ស្រីៗគ្នាយើង បើពេលនេះកំពុងគិតថាចង់យកកូន តើដឹងថាត្រូវត្រៀមខ្លួនបែបណាខ្លះទេ? ការចង់បានកូន អ្នកខ្លះទំនងជាគិតថាមិនបាច់ត្រូវត្រៀមអ្វីនោះទេ។ បើគ្នាយើងមានគំនិតបែបនេះទំនងជាត្រូវគិតឡើងវិញហើយ។ បើអ៊ីចឹងតើយើងគួរត្រៀម ឬគួរធ្វើអ្វីខ្លះមុននឹងចាប់ផ្ដើមយកកូន?
១. រក្សាទម្ងន់រាងកាយឲ្យបានល្អ
ស្រីៗគ្នាយើងដឹងទេ បើយើងលើសទម្ងន់ ឬធាត់ខ្លាំង គឺយើងអាចប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើន ហើយរួមទាំងផលវិបាកអាចកើតមានអំឡុងពេលពពោះ ដូចជាជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺមហារីកដោះ និងពោះវៀនធំ ជាដើម។ ដូចគ្នាដែរ បើយើងជាមនុស្សស្រីស្គមស្គាំង មានគីឡូមិនគ្រប់ក៏អាចប្រឈមនឹងជំងឺផ្សេងៗដូចគ្នា។ ចុចទីនេះដើម្បីគណនាទម្ងន់លោកអ្នក។
ដូចនេះហើយ បើចង់បានកូន ចង់មានសុខភាពល្អទាំងពេលពពោះ និងក្រោយសម្រាលទៀតនោះ ស្រីៗយើងគួរចាប់ផ្ដើមពីឥឡូវនេះហើយ ដូចជាញ៉ាំអាហារសុខភាព និងហាត់ប្រាណជាប្រចាំ។ បើយើងជាមនុស្សលើសទម្ងន់ ឬធាត់ ជាការល្អគួរពិគ្រោះជាមួយគ្រូពេទ្យមុនសម្រេចចិត្តយកកូន។
២. ឈប់ជក់បារី ឈប់ផឹកស្រា
បើយើងជាមនុស្សចូលចិត្តញ៉ាំស្រា ឬមានទម្លាប់ជក់បារី គួរតែកែប្រែទម្លាប់នេះចេញហើយ បើយើងមានចេតនាចង់បានកូន។ ការជក់បារី និងផឹកស្រា ឬសារធាតុញៀនផ្សេងៗអាចធ្វើឲ្យមានបញ្ហាច្រើនពេលពពោះ និងកូនក្នុងផ្ទៃ អាចថាកូនកើតមិនគ្រប់ខែ កូនក្នុងផ្ទៃលូតលាស់មិនពេញលេញ ឬកូនស្លាប់ក្នុងផ្ទៃក៏មាន។
ក្នុងករណីយើងជាមនុស្សញៀនស្រា ឬបារី ហើយចង់បានកូន គួរប្រឹក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ។
៣. ចៀសវាងកន្លែងមានសារធាតុពុល ឬបរិស្ថានមិនល្អ
បើយើងគិតថាចង់បានកូន ស្រីៗយើងមិនគួរទៅកន្លែងណាដែលមានប្រើប្រាស់សារធាតុគីមីពុល ដូចជាកន្លែងបាញ់ថ្នាំសម្លាប់សត្វល្អិត ឬកន្លែងដែលបរិស្ថានមានខ្យល់ពុលនោះទេ។ សារធាតុពុលពីធាតុគីមីពុលទាំងនោះអាចប៉ះពាល់ដល់ប្រព័ន្ធបន្តពូជរបស់មនុស្សយើងទាំងប្រុស ទាំងស្រី ចំពោះស្រីៗអាចនឹងពិបាកមានផ្ទៃពោះ។
៤.ញ៉ាំអាហារមានអាស៊ីដហ្វូលិក
អាស៊ីដហ្វូលិក គឺសម្ដៅដល់វីតាមីន B នេះឯង។ ដើម្បីឲ្យរាងកាយទទួលបានវីតាមីន B យើងអាចញ៉ាំពពួកគ្រាប់ធញ្ញជាតិ (whole grain) សាច់ បន្លែ និងផ្លែឈើ។ បើស្រីៗយើងមានអាស៊ីដហ្វូលិកគ្រប់គ្រាន់ក្នុងអំឡុង១ខែមុន និងអំឡុងពេលមានផ្ទៃពោះ នឹងអាចការពារស្រីៗយើងពីបញ្ហាប្រឈមនៃការលូតលាស់មិនពេញលេញដល់កូនក្នុងផ្ទៃ ដូចជាការលូតលាស់ផ្នែកខួរក្បាល និងឆ្អឹងខ្នងជាដើម។
៥. តាមដានថ្ងៃធ្លាក់មេជីវិត
ចំណុចនេះកាន់តែសំខាន់ បើយើងមិនដឹងថ្ងៃមេជីវិតធ្លាក់ទេ ទំនងជាយើងពិបាកបន្តិចហើយ។ ជាធម្មតាមេជីវិតញីអាចធ្លាក់មកនៅថ្ងៃទី១២ ឬទី១៣ នៃវដ្ដរដូវរបស់យើង ប៉ុន្តែដោយសារស្រីៗយើងមានវដ្ដរដូវខុសៗគ្នា យើងមិនអាចប្រើវិធីតែមួយឲ្យត្រូវទាំងអស់គ្នាបានទេ។ បើយើងមិនច្បាស់ ឬចម្ងល់ណាមួយ យើងគួរសាកសួរ ប្រឹក្សាជាមួយគ្រូពេទ្យជំនាញសម្ភព និងរៀបចំផែនការឲ្យបានច្បាស់លាស់។ ចង់ដឹងវិធីគណនាពេលធ្លាក់មេជីវិតចុចត្រង់នេះ
៦. ពេលមានផ្ទៃពោះ
ពេលមានផ្ទៃពោះស្រីៗយើងត្រូវចេះថែរក្សាខុសភាពឲ្យបានល្អ ដោយទៅជួបគ្រូពេទ្យតាមការណែនាំ ដើម្បីបានពិនិត្យពោះ និងតាមដានសុខភាពយើងឲ្យបានជាប់លាប់។
[embed-health-tool-due-date]