ក្រោយស្ត្រីសម្រាលកូនរួច ចាស់ៗខ្លះនៅប្រកាន់ខ្ជាប់ទំនៀមទម្លាប់បែបបុរាណ ដោយហាមឃាត់ ឬតម្រូវឲ្យធ្វើនេះធ្វើនោះ ដើម្បីបង្ការទាស់កូនខ្ចី។ តើក្រោយសម្រាលកូនពិតជាមានអាការៈទាស់មែនទេ? លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រី បានឲ្យដឹងថា ស្ត្រីស្គមរីងរៃ គ្មានទឹកដោះឲ្យកូនបៅ ឬជួបបញ្ហាសុខភាពផ្សេងក្រោយសម្រាលកូន ភាគច្រើនបណ្តាលមកពីកង្វះអាហារូបត្ថម្ភ និងគ្មានអនាម័យពេលសម្រាលជាដើម។ ខាងក្រោមនេះ គឺជាប្រភេទនៃការទាស់ និងមូលហេតុ៖
១- ទាស់បែកស្រកា
ការទាស់បែបនេះ អាចបណ្តាលមកពីការញ៉ាំអាហារគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលធ្វើឲ្យស្បែកស្ងួត ឬបែកស្រកា។
២- ទាស់មានអាការៈគ្រុន
ភាគច្រើនការទាស់បែបនេះ អាចបណ្តាលមកពីការសម្រាលគ្មានអនាម័យត្រឹមត្រូវ នៅផ្ទះ ឬឆ្មបបុរាណ ព្រោះដៃឆ្មបដែលគ្មានជំនាញមិនស្អាត ដែលធ្វើឲ្យមេរោគចូលទៅក្នុងស្បូន ឬការយកសុកចេញមិនអស់ជាដើម។
៣- ទាស់ដំណេក
ក្រោយពេលសម្រាលកូនហើយភ្លាម ស្ត្រីគ្រប់រូបត្រូវតមរួមភេទពី១ខែកន្លះ ទៅ៣ខែ ដើម្បីឲ្យស្បូនត្រលប់មកភាពដើមវិញ។ ប៉ុន្តែប្រសិនស្ត្រីរួមភេទ ខណៈស្បូនមិនទាន់ជាសះស្បើយ អាចបណ្តាលឲ្យរបួសក្លាយ ហើយកើតអាការៈផ្សេង។
៤- ទាស់មានសភាពស្គមរីងរៃ
ការទាស់បែបនេះ អាចបណ្តាលមកពីស្ត្រីតមអាហារជ្រុល ធ្វើឲ្យរាងកាយមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយរាងកាយប្រែជាគ្មានសាច់ឈាមឡើយ។
៥- ទាស់ស្ពឹកអវយវៈ
ទាស់ប្រភេទនេះភាគច្រើនកើតមាននៅលើជើងខាងឆ្វេង ហើយរីករាលដាលទៅខាងស្កាំ និងដៃទាំង ២ តែម្តង។ អាការៈទាស់បែបនេះក៏អាចបណ្តាលមកពីមូលហេតុដូចចំណុចទី ២ ដែរ គឺការសម្រាលគ្មានអនាម័យត្រឹមត្រូវ ដែលធ្វើឲ្យមេរោគជ្រៀតចូលទៅក្នុងសរីរាង្គបន្តពូជ។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗក្រោយសម្រាលមិនធ្វើអ្វីសោះ ពិតជាល្អចំពោះសុខភាពដូចចាស់ៗថាមែនអត់?
- ម៉ាក់ៗធ្លាប់សម្រាលដោយវះកាត់ ពពោះលើកក្រោយអាចប្រឈមបញ្ហាប៉ុន្មាននេះ
- គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន
- ម៉ាក់ៗឈឺស្បូនក្រោយសម្រាលរួច គួរស្អំទឹកក្តៅ ឬទឹកកកទេ?
- មូលហេតុបណ្ដាលឲ្យឈឺឆ្អឹងខ្នង ក្រោយវះកាត់សម្រាលកូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]