backup og meta

តិចនិក​ញ៉ាំ​អាហារ​សម្រាប់អ្នកខ្សោយបេះដូង ជួយសុខភាពល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Sep 06, 2021

    តិចនិក​ញ៉ាំ​អាហារ​សម្រាប់អ្នកខ្សោយបេះដូង ជួយសុខភាពល្អ

    ខ្សោយបេះដូង ជាជំងឺឧស្សាហ៍កើតមានណាស់ ជាឃាតកលាក់មុខ សម្លាប់មនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ មិនគិតថា​មានក្រ សខ្មៅ ស្គមធាត់នោះឡើយ។ ហេតុនេះ អ្វីយើងអាចធ្វើបាន ត្រូវចេះប្រុងប្រយ័ត្នឲ្យបានច្រើន បើទោះជាយើងមានជំងឺខ្សោយ​បេះ​ដូង​ ក៏អាចរស់នៅដោយសប្បាយចិត្ត ដោយ​ចេះរៀបចំរបបអាហារឲ្យ​បាន​ត្រឹម​ត្រូវ។

    ១- ពិចារណាជ្រើសរបបអាហារត្រឹមត្រូវ

    របបអាហារត្រឹមត្រូវសម្រាប់គ្នាយើងមានជំងឺខ្សោយបេះដូង អាចនិយាយបានថា គ្មានអ្វីល្អជាង DASH និង Mediterranean diet នោះទេ។ របបអាហារបែប DASH ត្រូវគេច្នៃឡើងសម្រាប់គ្នាយើងមានជំងឺលើសឈាម សម្បូរទៅដោយអាហារូបត្ថម្ភល្អៗ និង​ខ្លាញ់ល្អ ដែលអាចជួយសុខភាពបេះដូងដំណើរការល្អ និង​រក្សា​កុំឲ្យ​ឡើងសម្ពាធឈាម​។ រីឯរបបអាហារ Mediterranean diet គឺជារបបអាហារដែលពលរដ្ឋនៅតំបន់នោះនិយមប្រើ ជួយសុខភាពបានល្អដូចគ្នា។

    តាមរយៈរបបអាហារ DASH និង Mediterranean diet គឺអាចជួយយើងសម្រេចបានគោលដៅញ៉ាំអាហារមានសុខភាពល្អ ដោយ​ផ្តោតសំខាន់ទៅលើពពួកអាហារមានកម្រិតសូដ្យូមទាប ពិសេសរបបអាហារទាំងនេះ គឺបានកំណត់ពីការញ៉ាំអាហារកែច្នៃ ឬ​អាហារកំប៉ុង ដែលសុទ្ធសឹងមានផ្ទុកសារធាតុជាច្រើនប៉ះពាល់ដល់ចរន្តឈាម បង្កហានិភ័យកាន់តែខ្ពស់ទៅលើសុខភាព​បេះដូង។

    ដើម្បីច្បាស់ពីរបបអាហារខាងលើ គ្នាយើងអាចប្រឹក្សាបន្ថែមជាមួយគ្រូពេទ្យ ឬអ្នកជំនាញរបបអាហារសុខភាព ដើម្បីទទួលបានផែនការញ៉ាំអាហារល្អសក្តិសមសម្រាប់ខ្លួនយើង។

    របបអាហារបន្ថយហានិភ័យជំងឺមហារីក

    ២- រៀបចំអាហារសម្បូរសារធាតុចិញ្ចឹម

    គ្នាយើង ក៏មិនចាំបាច់ធ្វើតាមការណែនាំពីរបបអាហារជាក់លាក់ណាមួយទាំងស្រុងនោះដែរ។ ជម្រើសមួយទៀត អាចសិក្សាពីអាហារណា ប៉ះពាល់ដល់សុខភាពយើង ដកវាចេញពីរបបអាហារប្រចាំថ្ងៃ ដើម្បីបង្កើតជម្រើសអាហារវ័យឆ្លាតបំផុតសម្រាប់​បេះ​ដូង​។

    ដើម្បីជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមចាំបាច់ដែលយើងត្រូវការ សំខាន់បំផុត ត្រូវញ៉ាំឲ្យបានច្រើនមុខ ដែលសម្បូរវីតាមីន ជាតិរ៉ែ ជាតិកាកសរសៃ និងសារធាតុចិញ្ចឹមគោលសំខាន់ៗជាច្រើនទៀត។ មួយវិញទៀត វារឿងល្អបំផុតគ្នាយើងត្រូវដឹងពីការកំណត់ញ៉ាំអាហារដែលមានផ្ទុកកាឡូរីខ្ពស់ បែរជាមានសារធាតុចិញ្ចឹមទាបទៅវិញ។

    យោងតាមការណែនាំពីសមាគមបេះដូងអាមេរិក AHA របបអាហារល្អបំផុតសម្រាប់សុខភាពបេះដូង មានដូចជា៖

    – បន្លែ ផ្លែឈើ

    – សណ្តែកសៀង និងពពួកសណ្តែកកួរផ្សេងទៀត

    – គ្រាប់ធញ្ញជាតិ

    – ធញ្ញជាតិទាំងមូល

    ទោះជាយ៉ាងណា យើងអាចបន្ថែមអាហារមានរសជាតិឆ្ងាញ់ផ្សេងទៀតចូលក្នុងរបបអាហារខាងលើ ដូចជា៖

    – គ្រឿងសមុទ្រ

    – សាច់បក្សីអត់ស្បែក

    – ផលិតផលទឹកដោះគោគ្មានជាតិខ្លាញ់។

    ជម្រើសផ្សេងទៀត AHA ក៏ណែនាំឲ្យធ្វើការកម្រិតពពួកអាហារមួយចំនួន ដូចជា សាច់ក្រហម បង្អែម និងអាហារណាដែលសម្បូរខ្លាញ់មិនល្អ និងសារធាតុមួយចំនួន ដូចជា saturated fat, trans fat កូលេស្តេរ៉ូល ជាតិសូដ្យូម និងជាតិស្ករចម្រាញ់។

    ៣- កាត់បន្ថយកម្រិតជាតិសូដ្យូម

    នៅពេលយើងញ៉ាំអាហារប្រៃ ឬជាតិសូដ្យូម វានឹងធ្វើឲ្យរាងកាយកាត់តែកើតសារធាតុរាវ នៅពេលសារធាតុរាវទាំងនោះកើនពេញ​ខ្លួន​យើង នាំឲ្យសម្ពាធឈាមកើនឡើងដូចគ្នា ជាមូលហេតុប៉ះពាល់ដល់សុខភាពបេះដូង។

    ក្នុងករណីខ្សោយបេះដូង ការញ៉ាំអាហារមានជាតិសូដ្យូម ជារឿងសំខាន់ត្រូវតែកំណត់ឲ្យបានត្រឹមត្រូវ ព្រោះសារធាតុនេះ នឹងធ្វើឲ្យរោគសញ្ញាខ្សោយបេះដូងកាន់តែធ្ងន់ធ្ងរ។ នៅពេលអូសបន្លាយពេលកាន់តែយូរ វានឹងបន្តប៉ះពាល់ទៅដល់តម្រងនោមថែមទៀត។

    ដើម្បីជួយគ្រប់គ្រងជំងឺខ្សោយបេះដូងឲ្យបានល្អ វេជ្ជបណ្ឌិតនឹងលើកទឹកចិត្តយើង អនុវត្តរបបអាហារមានជាតិសូដ្យូមកម្រិតទាប មិនត្រូវលើពី ២ ក្រាម/ថ្ងៃនោះឡើយ ប៉ុន្តែវាក៏អាស្រ័យទៅលើលក្ខខណ្ឌសុខភាពបេះដូងយើងជាក់ស្តែងដូចគ្នា។

    អាហារសម្បូរជាតិសូដ្យូម មានដូចជា អាហារសមុទ្រ ស្បែកសត្វ សាច់ក្រហម ផលិតផលពីទឹកដោះ និងផលិតផលពីរុក្ខជាតិ។ ប៉ុន្តែប្រភពដ៏ច្រើននៃជាតិសូដ្យូម គឺអំបិលនេះឯង ដែលជាធម្មតា គ្រប់អាហារចម្អិនទាំងអស់ សុទ្ធតែមានប្រើអំបិលជាគ្រឿងផ្សំ។

    ៤- តិចនិកកាត់បន្ថយជាតិសូដ្យួម

    ដើម្បីអាចកាត់បន្ថយញ៉ាំជាតិសួដ្យូមប្រកបដោយប្រសិទ្ធភាព គ្នាយើងចៀសវាង ឬកម្រិតការញ៉ាំអាហារកែច្នៃ និងអាហារកំប៉ុង (ឆ្អិនស្រាប់) ហើយមុនពេលទិញអាហារទាំងនេះមកញ៉ាំ ត្រូវអាន​ការណែនាំ និងពីនិត្យ​សារធាតុចិញ្ចឹមនៅលើសម្បក ត្រូវជ្រើសយកអាហារមានបញ្ជាក់ថា កម្រិតសូដ្យូមទាប។​

    ៥- កម្រិតការផឹកសារធាតុរាវ

    បើគ្នាយើងមានជំងឺខ្សោយបេះដូង វេជ្ជបណ្ឌិតនឹងណែនាំឲ្យយើងកត់សម្គាល់កម្រិតសារធាតុរាវយើងផឹកប្រចាំថ្ងៃ។ ពិតណាស់ យើងត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីកុំឲ្យខ្វះជាតិទឹកក្នុងខ្លួន ប៉ុន្តែបើផឹកសារធាតុរាវច្រើនពេក ក៏ធ្វើឲ្យសម្ពាធឈាមយើងឡើងខ្ពស់ ប៉ះពាល់ភ្លាមៗទៅលើបេះដូងយើង ដែលកំពុងតែខ្សោយស្រាប់។

    ៦- កម្រិតការផឹកគ្រឿងស្រវឹង

    ដើម្បីការពារសុខភាពបេះដូង និងសរសៃឈាមដំណើរការបានល្អ ពេទ្យច្បាស់ជាប្រាប់យើងមិនឲ្យផឹកគ្រឿងស្រវឹងច្រើនពេកនោះទេ ព្រោះអាចកើនហានិភ័យគាំងបេះដូងគ្រប់ពេល ក៏ដូចជាដាច់សរសៃឈាមខួរក្បាល និងបញ្ហាសុខភាពផ្សេងទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Sep 06, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម