រឿងរ៉ាវពាក់ព័ន្ធនឹងទឹកភ្លោះ ច្បាស់ជារឿងមួយដែលម៉ាក់ៗពពោះឮច្រើន ហើយប្រហែលជាដឹងដែរថា ទឹកភ្លោះមានប្រយោជន៍យ៉ាងណាសម្រាប់អាអូននៅក្នុងផ្ទៃ។ ប៉ុន្តែ ទឹកភ្លោះ ក៏អាចមានបញ្ហាក្នុងពេលម៉ាក់ៗកំពុងពពោះដែរដូចជាខ្វះ ឬលើសទឹកភ្លោះ។ នេះមានន័យថា ស្ត្រីពពោះ ឬកូនក្នុងផ្ទៃមានបញ្ហាសុខភាពហើយ។
តាមការឲ្យដឹងពីវេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ប្រភពទឹកភ្លោះត្រូវបានផលិតឡើង នៅត្រីមាសទី២ និង ទី៣ សំខាន់គឺចេញពីទឹកនោមរបស់ទារក និងទឹកភ្លោះត្រូវបានប្រើប្រាស់ដោយអាអូនក្នុងផ្ទៃផឹកតាមមាត់ចូលទៅប្រព័ន្ធរំលាយអាហារ។ ក្នុងករណីដែលម្ដាយពពោះ ខ្វះទឹកភ្លោះ ឬលើសទឹកភ្លោះ វាអាចបណ្ដាលមកពីមូលហេតុដែលជួបញឹកញាប់ដូចជា៖
ករណីខ្វះទឹកភ្លោះ
មាន MVP<2cm AFI<5cm
– ជ្រាបទឹកភ្លោះ ឬបែកទឹកភ្លោះមុនសម្រាល
– កូនមានជំងឺ វិបត្តិប្រព័ន្ធទឹកនោម (បញ្ហាជំងឺតម្រងនោម ប្លោកនោម ឬបង្ហួរនោមត្បៀត ឬស្ទះ)
– បញ្ហាឈាមរត់មកចិញ្ចឹមស្បូន និងសុកមិនបានល្អ (កូនលូតលាស់ខ្សោយ)
– កូនលើសថ្ងៃខែ ហើយមិនសម្រាល
ករណីលើសទឹកភ្លោះ
មានMVP>8cm AFI>20cm
- ម៉ាក់ៗមានជំងឺទឹកនោមផ្អែមអំឡុងពេលពពោះ
– កូនមានជំងឺវិបត្តិសរីរាង្គ (បញ្ហាខួរក្បាល ប្រព័ន្ធបំពង់រំលាយអាហារត្បៀត ឬស្ទះ)
– កូនក្នុងផ្ទៃឆ្លងមេរោគ
– ក្នុងករណីកូនភ្លោះពិត ដោយកូនមួយផ្ដល់ឈាមឲ្យកូនមួយទៀតតាមរយៈសរសៃឈាមនៅលើសុក
ស្របគ្នានេះ ក្នុងករណីដែលស្រីៗពពោះអត់មាន ឬមានទឹកភ្លោះតិចតួចអំឡុង ៣ ខែដំបូង នោះ លោកវេជ្ជបណ្ឌិត គាន់ អូន ថា កូនលូតលាស់ខុសប្រក្រតី កូនក្នុងពោះគ្មានតម្រងនោម ឬគ្មានក្រលៀន មិនអាចនោមបាននោះទេ។ ចំណែកឯទឹកភ្លោះច្រើនពេក មានន័យថាកូនក្នុងពោះមិនបានផឹកទឹកភ្លោះនោះទេ ធ្វើឲ្យចាល់បរិមាណទឹកភ្លោះ ពោះម៉ាក់ៗធំខុសធម្មតា កូនសម្រាលមុនកំណត់ កូនអត់មានក្រពះ មានបំពង់រំលាយអាហារ ឬស្ទះពោះវៀន។
[embed-health-tool-due-date]