្យល់ថា ហែលទឹក គឺជាកីឡាមួយដែលមានផលប៉ះពាល់ទាប មិនបង្កហានិភ័យដូចជាការដួល ឬរបួសដែលអាចគំរាមកំហែងដល់ទាំងសុខភាពម៉ាក់ៗ និងអាអូនក្នុងផ្ទៃឡើយ។
អត្ថប្រយោជន៍នៃការហែលទឹកពេលពពោះ
- ជួយសម្រួលដល់អាការៈចង្អោរ
- ធ្វើឲ្យរាងកាយត្រជាក់ និងការពារឡើងកម្ដៅ
- កាត់បន្ថយសម្ពាធក្បាលពពោះ និងចង្កេះ ជួយឲ្យម៉ាក់ៗមានអារម្មណ៍ស្រាលខ្លួនជាងមុន
- ធ្វើឲ្យចរន្តឈាមប្រសើរឡើង
- បំបាត់អាការៈហើមដៃ ហើមជើង និងមិនស្រណុកស្រួលលើរាងកាយ
- ពង្រឹងសាច់ដុំពោះ
- ទប់ស្កាត់កើតជំងឺ ចន្លោះសាច់ដុំពោះចំហ
- សម្រួលអាការៈឈឺចុកចាប់ឆ្អឹងខ្នង
- ជួយសម្រួលដល់សុខភាពសរសៃឈាមបេះដូង
- ជួយឲ្យម៉ាក់ៗសម្រាលកូនបានស្រួល
ការហែលទឹកពេលពពោះមិនបង្កគ្រោះថ្នាក់ ថែមទាំងផ្ដល់ប្រយោជន៍ច្រើនដល់ម៉ាក់ៗទៀត។ លើសពីនេះ បើម៉ាក់ៗចូលចិត្តហែលទឹក ម៉ាក់ៗអាចហែលទឹកតាំងពីត្រីមាសទី១ ដល់ត្រីមាសទី៣ ព្រោះវាមានសុវត្ថិភាព ម៉ាក់ៗអាចហែលបានគ្រប់ត្រីមាស។
ផ្ទុយទៅវិញ វេជ្ជបណ្ឌិត Lucky Sekhon ណែនាំឲ្យម៉ាក់ៗប្រុងប្រយ័ត្នបន្ថែមនៅពេលដើរកន្លែងសើម ឬមាត់អាងហែលទឹក ដើម្បីចៀសវាងការរអិល បណ្ដាលឲ្យម៉ាក់ៗដួលអុកគូទជាដើម។
[embed-health-tool-due-date]