បញ្ហាឡើងទម្ងន់ធ្វើឲ្យមនុស្សស្រី ឬប្រុសពិបាកចិត្ត និងស្វះស្វែងរកមធ្យោបាយ ដើម្បីឲ្យបានរូបរាងស្គមមកវិញ។ ក្នុងនោះវិធីដែលពេញនិយមមានទាំងហាត់ប្រាណ តមអាហារ ផឹកហ្វាយប៊ឺ តែវិធីអស់ទាំងនោះមានប្រសិទ្ធភាពយឺត ដូចនេះការជ្រើសរើសថ្នាំសម្រកលេបតាមអនឡាញ គឺមានច្រើនបំផុត។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលហាមឃាត់ផលិតផលសម្រកមួយប្រភេទដែលគ្មានចុះបញ្ជី និងលេខប្រវេទន៍បានឲ្យដឹងថា កន្លងមកក្រសួងសុខាភិបាលតែងតែពិនិត្យគុណភាពថ្នាំសម្រកមួយចំនួនឃើញថា ផលិតផលដែលមានសមត្ថភាពសម្រកទម្ងន់បានលឿន ជាទូទៅមានលួចលាក់ដាក់សារធាតុ Sibutramine គឺជាសារធាតុហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងវិស័យឱសថសាស្ត្រ ព្រោះសារធាតុនោះធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរដូចជាធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមហានិភ័យគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋហាមប្រើប្រាស់ថ្នាំ ឬអ្វីមួយដែលគ្មានការអនុញ្ញាត និងទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ព័ន្ធនានា ព្រោះនាំឲ្យខាតបង់លុយកាក់ ប៉ះពាល់សុខភាព ហើយមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕