ករណីនេះ ជារឿងសំខាន់មែនទែន ដែលស្រីៗគួរស្វែងយល់ ព្រោះភាគច្រើននឹងត្រូវឆ្លងកាត់បទពិសោធនេះហោចណាស់ម្ដង (សម្រាប់ឆ្លងទន្លេកូនដំបូង)។ តើគួររៀបចំខ្លួន និងប្រុងប្រយ័ត្នអីខ្លះ?
១- ទឹកភ្លោះហ្នឹងអីគេ?
ទារកក្នុងផ្ទៃម្ដាយត្រូវបានការពារដោយថង់ស្រោមភ្នាសមួយពោរពេញដោយទឹក ហៅថា “ទឹកភ្លោះ”។ ពេលស្រោមទឹកភ្លោះបែក ទឹកហូរពីស្បូន ហើយចេញតាមទ្វារមាស។ អាការៈបែកទឹកភ្លោះនេះ ជាសញ្ញាប្រាប់ថាដល់ពេលសម្រាល ឬពេលខ្លះក៏អាចកើតឡើងមុនថ្ងៃកំណត់សម្រាលដែរ។
២- អារម្មណ៍ពេលបែកទឹកភ្លោះ
ស្រីៗអាចមានអារម្មណ៍ខុសគ្នាពេលបែកទឹកភ្លោះ។ អ្នកខ្លះមានអារម្មណ៍ថាដូចផ្ទុះបែកអ្វីមួយ ដូចសាចហូរទឹក ឬដូចហូរទឹកនោមខ្សោយៗ។
យើងអាចសម្គាល់ ឬបែងចែកដាច់ថា ការហូរទឹកមកជោកចេញពីទ្វារមាសនេះ មិនមែនជាទឹកនោមទេ បើសិនគ្មានក្លិនឆ្អេះ ឬពណ៌ដូចទឹកនោម ប៉ុន្តែបែរជាក្លិនបែបផ្អែមៗ ដូចទឹកកាម ឬសារធាតុក្លរ។ កាន់តែស្រួលចំណាំជាងនេះទៀត គឺទឹកដែលហូរចេញមកអាចមានសភាពថ្លា ឬមានឈាមលាយមកជាមួយ។

៣- ពេលណាបែកទឹកភ្លោះ?
រាងកាយខុសគ្នា ការបែកទឹកភ្លោះ ក៏អត់ដូចគ្នាទាំងស្រុងដែរ តែស្ត្រីភាគច្រើនអាចបែកទឹកភ្លោះក្នុងដំណាក់កាលដំបូងនៃការសម្រាល ពេលសាច់ដុំស្បូនចាប់ផ្ដើមកន្ត្រាក់។ តាមការពិសោធកន្លងទៅ ស្ត្រីម្នាក់ក្នុងចំណោម ១០នាក់ បែកទឹកភ្លោះមុនសម្រាល។ បើក្នុងករណីកម្រវិញ ស្រ្ដី ៣នាក់ លើ១០០នាក់ អាចបែកទឹកភ្លោះកូនមិនគ្រប់ខែ មុនថ្ងៃត្រូវសម្រាល (ធម្មតារយៈពេល ៣៧ សប្ដាហ៍)។ បើសិនបែកទឹកភ្លោះមុនថ្ងៃសម្រាល បានសេចក្ដីថា ដល់ពេលសម្រាលហើយ។