យើងគ្រប់គ្នាពិតជាចង់បានរាងកាយមួយម៉ាំមួន សុខភាពល្អ ប្រព័ន្ធភាពស៊ាំខ្លាំងមិនខាន ជាពិសេសក្នុងបរិបទជំងឺកូវីដ១៩នេះផង។ គ្នាយើងដឹងទេរបបអាហារបានដើរតួនាទីយ៉ាងសំខាន់ជួយឲ្យប្រព័ន្ធភាពស៊ាំរបស់យើងរឹងមាំ។ ខាងក្រោមនេះជាវីតាមីន និងរ៉ែ មួយចំនួនដែលចូលរួមជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់យើងខ្លាំង រឹងមាំ ហើយងាយរកទៀតផង។
១.វីតាមីនC
គ្នាយើងទំនងជាដឹងហើយថាវីតាមីនC មាននាទីជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ វីតាមីន C យើងអាចរកបានពីបន្លែស្លឹកបៃតងដូចជាស្ពៃពួយឡេង ម្ទេសប្លោក និងផ្លែល្ហុងជាដើម។ ជាការពិតវីតាមីន C មាននៅក្នុងបន្លែ និងផ្លែឈើជាច្រើនទៀត ដែលយើងគ្រប់គ្នាអាចរកញ៉ាំបាន ដោយមិនបាច់ប្រើអាហារបំប៉ននោះទេ លើកលែងតែមានវេជ្ជបញ្ជា។
២. វីតាមីន E
មិនខុសពីវីតាមីន C ដែរ វីតាមីនE អាចជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាមួយ ជួយរាងកាយយើងប្រឆាំងនិងការឆ្លងរោគ។ គ្រាប់អាល់ម៉ុន សណ្ដែកដី គ្រាប់ផ្កាឈូករ័ត្ន គឺសុទ្ធតែជាប្រភពនៃវីតាមីនE ខ្ពស់។ ដូចគ្នាដែរ បន្លែដូចជាស្ពៃពួយឡេង និងផ្កាខាត់ណាខៀវ ក៏សម្បូរដោយវីតាមីននេះដូចគ្នា។
៣. វីតាមីនA
វីតាមីនA យើងអាចរកបាននៅក្នុងការ៉ុត ដំឡូងជ្វា និងល្ពៅ ជាដើម។ អាហារទាំងនេះមានផ្ទុកដោយ carotenoids ដែលរាងកាយយើងបំប្លែងទៅជាវីតាមីនA ហើយវីតាមីននេះមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងការឆ្លងរោគផ្សេងៗ។
៤. ហ្វូឡែត/ហ្វូលិក អាស៊ីដ(Folate/folic acid)
ហ្វូឡែតមានក្នុងទម្រង់បានពីធម្មជាតិ ខណៈហ្វូលិកបានពីទម្រង់នៃសំយោគ ហើយអាស៊ីដនេះមាននៅក្នុអាហារ និងផ្ដល់ប្រយោជន៍ដល់សុខភាពយើង។ យើងអាចទទួលបានហ្វូឡែតដោយញ៉ាំពពួកសណ្ដែក និងបន្លែស្លឹកបៃតង។ ដូចគ្នាដែរ យើងអាចទទួលបានអាស៊ីដហ្វូលិកពីអាហារដូចជានំប៉័ង បាយ និងផលិតផលធ្វើពីគ្រាប់ធញ្ញជាតិផ្សេងទៀត។
៥. ជាតិដែក
ជាតិដែក ជួយរាងកាយដឹកនាំអុកស៊ីសែនទៅកាន់កោសិកានានា។ ជាតិដែក យើងអាចរកបានពីសាច់មាន់ អាហារសមុទ្រ សណ្ដែក និងផ្កាខាត់ណាខៀវជាដើម។
៦. ស៊ីលីស្យូម (Selenium)
ស៊ីលីស្យូមទំនងជាមានឥទ្ធិពលខ្លាំងលើប្រព័ន្ធភាពស៊ាំ ដោយរួមទាំងអាចជួយពន្យឺតសកម្មភាពឆ្លើយតបហួសហេតុរបស់រាងកាយលើកោសិកាកាចក្នុងទម្រង់ជាមហារីក។ រ៉ែប្រភេទនេះអាចរកបានក្នុងខ្ទឹមស ខាត់ណាខៀវ ត្រីធូណា និងអាហារមួយចំនួនផ្សេងទៀត។
៧. ស័ង្កសី
យើងអាចរករ៉ែស័ង្កសីបានពីអយស្ទ័រ ក្តាម សាច់មាន់ និងសណ្ដែកជាដើម។ ជាតិស័ង្កសីទំនងជាបានជួយពន្យឺតការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំហួសហេតុ និងជួយគ្រប់គ្រងការរលាកក្នុងរាងកាយ។
[embed-health-tool-bmr]