ប្រសិនបើយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ និងមានគម្រោងចង់យកកូន ការរៀបចំខ្លួនឲ្យបានរួចរាល់មុនពេលយកកូន គឺជារឿងសំខាន់មួយ ដើម្បីការពារខ្លួនឯង និងកូនឲ្យមានសុខភាពល្អ មិនថាទាំងនៅមុនពេលមានគភ៌ អំឡុងពេលមានគភ៌ និងក្រោយពេលសម្រាលកូនរួច។
ការថែទាំខ្លួនមុនពេលមានគភ៌
ពិតណាស់ ការថែទាំសុខភាពឲ្យរឹងមាំ មុនពេលដែលយើងមានផ្ទៃពោះ គឺជារឿងសំខាន់បំផុត។ ដូចនេះ ស្រីៗយើងគប្បីគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ និងធ្វើការពិនិត្យឡើងវិញអំពីប្រភេទថ្នាំដែលយើងកំពុងប្រើប្រាស់ជាមុនសិន ពីព្រោះថាថ្នាំ និងអាហារបំប៉នមួយចំនួនមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់អំឡុងពេលពពោះឡើយ។ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ អំពីប្រភេទថ្នាំ និងអាហារបំប៉ននីមួយៗជាមុនសិន មុនពេលដែលយើងសម្រេចចិត្តយកកូន។
ការថែទាំខ្លួនអំឡុងពេលមានគភ៌
កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អំឡុងពេលមានគភ៌ អាចបណ្ដាលឲ្យកូនលូតលាស់ជ្រុល ឬធ្វើឲ្យប៉ះពាល់ដល់ការវិវត្តនៃសរីរាង្គ និងនាំឲ្យខូចទ្រង់ទ្រាយពីកំណើតរបស់ទារក។
យ៉ាងណាមិញ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ក៏អាចមានផ្ទៃពោះប្រកបដោយសុខភាពល្អដូចគ្នា ប៉ុន្តែវាមានភាពចាំបាច់ក្នុងការតាមដានពីផលវិបាកនៃជំងឺទឹកនោមផ្អែម ដែលអាចប៉ះពាល់ដល់ការមានផ្ទៃពោះ ដូចជាសម្ពាធឈាមខ្ពស់ ជំងឺភ្នែក និងជំងឺតម្រងនោមជាដើម។ ហានិភ័យដទៃទៀតរួមមាន៖
- ជំងឺបម្រុងក្រឡាភ្លើង
- ភាពធន់នឹងអាំងស៊ុយលីន
- ការរលូតកូន
- កូនមានទំហំធំជាងធម្មតា
- ការខូចទ្រង់ទ្រាយពីកំណើត
បន្ថែមពីនេះ ស្រីៗយើងគប្បីយល់ដឹងអំពីការផ្លាស់ប្ដូរនៃតម្រូវការអាំងស៊ុយលីន។ ជាក់ស្ដែង ជាតិស្ករក្នុងឈាមទាប គឺកើតឡើងជាទូទៅចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមប្រភេទ១។ ហេតុនេះហើយ ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យអំពីបរិមាណអាំងស៊ុយលីនដែលយើងត្រូវចាក់ ដើម្បីជៀសវាងផលវិបាកផ្សេងៗ។
ការថែទាំខ្លួន អំឡុងពេល និងបន្ទាប់ពីសម្រាលកូនរួច
អ្វីដែលយើងគួរធ្វើអំឡុងពេលនេះ គឺតាមដានជាតិស្ករក្នុងឈាម និងអាំងស៊ុយលីន ពីព្រោះថាកម្រិតជាតិស្ករក្នុងឈាមអាចកើនឡើងអំឡុងពេលសម្រាល ប៉ុន្តែវាអាចធ្លាក់ចុះមុនពេលសម្រាល ឬភ្លាមៗ បន្ទាប់ពីសម្រាលកូនរួច មិនថាយើងសម្រាលតាមធម្មជាតិ ឬវះកាត់នោះទេ។ ដូច្នេះហើយ ស្ត្រីពពោះដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចត្រូវពាក់សឺរ៉ាំងសម្រាប់ចាក់អាំងស៊ុយលីន នៅអំឡុងពេលសម្រាល។
មួយវិញទៀត ស្រីៗដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ ក៏អាចបំបៅដោះកូនផងដែរ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ អាចផលិតទឹកដោះយឺតយ៉ាវនៅពេលដំបូង។ ពិតណាស់ ការបំបៅដោះផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងម្ដាយ និងទារក។ សម្រាប់ម្ដាយ វាអាចជួយឲ្យស្រកទម្ងន់ កាត់បន្ថយហានិភ័យនៃសម្ពាធឈាមខ្ពស់ មហារីកក្រពេញអូវែ និងមហារីកសុដន់។ រីឯសម្រាប់ទារក ការបំបៅដោះផ្ដល់សារធាតុចិញ្ចឹមដ៏ល្អបំផុតដែលជួយឲ្យអាអូនមានសុខភាពរឹងមាំ កាត់បន្ថយហានិភ័យនៃជំងឺហឺត ធាត់ជ្រុល និងជំងឺសួតធ្ងន់ធ្ងរថែមទៀតផង។ ហេតុនេះហើយ ម៉ាក់ៗដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ គប្បីបំបៅដោះកូន ទើបជាការប្រសើរ។
[embed-health-tool-ovulation]