ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
អំឡុងពេលមានផ្ទៃពោះ ប្រាកដណាស់ស្ត្រីពិបាកក្នុងការគេងនៅពេលដែលពោះកាន់តែធំ ករណីខ្លះអាចធ្វើឲ្យស្ត្រីគេងមិនគ្រប់គ្រាន់ ប៉ះពាល់ដល់ការលូតលាស់គភ៌ទៀតផង។ ដូច្នេះហើយ តើស្ត្រីពពោះគួរគេងក្នុងទម្រង់បែបណាទើបមានផាសុកភាព មិនប៉ះពាល់គភ៌?
នៅក្នុងត្រីមាសទី១ ស្ត្រីពពោះមិនសូវជាមានបញ្ហាចោទរឿងគេងប៉ុន្មានទេ ដោយសារពោះនៅតូច អាចគេងផ្ងារ គេងផ្កាប់ ឬផ្អៀង ទៅតាមចំណង់ចំណូលចិត្ត។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ។
ប៉ុន្តែចាប់ពីត្រីមាសទី២ ទៅ ម៉ាក់ៗត្រូវទម្លាប់គេងផ្អៀង ព្រោះកូនក្នុងផ្ទៃកាន់តែធំបន្តិចម្តងៗ បើសិនជាយើងគេងទម្រង់ផ្សេងពីនេះមិនសូវមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃនោះទេ អាចធ្វើឲ្យកូនស្លាប់ក្នុងពោះ (ភាគរយតិចតួច)។
គេងផ្អៀងល្អចំពោះស្ត្រីមានផ្ទៃពោះ? តើគួរគេងផ្អៀងទៅខាងស្តាំ ឬខាងឆ្វេង?
លោកវេជ្ជបណ្ឌិតឆ្លើយថា គេងផ្អៀងទៅខាងឆ្វេងជាជម្រើសល្អបំផុត ការគេងក្នុងទម្រង់បែបនេះមានសុវត្ថិភាពចំពោះគភ៌ អាចបង្កើនលំហូរឈាមទៅខួរក្បាល កាត់បន្ថយអាការៈវិលមុខ ងងឹតមុខ ហើយដើម្បីឲ្យការដេកចំហៀងកាន់តែមានភាពងាយស្រួល ស្ត្រីពពោះអាចដាក់ខ្នើយមួយពីក្រោយខ្នង និងខ្នើយមួយទៀតនៅក្រោមត្រគាក។ ការគេងផ្អៀងទៅខាងឆ្វេងអាចកាត់បន្ថយសម្ពាធទៅថ្លើម និងតម្រងនោម ជួយកាត់បន្ថយអាការៈហើមដៃ ជើង និងជង្គង់ផងដែរ។
[embed-health-tool-pregnancy-weight-gain]