គ្នាយើង ប្រាកដចង់បានរាងស្វែល ស្អាត និងសង្ហាហើយ តែវាមិនងាយស្រួលនោះទេ ដោយសារអាហារឆ្ងាញ់ៗ ក៏សម្បូរច្រើន រួមជាមួយរវល់ មិនសូវបានហាត់ប្រាណទៀត ដូច្នេះ ទម្ងន់កាន់តែឡើង រាងកាន់តែមូល។ អញ្ចឹងហើយ ទើបមានអ្នកខ្លះ ជ្រើសរើសយកការលេបថ្នាំសម្រកទម្ងន់ ឬអត់អាហារពេលល្ងាច ឬញ៉ាំអាហារតិចៗ ដើម្បីសម្រកទម្ងន់ឲ្យបានកាន់តែលឿន។
១. គីឡូស្រកលឿន ប៉ះពាល់សុខភាពអ្វីខ្លះ?
តាមគេហទំព័រវេជ្ជសាស្ត្រ Healthline បញ្ជាក់ថា ការស្រកទម្ងន់ពី ០,៤៥-០,៩គីឡូក្រាម/សប្ដាហ៍ ជាកម្រិតមានសុវត្ថិភាព និងមានសុខភាពល្អ។ ការស្រកទម្ងន់លឿនជាងនេះ អាចបង្កបញ្ហាសុខភាពជាច្រើន ដូចជា បាត់បង់សាច់ដុំ ក្រួសក្នុងថង់ទឹកប្រមាត់ ខ្វះសារធាតុបំប៉ន និងធ្លាក់ចុះមេតាប៉ូលិសក្នុងរាងកាយ។
២. ហានិភ័យនៃការសម្រកទម្ងន់លឿនពេក
- បាត់បង់សាច់ដុំ
នៅពេលយើងបន្ថយរបបអាហារ ឬញ៉ាំអាហារមានកាឡូរីតិច យើងអាចស្រកទម្ងន់យ៉ាងលឿន ហើយទម្ងន់ដែលយើងបាត់បង់ គឺចេញមកពីសាច់ដុំ និងទឹក ក្នុងរាងកាយ។
- បន្ថយមេតាប៉ូលិស
ការស្រកទម្ងន់លឿនពេក អាចកាត់បន្ថយអត្រាមេតាប៉ូលិសក្នុងរាងកាយរបស់យើង។ មេតាប៉ូលិស កំណត់ពីបរិមាណកាឡូរី ដែលរាងកាយរបស់យើងដុតក្នុងមួយថ្ងៃ។ បើសិនអត្រាមេតាប៉ូលិសយឺត មានន័យថា រាងកាយរបស់យើងដុតកាឡូរីកាន់តែតិចក្នុងមួយថ្ងៃ។
មូលហេតុសំខាន់ចំនួន ២ បណ្ដាលឲ្យមេតាប៉ូលិសយឺត ដោយសារការបាត់បង់សាច់ដុំ និងការធ្លាក់ចុះកម្រិតអ័រម៉ូនកំណត់មេតាប៉ូលិសរាងកាយ ដូចជា អ័រម៉ូនទីរ៉ូអ៊ីត ជាដើម។
- ខ្វះសារធាតុបំប៉ន
បើសិនយើងញ៉ាំអាហារមិនគ្រប់គ្រាន់ ឬខ្វះកាឡូរី យើងនឹងប្រឈមបញ្ហាខ្វះសារធាតុបំប៉ន។ បញ្ហានេះ បណ្ដាលឲ្យយើងជ្រុះសក់ អស់កម្លាំង ខ្សោយប្រព័ន្ធការពារ និងពុកឆ្អឹង។
- កើតក្រួសក្នុងថង់ទឹកប្រមាត់
ជាធម្មតា ថង់ទឹកប្រមាត់ បញ្ចេញទឹករំលាយ ដើម្បីបំបែកអាហារមានជាតិខ្លាញ់។ ប៉ុន្ដែ បើយើងញ៉ាំអាហារតិចតួច ដូច្នេះថង់ទឹកប្រមាត មិនបញ្ចេញទឹករំលាយនោះទេ។ នៅពេលវាមិនបញ្ចេញទឹករំលាយ សមាសធាតុនានា ដែលមាននៅក្នុងទឹករំលាយ អាចរួមបញ្ចូលគ្នា ហើយក្លាយទៅជាក្រួសក្នុងថង់ទឹកប្រមាត់។ ក្រួសក្នុងថង់ទឹកប្រមាត់នេះ បណ្ដាលឲ្យយើងជួបបញ្ហាពិបាករំលាយអាហារ និងឈឺចាប់យ៉ាងខ្លាំង។
អត្ថបទពាក់ព័ន្ធ៖
- អ្នកធាត់ៗមានផលលំបាកទាំងនេះ អ៊ីចឹងបានជាប្រឹងប្រើគ្រប់វិធីសម្រកទម្ងន់
- កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]