backup og meta

ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា

ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា

ម៉ាក់​ៗ​មាន​ផ្ទៃពោះ​ជាច្រើន​នៅ​មាន​ចម្ងល់​ទាក់ទិន​នឹង​រឿងលាបសក់ ឬ​អ៊ុតសក់​ត្រង់ ថា​ប៉ះពាល់​ចំពោះ​សុខភាព​កូន​ឬ​អត់?  បើ​តាម​​បទពិសោធអ្នក​ធ្វើការ​ផ្នែក​អ៊ុតសក់​ត្រង់ និង​ទទួល​សេវាកម្ម​នេះមួយ​ចំនួន​​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទឹក​ថ្នាំ​លាប​សក់ ឬ​អ៊ុត​សក់​ត្រង់ មាន​ជាតិគីមី ពិត​ជា​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ដោយស្រីៗខ្លះ​ធ្លាប់​រលូត​កូន និង​ខ្លះ​ទៀត​កូន​កើត​មក​សុខភាព​មិន​ល្អ​ដូច​ក្មេង​ដទៃ។

១- កូន​សុខភាព​ខ្សោយ​តាំងពី​កើត

អ្នកនាង នូ ស្រីម៉ាច ធ្លាប់​បើក​ហាង​សាឡន​មួយ​កាលពី ១០ ឆ្នាំ​មុន​នៅ​ឃុំ​ព្រែក​តាមាក់ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​រៀបរាប់​ថា កាល​ពពោះ​កូន​ដំបូង​មិន​ដឹង​ថា​មាន​គ្រោះ​ថ្នាក់ទេ ទើប​នៅតែ​ទទួល​អ៊ុត​សក់​ត្រង់​ជូន​អតិថិជន​រហូត​ជិត​ដល់​សម្រាល​កូន។ តែ​ពេល​កូន​កើត​មក​ទើប​ម៉ាក់​កូន ៣ រូបនោះ​ដឹង​ថា ឥទ្ធិពល​ចំហាយ​ថ្នាំ​អ៊ុត​សក់ដែលស្រូបទៅ ​ធ្វើឲ្យ​ក្នុង​ផ្ទៃ​ខ្វះ​គីឡូ​ស្បែក​ដណ្ដប់​ឆ្អឹង វិះ​នឹង​ស្លាប់។ បន្ទាប់ពី​បាន​ការ​ជួយ​សង្គ្រោះ​ពី​គ្រូពេទ្យ និង​ចេញ​ទៅ​ផ្ទះ​វិញ​កាលណា​ កូន​អ្នកនាងឈឺ និង​ប្រើ​ថ្នាំ​រហូត ហើយ​សុខភាព​មិន​រឹងមាំ មិន​ឡើង​គីឡូ​ទោះ​ជា​ឲ្យ​បៅ​ដោះ​ និង​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​យ៉ាង​ណា ក៏​កូន​នៅតែ​មិនមានសាច់ឈាមភ្លឺថ្លាដដែល។

អ្វី​ដែល​ធ្វើឲ្យ​ថៅកែ​គ្រឿង​សំណង់ ដែលបច្ចុប្បន្ន​ឈប់​ប្រកបរបរ​នោះ កាន់​តែ​ស្តាយ​ក្រោយនេះ ដោយសារ​ពេល​កូន​ដល់​វ័យ​ចេះ​តោង​ឈរ ដើរ ដូច​ក្មេង​ដទៃ កូន​គាត់​បែរជា​ទន់​ជើង មិន​អាច​ធ្វើ​បាន​រហូត​ដល់​វ័យ ២ ឆ្នាំ​ទើប​ចេះ​ឈរ ហើយ​ស្រប​ពេល​មាន​កូន​ទី ២ ទើប​មិន​ធ្វើ​ការ​មួយ​នោះ​បន្ត ព្រោះ​ខ្លាច​កូន​ឈឺ​ច្រើន​ដូច​កូន​បង។ ជា​លទ្ធផល កូន​ទី ២ និង​ទី ៣ ពេល​ឈប់​ប្រកប​របរ​អ៊ុត​សក់ សុទ្ធតែ​រឹងមាំ និង​មិន​ចេះ​ឈឺ​ផ្ដាស​ដូច​កូន​មុន​មែន ទើប​អ្នកស្រី​យល់​ឃើញ​ថា ការ​ស្រូប​យក​ផ្សែង​ពី​ថ្នាំ​អ៊ុតសក់​ត្រង់ ជា​មូលហេតុ​ធ្វើឲ្យ​កូន​មុន​មាន​សុខភាព​មិន​ល្អ​រហូត​ដល់​ឥឡូវ។

អ៊ុតសក់ត្រង់

២- រលូត​កូន

ជាង​អ៊ុត​សក់​ឈ្មោះ កែវ ពុទ្ធានី បាន​ឲ្យ​ដឹង​ថា អ្នកនាង​បើក​អាជីវកម្ម​ហាង​អ៊ុត​សក់​នេះ​រហូត​ដល់​មាន​ប្ដី និង​កូន តែ​ធ្លាប់​រលូត​កូន​ទាំង ២ ដង។ ស្ត្រី​វ័យ ៣៣ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ទាំង ២ របស់​ខ្លួន​មាន​អាយុ​ត្រឹម ៣ ខែ​ប៉ុណ្ណោះ ហើយ​ក៏​រលូត​ទៅ​វិញ ព្រោះតែ​ខ្លួន​នៅ​បន្ត​ប្រកបរបរ​អ៊ុត​សក់​នេះ​ដដែល។ អ្នកនាង​បាន​បន្ត​ទៀត​ថា ថ្នាំ​អ៊ុតសក់​ត្រង់​មាន​ផ្ទុក​សារធាតុ​គីមី​ខ្លាំង​ណាស់ កុំ​ថា​ឡើយ​អ្នក​មាន​កូន អ្នក​គ្មាន​កូន​ពេល​អ៊ុត​ក៏​វិល​មុខ​ដែរ ព្រោះ​ចំហាយ​ដែល​ភាយ​ប៉ះ​ចំ​ផ្ទៃ​មុខ​ក៏​ក្រហាយ រមាស់ណាស់ ទម្រាំ​តែ​យើង​ស្រូប​ចូល​ទៅ ហើយ​កូន​បឺតស្រូប​បន្ត​ ​មិន​ដឹង​ជា​ក្រហល់ក្រហាយ​យ៉ាង​ណា។ ពុទ្ធានី បន្ត​ទៀត​ថា រាល់ថ្ងៃ​ព្រោះតែត្រូវ​ត្រៀម​ខ្លួន​យក​កូន​ជា​ថ្មី ទើប​ផ្អាក​ទទួល​អ៊ុតសក់​ដោយ​ទឹក​ថ្នាំ​នេះ​សិន តែ​នៅ​ទទួល​អ៊ុត​ដោយ​ខូឡេជេន​វិញខ្លះៗ ព្រោះ​វា​មិន​សូវ​មាន​ជាតិ​កាត់ និង​ធុំ​ក្លិន​ឈួល​ឡើយ ហើយ​ក៏​មិន​អាច​មិន​ធ្វើ​ដែរ ដោយសារ​តែ​កត្តាជីវភាព។

៣- សុខភាព​ម៉ាក់​ៗ​ចុះ​ខ្សោយ

អ្នកនាង យឺន សុគាន់ ជា​អ្នក​រស់នៅ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ព្រោះ​តែ​ចង់​ស្អាត​កូន​ក្នុង​ផ្ទៃ​បាន ៣ ខែ​ក៏​ទៅ​អ៊ុត​សក់​ត្រង់ ហើយ​តាំងពី​ពេល​នោះ​មក​ខ្លួន​មាន​អាការៈ​វិល​មុខ​ឈឺក្បាល​រហូត ស្រប​ពេល​នឹង​ជិត​សម្រាល​កូន​ទៀត​នោះ ធ្វើឲ្យ​កាន់តែ​បារម្ភ។ ស្ត្រី​វ័យ ២៣ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អាការៈ​សំខាន់​មួយ​ទៀត គឺ​ខ្លួន​អ្នកនាង​ផ្ទាល់​ចេះ​តែ​ថប់​ៗ​ដង្ហើម និង​គ្មាន​កម្លាំង​កំហែង​ក្នុង​ខ្លួន។ ក្រោយ ស្ថានភាព​ខ្លួន​ដុនដាប​បែប​នេះ សុគាន់ ក៏​បារម្ភ​ចំពោះ​កូន​ក្នុង​ផ្ទៃ​ដែរ តែ​ពេល​ទៅ​អេកូ​ពេទ្យ​ថា​មិន​អី​ទេ រង់ចាំ​តាមដាន​ពេល​កើត​ចុង​ខែ ១២ នេះ​សិន។

ពាក់​ព័ន្ធនឹង​ការ​លាប​សក់ ឬ​អ៊ុត​សក់​ត្រង់​ពេល​ពពោះ​នេះ​ដែរ លោកស្រី​ អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បញ្ជាក់ថា ថ្នាំ​លាប​សក់ និង​ថ្នាំ​អ៊ុត​សក់​គ្រប់​ប្រភេទ មិន​ថា ថ្នាំ​អ៊ុត​សក់​ត្រង់ ឬ​សក់​រួញ​នោះ​ទេ សុទ្ធ​មាន​ជាតិ​គីមី ជាតិ​គីមី​ទាំង​នេះ ទោះ​តិច ឬ​ច្រើន នឹង​ជ្រាប​ចូល​តាម​រយៈ​ស្បែក ពិសេស​ផ្លូវ​ដង្ហើម​របស់​ម៉ាក់ៗ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​លូតលាស់​កូន​ផ្ទៃ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

25/11/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម