backup og meta

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ

ជំងឺ​គេង​មិន​លក់ អាច​កើត​លើ​យើង​គ្រប់​ពេល គ្រប់​វ័យ នាំ​ឲ្យ​ប៉ះពាល់​ច្រើន​ដល់​សុខភាព។ អ្វី​កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង បើ​កើត​លើ​ស្រីៗ​កំពុង​ពពោះ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ឲ្យ​បាន​ច្រើន ទោះ​ធម្មតា​មិន​អាច​ប៉ះពាល់​ដល់​សុខភាព​យើង និង​កូន​ក្នុង​ផ្ទៃ​ក៏​ពិត​មែន ប៉ុន្តែ​ក៏​មិន​ត្រូវ​ព្រងើយ​កន្តើយ​ដែរ។ បើស្រីៗយើងកំពុងពពោះ ហើយជួប​បញ្ហា​នេះ​អាច​សាកដោះ​ស្រាយ​តាម​វិធី​ក្នុង​អត្ថបទ​នេះ​បាន។

១- គេង​មិន​លក់​ពេល​ពពោះ​កើត​ឡើង​នៅ​ពេល​ណា?

ជាធម្មតា​ បញ្ហា​ដំណេក​តែង​កើត​មាន​គ្រប់​ពេល​ចំពោះ​ស្រីៗ​កំពុង​ពពោះ ប៉ុន្តែ​តាម​បទ​ពិសោធន៍​ម៉ាក់ៗ​ជាច្រើន ជំងឺ​គេង​មិនលក់​ពេល​ពពោះ អាច​ចាប់​ផ្តើម​ចន្លោះ​ត្រីមាសទី២ និង ទី៣ នៃ​ការ​ពពោះ ហើយ​ក៏​ជា​អំឡុង​ពេល​រោគ​សញ្ញា​ពពោះ​ផ្សេង​ទៀតចាប់​ផ្តើម​កើត​មាន​ ព្រោះ​ជា​ពេល​គភ៌​កំពុង​លូតលាស់​កាន់​តែ​ខ្លាំងនាំ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​គេង។

២- គេង​មិន​លក់​ពេល​ពពោះ​គ្រោះ​ថ្នាក់​ដែរ​ទេ?

បញ្ហា​គេង​មិន​លក់​ពេល​ពពោះ ​មិន​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​យើង និង​កូន​ទេ អ៊ីចឹង​ក៏​មិន​ចាំ​បាច់​បារម្ភ​ខ្លាំង​ពេក​នោះ​ដែរ។ ពេល​ខ្លះ​ស្រីៗយើង​​កុំ​ខ្វាយ​ខ្វល់​ច្រើន​ពេក ព្រោះថាការមិនខ្វាយខ្វល់​ច្រើន ក៏​ជួយ​ឲ្យ​យើង​អាច​គេង​លក់​ដូច​ធម្មតា​វិញ​​បាន។

៣- កត្តា​អ្វី​ខ្លះ​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ?

មាន​កត្តា​ស្មុគស្មាញ​ជាច្រើន​រួម​បញ្ចូល​គ្នា ដែល​អាច​បង្ក​ទៅ​ជា​បញ្ហា​គេង​មិន​លក់​ពេល​ពពោះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង៖

– បម្រែបម្រួល​អ័រម៉ូន

– តម្រូវ​ការ​ទៅ​បន្ទប់​ទឹក​ញឹកញាប់

– បញ្ហា​ក្រហាយ​ទ្រូង​ពេល​ពពោះ

– រមួល​ក្រពើ

– ការ​ធ្វើ​មេតាប៉ូលីស​ក្នុង​រាងកាយ​នាំ​ឲ្យ​ឡើង​កម្តៅ

– គេង​មិន​ស្រណុក ដោយ​សារ​តែ​ភគ៌​ក្នុង​ផ្ទៃ​កាន់​តែ​ធំ និង​កម្រើក

– បញ្ហា​ថប់​បារម្ភ​មុន​សម្រាល។

អត្ថបទ​ពាក់ព័ន្ធ៖

៤- គេង​មិន​លក់​ពេល​ពពោះ​គួរ​ធ្វើ​ម៉េច?

បញ្ហា​ថប់បារម្ភ​មួយ​ចំនួន​ ដូចជា​ការមាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​ចំពោះ​ការ​សម្រាល​កូន ជា​កត្តា​ចម្បង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណេក និងក៏​ជា​កត្តា​នាំ​ឲ្យ​ស្រីៗ​ភាគ​ច្រើន​គេង​មិន​លក់​ស្រួល រើ​ខ្លួន​ចុះ​ឡើង​ពេញ​មួយ​យប់ដែរ។ បើ​យើង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ការ​សម្រាល ក៏​មិន​មែន​ជា​រឿង​ចម្លែក ព្រោះ​ស្រីៗ​ពពោះ​ភាគ​ច្រើន​តែង​មាន​បញ្ហា​នេះ ប៉ុន្តែ​បើ​បញ្ហានេះ​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់ ឬគេង​មិន​គ្រប់​គ្រាន់ គួរ​សាក​ល្បង​ដោះ​ស្រាយ​តាម​វិធី​សាស្ត្រ​ខាង​ក្រោម​នេះ​បន្តិច​លមើល៍។

– ក្រោក​ឡើង៖ បើ​ព្យាយាម​គេង​ប្រមាណ ២០-៣០ នាទី ហើយបើ​នៅ​តែគេងមិន​លក់ អាច​ក្រោក​ទៅ​ធ្វើ​អ្វី​យើង​គិត​ថាមិន​ទាន់​ធ្វើ​រួច​កាល​ពី​ល្ងាច (ចំណាយ​ត្រឹម ១៥នាទី​បានហើយ) ហើយ​ព្យាយាម​ត្រឡប់​មក​គេង​វិញ ប្រហែល​ជា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្វើយ​ជាង​មុន ងាយ​គេង​លក់​ស្រួល។

– កុំគិត​ពី​ចំនួន​ម៉ោង​យើង​គេង​អី៖ គិត​ថា ពេល​វេលា​គេង​សម្រាប់​យើង​ទូទៅ ៨ម៉ោង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​គ្នា​យើង​ខ្លះ​អាច​នឹង​មាន​តម្រូវ​ការ​គេង​ច្រើន ឬ​តិច​ជាង​នេះ។ អ្វី​ល្អ​បំផុត សួរ​ខ្លួន​យើង​មាន​អារម្មណ៍​ស្រួល​ខ្លួន ឬ​យ៉ាង​ណា​ជាមួយ​រយៈ​ពេល​យើង​គេង។ បើយើង​គ្មាន​អារម្មណ៍​ល្វើយ អស់​កម្លាំង​ទេ​នោះ មាន​ន័យ​ថា​យើង​គេង​គ្រប់​​គ្រាន់​​ហើយ។​

អត្ថបទ​ពាក់ព័ន្ធ៖

៥- យើងអាច​បង្ការបញ្ហា​គេង​មិន​លក់​ពេល​ពពោះ​បាន​អត់?

គ្នា​យើង​ប្រហែល​ជា​មិន​អាច​ចៀស​ផុត​ពី​បញ្ហា​គេង​មិនលក់​ពេល​ពពោះ​ក៏​ពិត​មែន ប៉ុន្តែ​យើងអាច​កាត់​បន្ថយ​បាន​តាម​រយៈ​តិចនិក​ខាង​ក្រោម​នេះ៖

– កម្ចាត់​អារម្មណ៍​ស្មុគ​ស្មាញ​ចេញ​ឲ្យ​អស់

– កុំ​ផឹក​កាហ្វេ ឬញ៉ាំសូកូឡា ពិសេស​នៅ​ពេល​រសៀល និង​ពេល​ល្ងាច

– ញ៉ាំ​អាហារ​ពី​ព្រលប់ អាច​ជួយ​ឆាប់​ងងុយ​គេង​បាន

– ញ៉ាំ​អាហារ​សម្រន់​ខ្លះ​ដែល​ជួយ​ឲ្យ​យើង​ឆ្អែត​ពេញ​មួយ​យប់

– ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ពេញ​មួយ​ថ្ងៃ ប៉ុន្តែ​ពេល​ល្ងាច​កុំផឹក​ច្រើន​ពេក ព្រោះ​ធ្វើ​ឲ្យ​ក្រោក​ទៅ​បង្គន់​ច្រើន​ដង

– ហាត់​ប្រាណ​អំឡុងពេល​ពពោះ​ជា​រឿង​ល្អ បាន​ទាំង​សុខភាព និង​ជួយ​ដល់​ការ​គេង​ស្កប់​ស្កល់

– គេង​ឲ្យ​បាន​ទៀង​ពេល ដើម្បី​នាឡិកា​ក្នុង​រាងកាយ​​អាច​កំណត់​ពេល​គេង​ច្បាស់​លាស់

– កុំ​មើល​អេក្រង់​ឧបករណ៍​អេឡិច​ត្រូនិក​ពេល​ចូល​គេង ព្រោះ​ពន្លឺ​របស់​ចេញពីឧបករណ៍ទាំងនេះនឹង​រំខាន​ដល់​ភាព​ងងុយ​គេងបាន

– ពិនិត្យ​សីតុណ្ហភាព​បន្ទប់​ឲ្យ​បាន​ត្រឹម​ត្រូវ ត្រជាក់​ល្មម​មាន​ផាសុកភាព​ពេល​គេង

– ប្រើ​ខ្នើយ​ជំនួយ​សម្រាប់​ស្រីៗ​ពពោះ អាច​ធ្វើ​ឲ្យ​ការ​គេង​កាន់​តែ​ស្រួល

– ប្រើ​ក្លិន​ក្រអូបៗ​ក្នុង​បន្ទប់ កម្រាល​ពូក ភួយ និង​ខ្នើយ ពិសេស​ក្លិន​ផ្កា​ឡាវេនឌឺ អាច​ជួយ​ឲ្យ​យើង​ឆាប់​គេង​លក់​បាន។

៦- ថ្នាំ​ជំនួយ​ការ​គេង​មាន​សុវត្ថិភាព​អំឡុង​ពេល​ពពោះ​អត់?

ថ្នាំ​ងងុយ​គេង​មួយ​ចំនួន ត្រូវ​គេ​ជឿ​ថា​មាន​សុវត្ថិភាព​ប្រើ​ប្រាស់​អំឡុង​ពេល​ពពោះ រាប់​បញ្ចូល​ទាំង​ថ្នាំ Unisom, Tylenol PM, Sominex, Nytol, Ambien និង​ថ្នាំ Lunesta ជាដើម។ យ៉ាង​ណា គ្នា​យើង​មិន​គួរ​ប្រើ​ប្រាស់​ថ្នាំ​ជំនួយ​ការ​គេង​អំឡុងពេល​ពពោះ​នោះ​ទេ (ទាំង​ថ្នាំ​មាន​វេជ្ជបញ្ជា និង​ឱសថ​បុរាណ) បើសិនជា​មិនមាន​វេជ្ជបញ្ជា។

អត្ថបទពាក់ព័ន្ធ៖

ពេល​ខ្លះ ពេទ្យ​អាច​ណែនាំ​យើង​ឲ្យ​ញ៉ាំ​ថ្នាំ​បំប៉ន​ម៉ាញ៉េស្យូម ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក និង​រមួល​ក្រពើ​បាន។ បើ​យើង​មាន​បញ្ហា​គេង​មិន​លក់​ដោយ​បញ្ហា​ទាំង​ពីរ​នេះ មុន​ចូល​គេង​អាច​ញ៉ាំ​ថ្នាំ​បំប៉ន​ម៉ាញ៉េស្យូម​បាន ព្រោះ​អាច​សម្រួល​សាច់​ដុំ និង​ការ​គេង​បាន​ស្រួល។

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Insomnia During Pregnancy

កំណែ​ប្រែបច្ចុប្បន្ន

26/05/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

គន្លឹះខ្លឹមៗ ថែទាំខ្លួនចំពោះម៉ាក់ៗកំពុងពពោះចំរដូវរងា

ម៉ាក់សម័យថ្មី ពេលពពោះកុំជឿជំនឿ​តៗគ្នា​ទាំង​នេះអី ប្រយ័តុ្នគ្រោះថ្នាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ May 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម