មានផ្ទៃពោះជាពេលវេលាអស្ចារ្យសម្រាប់ស្រីៗគ្នាយើង ហើយវាក៏ជាពេលវេលាមួយទាមទារការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។ អំឡុងពេលនេះ ស្រីៗគ្នាយើង គួរបោះបង់ចោលទម្លាប់អាក្រក់ណាមួយដែលអាចជះឥទ្ធិពលមិនល្អដល់សុខភាពយើង និងកូន។ អត្ថបទនេះ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីទម្លាប់មិនល្អទាំង ៥ ហាមដាច់ខាតកុំធ្វើអំឡុងពេលពពោះ។
១- កុំគេចវេសមិនចង់ទៅជួបពេទ្យ
រឿងទៅជួយគ្រូពេទ្យ គ្មាននរណាម្នាក់ចង់នោះទេ ព្រោះមិនមែនជារឿងសប្បាយទេ នៅពេលទៅជួយមនុស្សយើងមិនធ្លាប់ស្គាល់ ហើយថែមទាំងឲ្យគេពិនិត្យកន្លែងឯកជនលើរាងកាយយើងទៀតនោះ។ ពិតណាស់ ជាធម្មតាបើយើងមានអារម្មណ៍ល្អ គ្មានបញ្ហាសុខភាពអ្វីនោះ គ្មានអីចាំបាច់ត្រូវទៅជួបពេទ្យទេ ប៉ុន្តែមានផ្ទៃពោះ គឺជារឿងផ្សេង ព្រោះថាគ្រប់យ៉ាងអាចនឹងប្រែជារឿងអាក្រក់បាន មុនពេលយើងដឹងខ្លួន ឬមានអារម្មណ៍មិនស្រួល។ អ៊ីចឹងហើយ ឧស្សាហ៍ទៅជួបពេទ្យផ្នែកសម្ភព ឬរោគស្ត្រី ជាទម្លាប់ល្អមួយ ស្រីៗគ្នាយើងគួរធ្វើ ដើម្បីជួយទាំងយើង និងកូនក្នុងពោះ មានសុខភាពល្អ រហូតដល់ថ្ងៃសម្រាល។
អត្ថបទពាក់ព័ន្ធ៖ ផលវិបាកកូនក្នុងពោះចាស់ខែ ម៉ាក់ៗត្រូវដឹង
២- កុំជក់បារីពេលពពោះ
យើងគ្រប់គ្នាសុទ្ធតែបានដឹង បានឮច្រើនហើយ ជក់បារីពេលពពោះ អាចបង្កបញ្ហាធ្ងន់ធ្ងរជាច្រើនចំពោះគភ៌ក្នុងផ្ទៃ។ បារី បានផ្ទុកជាតិកាបូនម៉ូណូអុកស៊ីត ដែលប៉ះពាល់ដល់សតម្ថភាពឈាមដឹកនាំអុកស៊ីហ្សែនទៅចិញ្ចឹមសរីរាង្គយើង។ លើសពីនេះ បារីក៏មានផ្ទុកសារធាតុញៀននីកូទីន អាចបង្កបញ្ហាដល់សួត ជះឥទ្ធិពលធ្ងន់ធ្ងរកូនក្នុងផ្ទៃ មិនអាចទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ ចង្វាក់បេះដូងគភ៌លោតលឿនខុសប្រក្រតី បង្កើនការប្រឈម រលូតកូន សម្រាលមុនខែ និងឈានដល់កូនស្លាប់ក្នុងផ្ទៃ កាន់តែធ្ងន់ធ្ងរ បេប៊ី ប្រឈមបញ្ហាផ្លូវដង្ហើម និងសួតទៅថ្ងៃអនាគត។
ពិតណាស់ ញៀនជាតិនីកូទីន ក្នុងបារី អាចជាទម្លាប់មួយពិបាកកាត់ផ្តាច់ណាស់ អ៊ីចឹងហើយ សំខាន់បំផុត ត្រូវផ្លាស់ប្តូរទម្លាប់របស់យើង ដូចជាបើយើងមានទម្លាប់ចេញទៅជក់បារីមុនចូលគេង គួរប្តូរទៅលើទូរទស្សន៍បន្លប់វិញ ឬធ្វើអ្វីផ្សេងដែលអាចជួយយើងមិននឹកឃើញបារីក៏បាន។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ
- រឿង៥យ៉ាង ស្វាមីត្រូវដឹង និងត្រៀមខ្លួន ពេលប្រពន្ធជិតដល់ថ្ងៃសម្រាល
- ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន
៣- កុំលេបថ្នាំគ្មានវេជ្ជបញ្ជាឲ្យសោះ
លេបថ្នាំអ្វីក៏ដោយ ឲ្យតែគ្មានវេជ្ជបញ្ជាពីពេទ្យត្រឹមត្រូវ កូនយើងអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរទៅថ្ងៃមុខ។ ជាតិអាល់កុល និងថ្នាំពេទ្យ សុទ្ធតែអាចធ្វើដំណើរតាមទងសុក ឆ្លងទៅដល់អូនៗក្នុងផ្ទៃ បង្កឲ្យមានរោគសញ្ញាជាតិអាល់ រលូតកូន កើតមុនខែ ឬកូនស្លាប់ក្នុងផ្ទៃ កូនកើតមកមិនគ្រប់គីឡូ និងមានបញ្ហាអភិវឌ្ឍរាងកាយ និងប្រាជ្ញាស្មារតីទៀតផង។ សារធាតុទាំងនេះ មិនត្រឹមតែអាចបង្កបញ្ហាច្រើនអំឡុងពេលពពោះនោះទេ ក្រោយអូនៗកើត អូនៗអាចនឹងមានបញ្ហាញៀនសារធាតុទាំងនេះ បើសិនជាយើងប្រើប្រាស់ច្រើន។
៤- កុំញ៉ាំអាហារមិនល្អចំពោះសុខភាព
ញ៉ាំហេមបឺហ្គឺ ឬការ៉េម មើលទៅពិតជាឆ្ងាញ់ជាងសាលាដ ឬផ្លែប៉ោមមែនហើយ ពិសេសពេលយើងកំពុងឃ្លានអាហារទាំងនេះ ទ្រាំមិនបាននោះ។ យ៉ាងណា មិនត្រឹមតែរាងកាយយើងម្នាក់ទេដែលទទួលបានអ្វីយើងញ៉ាំចូលទៅក្នុងពោះ អូនៗដ៏តូចមួយក្នុងពោះយើង ក៏ទទួលបានអាហារទាំងនេះដូចគ្នា។ ហេតុនេះ អាហារយើងញ៉ាំប្រចាំថ្ងៃ ត្រូវតែជាអាហារមានសុខភាពល្អ ដែលត្រូវទទួលស្គាល់ជុំវិញពិភពលោក ពិសេសរបស់អាហារ ពីរ៉ាមីត តែម្តង។ ត្រូវប្រាកដថា គ្នាយើងបានញ៉ាំបន្លែ ផ្លែឈើច្រើន ជំនួសអាហារមិនល្អដែលយើងកំពុងស្រែកឃ្លានខ្លាំង។
អត្ថបទពាក់ព័ន្ធ៖
- ផឹកកាហ្វេច្រើននាំឲ្យពិបាកមានផ្ទៃពោះ និងប៉ះពាល់កូនក្នុងផ្ទៃ?
- ហានិភ័យទាំងនេះ ស្រីៗពពោះជួបប្រទះញឹកញាប់
៥- កុំឲ្យរាងកាយយើងមិនបានសម្រាកឲ្យសោះ
គេងឲ្យបានគ្រប់គ្រាន់ គឺជារឿងសំខាន់មួយសម្រាប់ស្រីៗកំពុងពពោះ ហើយក៏មិនត្រូវស្ត្រេសច្រើននោះដែរ។ ចាំអត់? ពេលយើងនៅតូច ប៉ាម៉ាក់ ធ្លាប់ប្រាប់ និងឲ្យយើងគេងគ្រប់គ្រាន់ ដើម្បីធំឡើងមានសុខភាពល្អ មិនអ៊ីចឹង? ហេតុផលនេះ គឺដូចអំឡុងពេលយើងពពោះដែរ ព្រោះគភ៌ដ៏តូចក្នុងផ្ទៃយើង ត្រូវការសម្រាកដើម្បីរាងកាយលូតលាស់បានល្អ ហេតុនេះគ្នាយើង គួរអនុញ្ញាតឲ្យរាងកាយយើងសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីអូនៗលូតលាស់បានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]