ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
រាល់សកម្មភាពដែលម៉ាក់ៗពពោះធ្វើក្នុងការរស់នៅប្រចាំថ្ងៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ បើមិនចង់ឲ្យមានបញ្ហាទៅដល់ទាំងម្ដាយ និងកូន។ ម៉ាក់ៗមានផ្ទៃពោះ ចាំបាច់ត្រូវមានរបៀបរបបក្នុងការរស់នៅបានល្អ ទើបធានាបាននូវការពពោះដោយរលូន គ្មានបញ្ហាយើងមិនចង់បានមកយាយីសុខភាព។
បើតាមលោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានពន្យល់ឲ្យដឹងថា ស្ត្រីពពោះមួយចំនួនធំ បានយល់ដឹងពីការថែទាំសុខភាពបានល្អហើយ ប៉ុន្តែនៅមានមួយចំនួនទៀតដែលនៅមិនទាន់យល់ច្បាស់នៅឡើយ ជាពិសេស ម៉ាក់ៗពពោះទៅតាមជនបទ។ ហេតុនេះហើយ ទើបលោកចែករំលែកគន្លឹះ នៃរបៀបរបបរស់នៅរបស់ស្ត្រីពពោះ ដើម្បីធានាបានសុខភាពល្អដូចខាងក្រោម៖
១. ការងារ
– ជាទូទៅ ការងារមិនមានផលប៉ះពាល់លើការវិវត្តន៍របស់គភ៌នោះទេ លើកលែងការងារមួយចំនួនដែលប្រឈមនឹងការឆ្លងជំងឺ សារធាតុដែលប៉ះពាល់ដល់គភ៌ ឬតម្រូវឲ្យធ្វើដំណើរឆ្ងាយ (នៅពេលស្ត្រីមានសញ្ញាគំរាម សម្រាលមិនគ្រប់ខែ)
– ស្ត្រីពពោះអាចនឹងតម្រូវឲ្យឈប់សម្រាក ឬផ្អាកពីការងារមួយរយៈ ក្នុងករណីមួយចំនួន (គំរាមរលូត សម្រាលមិនគ្រប់ខែ ធ្លាក់ឈាម ឬបែកទឹកភ្លោះមុនថ្ងៃសម្រាល)។
២. ហាត់ប្រាណ
– ការដើរ ការហែលទឹក ការពត់ខ្លួន ឬហាត់យ៉ូហ្គា អាចជួយឲ្យស្ត្រីមានសុខភាពល្អ និងគ្រប់គ្រងជាតិស្ករបានល្អ (កាត់បន្ថយការឡើងទម្ងន់ជ្រុល និងបន្ថយជំងឺទឹកនោមផ្អែមលើម៉ាក់ៗពពោះ)។
៣. រួមភេទ
– ការរួមភេទ អាចបន្តធម្មតា បើស្ត្រីមិនមានបញ្ហា ធ្លាក់ឈាម សុកពាំងមាត់ស្បូន ឬការកន្ទ្រាក់ស្បូន។ល។
៤. ធ្វើដំណើរ
– ការធ្វើដំណើរ ម៉ាក់ៗគួរចៀសវាងរាល់ការធ្វើដំណើរឆ្ងាយ ឬផ្លូវរលាក់ ពិសេសកន្លែងដាច់ស្រយាលដែលមិនមានមណ្ឌលសុខភាព ពិសេសសម្រាប់ស្ត្រីដែលមានប្រវត្តិរលូតកូន ឬឈឺពោះសម្រាលមុនខែ។
ក្រៅពីរបៀបនៃការរស់នៅខាងលើនេះ លោកបញ្ជាក់ថា ម៉ាក់ៗក៏ត្រូវប្រយ័ត្នចំពោះអាហារដែលញ៉ាំរៀងរាល់ថ្ងៃដែរ។ ម៉ាក់ៗត្រូវការសារធាតុចិញ្ចឹមច្រើន ដើម្បីទ្រទ្រង់ទាំងសុខភាពម្ដាយ និងគភ៌ ជាពិសេស ពពួក ជាតិដែក វីតាមីនផ្សេងៗ ជាតិកាល់ស្យូម ក៏ដូចជា អាស៊ីដហ្វូលិក ជាដើម។
[embed-health-tool-pregnancy-weight-gain]