ចំពោះម៉ាក់ៗពពោះ ការថែទាំសុខភាពឲ្យបានល្អ មិនត្រឹមតែជួយខ្លួនឯងទេ ប៉ុន្តែវាកាន់តែមានប្រយោជន៍ច្រើនទៀតសម្រាប់អាអូននៅក្នុងពោះ។ បើតាមការណែនាំពីអ្នកជំនាញ ស្ត្រីពពោះត្រូវតែចៀសឲ្យឆ្ងាយពីភេសជ្ជៈមានជាតិអាល់កុល និងជក់បារី ព្រោះវាមានផលប៉ះពាល់ខ្លាំងដល់កូន សូម្បីតែស្ត្រីពពោះនៅក្បែរ ឬស្រូបផ្សែងពីអ្នកជក់បារី ក៏អាចបង្កគ្រោះថ្នាក់ដល់គភ៌បានដែរ។
ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបកស្រាយឲ្យដឹងថា ម៉ាក់ៗពពោះដែលស្រូបផ្សែងបារីពីគេ អាចទទួលបានផលប៉ះពាល់ទៅដល់ខ្លួន និងកូននៅក្នុងផ្ទៃបានទាំងអំឡុងពេលពពោះ និងក្រោយសម្រាល។ ការស្រូបផ្សែងបារីពីគេ អាចបង្កើនហានិភ័យដូចជា៖
ទី១៖ សម្រាលមុនខែ
ទី២៖ កូនមិនគ្រប់គីឡូ
ទី៣៖ បញ្ហាទារកស្លាប់ភ្លាមៗ (SIDS)។ល។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ រូបនេះ បន្តថា ទារកដែលមានម៉ាក់ប៉ាជាអ្នកជក់បារី ទំនងឧស្សាហ៍ចូលមន្ទីរពេទ្យដោយសារមានការឆ្លងមេរោគប៉ះពាល់ទៅដល់ប្រព័ន្ធផ្លូវដង្ហើមកូនដូចជា កើតជំងឺរលាកទងសួត និងរលាកសួតនៅមួយឆ្នាំដំបូងនៃជីវិតរបស់អាអូន។
លើសពីនេះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានឲ្យដឹងថា ទារកមានម្ដាយជាអ្នកជក់បារីផ្ទាល់ ឬទទួលផ្សែងបារីពីគេ ក្រោយសម្រាលរួចអាអូនមានសួតខ្សោយជាងទារកធម្មតា ជាហេតុបណ្ដាលឲ្យកូនប្រឈមនឹងបញ្ហាសុខភាពច្រើនទៀត។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានណែនាំឲ្យម៉ាក់ៗកំពុងពពោះទាំងអស់ ចៀសឲ្យឆ្ងាយពីការជក់បារី ឬស្រូបផ្សែងចូលទៅក្នុងខ្លួន សូម្បីតែផ្សែងធូបធម្មតា ក៏អាចជាឧបសគ្គដល់ការពពោះឲ្យរលូនគ្មានបញ្ហាបានដែរ។ ស្ត្រីពពោះ ក៏ត្រូវតាមដាន និងថែទាំសុខភាពជាមួយគ្រូពេទ្យជំនាញឲ្យបានដិតដល់ដែរ ដើម្បីទប់ស្កាត់បញ្ហានានាកើតឡើងដល់គភ៌។
[embed-health-tool-due-date]