ម៉ាក់ៗកំពុងពពោះភាគច្រើនមានការប្រុងប្រយ័ត្នខ្ពស់ណាស់ មិនហ៊ានធ្វើអ្វីខ្លាំងៗទេ ព្រោះខ្លាចមានបញ្ហាទៅដល់កូនជាទីស្រលាញ់នៅក្នុងផ្ទៃ។ តែជាអកុសល មានស្ត្រីមួយចំនួនជួបប្រទះនឹងបញ្ហារលូតកូនដោយខ្វះការប្រុងប្រយ័ត្ន ហើយមានស្ត្រីមួយចំនួនទៀតត្រូវបង្ខំរំលូតដោយសារកូនក្នុងផ្ទៃមានបញ្ហា ឬដោយហេតុផលផ្ទាល់ខ្លួនមួយចំនួន។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ហេតុអ្វីបានជាស្ត្រីត្រូវបង្ខំចិត្តរំលូតកូនចេញ?
លោកវេជ្ជបណ្ឌិតថា ការដែលស្ត្រីត្រូវរំលូតកូនចេញអាចមកពីមូលហេតុ២ ទី១ កត្តាវេជ្ជសាស្ត្រ និងទី២ កត្តាបុគ្គល។
កត្តាវេជ្ជសាស្ត្រ
– ជួនកាលស្បូនស្ត្រីមានផ្ទៃពោះមិនអំណោយផល សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ដូចនេះហើយទារកក្នុងផ្ទៃចាំបាច់ត្រូវតែរំលូត។
– ក្នុងករណីមួយទៀត គ្រោះថ្នាក់មានទំហំធំធេងចំពោះទារកក្នុងផ្ទៃ នាំឲ្យការរំលូតកូនគួរតែពិចារណាដោយអ្នកជំនាញសុខភាព។
– ករណីនៃជំងឺតំណពូជអាចនឹងបង្កផលវិបាកដល់ជីវិតទារក ក្រោយពេលកើត។ សភាពមិនប្រក្រតីនេះអាចត្រូវបានបញ្ជាក់ឲ្យឃើញច្បាស់ តាមរយៈការធ្វើតេស្តឈាម។ ប្រសិនលទ្ធផលនៃការធ្វើតេស្តចេញមកមិនល្អ ត្រូវរំលូតកូនចេញ។
– ជួនកាលការលូតលាស់ធំធាត់នៃទារកក្នុងផ្ទៃបង្កភាពស្មុគស្មាញដល់សុខភាពម្ដាយ ដែលនាំឲ្យម្ដាយបាត់បង់ជីវិត។ ក្នុងករណីនេះ ស្ត្រីអាចជ្រើសរើសការរំលូតកូន ដើម្បីសង្គ្រោះជីវិតខ្លួន។
-រូបរាងកាយ ឬអវយវៈរបស់ទារកក្នុងផ្ទៃមានលក្ខណៈមិនប្រក្រតី អាចនឹងបង្កផលវិបាកដល់អាយុជីវិតទារក ក្រោយពេលកើត ដែលមើលតាមរយៈអេកូសាស្ត្រ។
កត្តាបុគ្គល
– ស្ត្រីមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការរកប្រាក់ ដើម្បីមើលថែទាំទារក និងផ្គត់ផ្គង់ខ្លួនឯង។
-ស្ត្រីរំលូតកូនដោយសាររងសម្ពាធពីប្ដី ដែលមិនចង់បានកូន ឬត្រៀមខ្លួនដើម្បីធ្វើជាឪពុកកូនបាន ឬមានបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារ។
-ស្ត្រីមានផ្ទៃពោះក្នុងពេលដែលមិនមានប្ដី ត្រូវរំលូតកូនចោល ដោយរងការបង្ខិតបង្ខំពីឪពុកម្ដាយ ឬខ្លាចរងការរិះគន់ពីសង្គម។ បុគ្គលម្នាក់ៗ អាចសម្រេចចិត្តរំលូតកូនចេញ ទៅតាមហេតុផលដែលយល់ឃើញរបស់បុគ្គលខ្លួនឯងផ្ទាល់។
ពេលរំលូតកូន ស្ត្រីអាចប្រឈមនឹងផលវិបាកអ្វីខ្លះ?
ច្បាស់ហើយថា ការរំលូតកូនចេញនឹងផ្ដល់ផលវិបាកទៅដល់ស្ត្រីដូចជា៖
- ការហូរឈាមតាមទ្វារមាស អំឡុងពេលរំលូត ធ្លាយស្បូន ស្អិតស្បូន គ្មានកូនទៅថ្ងៃក្រោយ ឬកូនក្រៅស្បូន និងករណីបង្ករោគ
- មានបញ្ហាសុក ដូចជាការសល់សុកជាដើម
- កូនបន្ទាប់ អាចឲ្យកំណើតកូនមិនគ្រប់ខែ
- មានកូនដែលមានទម្ងន់តិចពេក ឬក៏រលូត។
ជាមួយគ្នាដែរ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្នុងករណីដែលស្ត្រីបានរំលូត ហើយមានការព្រួយបារម្ភពីផលប៉ះពាល់អាចទៅរួចទៅលើការមានផ្ទៃពោះពេលក្រោយ ស្ត្រីគួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬពេទ្យជំនាញផ្នែកសម្ភព និងរោគស្ត្រី ដើម្បីចៀសវាងហានិភ័យផ្សេងៗ។
អត្ថបទពាក់ព័ន្ធ៖
- ពេលពពោះស្រាប់តែមានបញ្ហាមិនប្រក្រតី រំលូត និងទុកដល់សម្រាល មួយណាល្អជាង?
- រឿងសំខាន់ស្រីៗត្រូវដឹងដើម្បីសុវត្ថិភាព ក្រោយលេបថ្នាំរំលូតកូន
- ស្រីៗរំលូតកូន អាចប៉ះពាល់ដល់កូនក្រោយៗ ហើយប្រឈមកើតជំងឺធ្ងន់ៗ
- អាហារចាំបាច់បំផុតក្រោយរំលូតកូន
- ក្រោយរលូតកូនប៉ុន្មានថ្ងៃ ទើបអាចគេងនៅជាមួយគ្នាបានវិញ?
- ស្រីៗគួរតែស្វែងយល់ពីថ្នាំរំលូតកូនសិន មុននឹងសម្រេចចិត្តជ្រើសវិធីនេះ
[embed-health-tool-pregnancy-weight-gain]