backup og meta

សម្រាលកូនដោយវះកាត់ គួរទុកគម្លាតប៉ុណ្ណេះ ចាំយកមួយអាអូនមួយទៀត

ប្រសិនបើម៉ាក់ៗមិនអាចសម្រាលកូនតាមធម្មជាតិបាន ពេទ្យនឹងតម្រូវឲ្យម៉ាក់ៗសម្រាលដោយវិធីវះកាត់វិញ ព្រោះសុវត្ថិភាពទាំងយើង និងកូន។ ប៉ុន្តែក្រោយវះកាត់កូនទីមួយរួច ម៉ាក់ៗតែងលើកសំណួរបន្តថា តើកូនក្រោយគួររំលងប៉ុន្មានឆ្នាំ ហើយបើញឹកអាចបានដែរឬទេ? ចុះកូនរង្វើលវិញ គួរមានគម្លាតប៉ុន្មានឆ្នាំទើបល្អ?

ចម្ងល់នេះវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា សម្រាប់ម៉ាក់ៗសម្រាលកូនដោយវះកាត់ បើចង់យកកូនមួយទៀត ត្រូវរង់ចាំយ៉ាងហោចណាស់ក៏ ២-៣ ឆ្នាំដែរ ដើម្បីឲ្យស្ថានភាពសុខភាព និងរាងកាយម៉ាក់រឹងប៉ឹងឡើងវិញ។ រយៈពេល ២-៣ ឆ្នាំនេះ គិតរាប់ចាប់ពីកូនកើតភ្លាម រហូតដល់កូនក្រោយចាប់កំណើតក្នុងផ្ទៃ។

ទោះជាយ៉ាងនេះម៉ាក់ៗក៏លើកឡើងបន្តទៀតថា ចុះបើចៃដន្យមានផ្ទៃពោះកូនក្រោយ មុនរយៈពេល ២-៣ ឆ្នាំនោះត្រូវធ្វើយ៉ាងណា? ចម្លើយរបស់លោកវេជ្ជបណ្ឌិត គឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីពិនិត្យមើលស្នាមវះពីមុន ឲ្យដឹងថា តើកូនក្រោយពេលពោះកាន់តែធំ ស្នាមដេរចាស់អាចដាច់រហែកដែរ ឬទេ?

ការទុកគម្លាតពីកូនទៅកូនមួយទៀតនេះ ផ្តល់អត្ថប្រយោជន៍ទាំងម្តាយទាំងកូន បែបនេះហើយទើបក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធបានបង្កើតនូវទ្រឹស្តី ១០០០ ថ្ងៃដំបូង នៃជីវិតកុមារ។

លោក ហ៊ូ ក្រើន អនុប្រធានអង្គការ Helen Keller International បានពន្យល់ថា ស្ត្រីចង់បានកូន ត្រូវយល់ពីនិយមន័យ «១ ពាន់ថ្ងៃដំបូង» សិន ព្រោះ ១០០០ ថ្ងៃដំបូងនៃជីវិតនេះ មានអត្ថប្រយោជន៍ខ្លាំងណាស់ចំពោះម៉ាក់ និងកូន។ ១០០០ ថ្ងៃដំបូង គឺរាប់ចាប់តាំងពីពេលពពោះរហូតដល់សម្រាលកូនបាន ២ ឆ្នាំ។ ដោយម៉ាក់ៗត្រូវគិតពីអាហារូបត្ថម្ភចាប់តាំងពីពពោះ ត្រូវញ៉ាំអាហារសម្បូរជីវជាតិ និងថ្នាំជាតិដែកតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ហើយអាហារូបត្ថម្ភរយៈពេល ១០០០ ថ្ងៃដំបូងនេះសំខាន់ណាស់ បើហួសពីពេលនេះពិបាកនឹងជួសជុល។

វះកាត់សម្រាលកូន

ចំពោះប្រភេទអាហារពេលពពោះ គឺញ៉ាំអាហារ ៣ ក្រុមធំៗ អាហារថាមពលមានជាប្រភេទបាយ នំប៉័ង ឬអាហារដែលធ្វើពីម្សៅ អាហារសាងសង់សំដៅលើសារធាតុប្រូតេអ៊ីនបានមកពីសាច់ និងគ្រាប់ធញ្ញជាតិមួយចំនួន និងអាហារការពារមាននៅក្នុងបន្លែផ្លែឈើ។ មិនថាពេលទម្ងន់ ឬសម្រាលកូនរួចក៏នៅតែញ៉ាំអាហារសម្បូរជីវជាតិទាំងនោះ និងត្រូវញ៉ាំម្សៅទឹកដោះគោ ទើបកូនមានសុខភាពល្អ ឆ្អឹងរឹងមាំ ហើយម្ដាយក៏រឹងមាំទៀត ដោយក្នុងរបបអាហារចាំបាច់ មិនគួរញ៉ាំគ្រឿងកំប៉ុងផ្អែមៗទេ ព្រោះអាចបណ្ដាលឲ្យកើតជំងឺលើសឈាម ឬទឹកនោមផ្អែម។

ចំណែកកូនវិញ ពេលកើតភ្លាមត្រូវបៅទឹកដោះដំបូង និងពេលកូនមានអាយុ ៦ ខែញ៉ាំអាហារបន្ថែម ហើយបន្តបំបៅរហូតដល់កូនអាយុ ២ ឆ្នាំ។ ព្រោះទឹកដោះរបស់ម៉ាក់ៗមានជីវជាតិសព្វគ្រប់ ល្អចំពោះប្រព័ន្ធរំលាយអាហារ និងជួយរារាំងកូនពីជំងឺដង្កាត់ផ្សេងៗ។ មួយវិញទៀតការចាក់វ៉ាក់សាំងឲ្យកូនតាមវេជ្ជបញ្ជា ក៏មិនគួរមើលរំលងផងដែរ។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

22/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗ​និយម​វះកាត់សម្រាលកូនយកថ្ងៃហុងស៊ុយ ប្រយ័ត្ន​ជួបស៊យ

វះកាត់សម្រាលកូន ប៉ុន្មានម៉ោងក្រោយទើបអាចញ៉ាំអាហារបាន?


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ Try Ravi បាន​ធ្វើ​បច្ចុប្បន្នភាព 22/07/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម