backup og meta

គ្រាន់តែគេងលើកជើងផ្អែកជញ្ជាំងក៏មានប្រយោជន៍ច្រើនដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 21, 2022

    គ្រាន់តែគេងលើកជើងផ្អែកជញ្ជាំងក៏មានប្រយោជន៍ច្រើនដែរ

    ការគេងលើកជើងផ្អែកជញ្ជាំង គឺជាលំហាត់យូហ្កាងាយស្រួលដែលយើងអាចធ្វើជំនួសលំហាត់ដាំក្បាលចុះក្រោម ហើយទុកនាទីឱ្យទំនាញផែនដីធ្វើការលើជើង និងរាងកាយរបស់យើង។ តើការគេង​លើក​​ជើងផ្អែកជញ្ជាំង​ផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

    ១. ជួយឱ្យយើងស្ងប់អារម្មណ៍

    ការគេងលើកជើងផ្អែកជញ្ជាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងធ្វើឱ្យអារម្មណ៍​យើង​ស្ងប់ភ្លាមៗ។ ក្នុងអំឡុងពេលធ្វើលំហាត់នេះ យើងអាចដក់ដង្ហើមវែងៗ​ដើម្បីទទួល​បាន​លទ្ធផលទ្វេដង ព្រោះការដកដង្ហើមបានវែងៗ​អាចកាត់បន្ថយអត្រាចង្វាក់​បេះដូង​លោត​​ដែលជួយឱ្យ​យើងបន្ធូរអារម្មណ៍ កាត់បន្ថយការថប់បារម្ភ ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។

    ២. ជួយបំបាត់អាការៈចុករួយស្រពន់ជើង

    ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងសរសៃពួរនៅភ្លៅខាងក្រោយដែលនឹងជួយបំបាត់អាការៈចុករួយស្រពន់ជើង បន្ទាប់ពីការធ្វើដំណើររយៈពេលវែង ការឈរ ឬអង្គុយនៅមួយកន្លែងពេញមួយថ្ងៃ។

    កាលណាត្រគាករបស់យើងកាន់តែខិតទៅជិតជញ្ជាំង សរសៃ​ពួរនៅភ្លៅខាងក្រោយរបស់យើងនឹងសន្ធឹងកាន់តែវែងដែរ​​។

    ៣. ​ជួយកាត់បន្ថយអាការៈចុករួយង្កេះ​ផ្នែក​ខាងក្រោម​

    ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងឆ្អឹងខ្នងចង្កេះ​ និងសាច់​ដុំ​ខ្នងដែលនឹង​ជួយកាត់បន្ថយ​អាការៈចុករួយចង្កេះ​ផ្នែក​ខាងក្រោម។

    ឈឺចង្កេះ

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ៤. បង្កើនចលនាឈាមរត់

    ការធ្វើលំហាត់ប្រាណបែបនេះ អាចជួយកាត់បន្ថយអាការៈហើមជើងដោយជួយបង្ហូរសារធាតុរាវដែលចាល់ក្នុងជើង​មក​រាង​កាយ​វិញ​។ លើសពីនេះទៅទៀត ទំនាញផែនដី​ជួយ​ឱ្យឈាមហូរត្រឡប់​ទៅ​បេះដូង​វិញបាន​ល្អ​ដែលនឹងជួយបង្កើនចលនាឈាមរត់ក្នុងខ្លួនរបស់យើង។

    ៥. ជំរុញការរំលាយអាហារ

    ការគេងលើកជើងផ្អែកជញ្ចាំងអាចជួយ​សម្រួល​ចរន្ត​ឈាម​ក្នុង​ពោះ និង​កាត់​បន្ថយ​​ការសង្កត់ទៅលើ​ក្រពះ និងពោះវៀនដែល ការ​សង្កត់​នេះ​ប៉ះពាល់ដល់ការរំលាយអាហាររបស់យើង និងធ្វើឱ្យយើងហើមពោះ ច្រាល់​ទឹកអាស៊ីដក្រពះ និងទល់លាមក។

    ៦. កាត់បន្ថយអាការៈឈឺក្បាលធម្មតា​ ​និងឈឺក្បាលប្រកាំង

    ការគេងលើកជើងផ្អែកជញ្ជាំងជាប្រចាំអាចរួម​ចំណែក​កាត់បន្ថយអាការៈការឈឺក្បាលធម្មតា​ និងឈឺក្បាលប្រកាំង ព្រោះ​ការលើកជើងឡើងលើអាចជំរុញរំហូរ​ឈាមត្រលប់ទៅកាន់បេះដូង និងបង្កើនចលនាឈាមរត់​ក្នុង​ខ្លួន​ដែលធ្វើឱ្យរាងកាយយើងទទួលបានអុកស៊ីសែនគ្រប់គ្រាន់។

    របៀបគេងលើកជើងផ្អែកជញ្ជាំង

    យើងអាចអង្គុយនៅលើកម្រាលហាត់យូហ្កា ហើយចំហៀងខ្លួនខាងធ្វេងរបស់យើង​ត្រូវជាប់​នឹង​ជញ្ជាំង។ បន្ទាប់មកគេងលើកម្រាល លើកជើងទាំងពីរផ្អែកជាប់នឹងជញ្ជាំង​ដោយយកដៃ​ជួយបង្វិល​ខ្លួន រួចរំកិលគូទរបស់យើងឱ្យជិតជញ្ជាំងតាមដែលអាចធ្វើបាន។

    ជាចុងក្រោយ យើងត្រូវបន្ធូរ​សាច់​ដុំទាំងអស់នៅលើរាងកាយយើង បិទភ្នែក ដាក់ដៃនៅលើពោះ ឬនៅលើឥដ្ឋ និងដកដង្ហើមវែងៗ។ យើងត្រូវស្ថិតនៅក្នុងឥរិយាបទនេះឱ្យបានយូរតាមដែលអាចធ្វើទៅបានប្រហែលជា ១០ ទៅ ១៥ នាទី។

    ដើម្បីឈប់ហាត់លំហាត់នេះយើងត្រូវទាញជង្គង់របស់យើងដាក់លើទ្រូង រួចហើយរមៀលខ្លួន​ទៅ​ចំហៀងខ្លួន។ បន្ទាប់មកសម្រាកមួយសន្ទុះ រួចក្រោកឡើងអង្គុយយឺតៗ។ ជាចុងក្រោយ យើងត្រូវ​រលាស់​ជើងទាំងពីរដើម្បីជួយសម្រួលរំហូរឈាម។

    យើងអាចដាក់ទ្រនាប់នៅក្រោមត្រគាក ក្រោមកដើម្បីឱ្យស្រួលខ្លួន ​និងពាក់ស្រោម​ជើងក្រាស់​ដើម្បី​ការពារការឈឺកែងជើង។ បន្ទាប់ពីហាត់លំហាត់នេះរួច យើងគួរ​ចៀសវាង​ញុំាអាហារក្នុងរយៈពេល ២០ នាទី ឬ​ចៀសវាង​ហាត់លំហាត់​នេះបន្ទាប់ពីញុំា​អាហារ​រួច។

    ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយឱ្យយើងមានសុខភាពល្អ តែអ្នក​មានជំងឺពុកឆ្អឹង ដក់ទឹកក្នុងភ្នែក លើសសម្ពាធឈាម ស្រ្តីពពោះ ឬកំពុង​មករដូវមិនអាចហាត់លំហាត់នេះបានទេ។

    អត្ថបទគួរអាន៖

  • លំហាត់​ប្រាណ​បែបលាតសន្ធឹងជើងចុះ​ឡើង​​ ជួយដល់លំហូរឈាម​
  • ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង
  • ហាត់ប្រាណ​មាន​ទំនាក់ទំនងបែបណាជាមួយ​សុខភាពបេះដូង?
  • ហាត់​ប្រាណ​ពេល​ព្រឹក អាច​បន្ថយហានិភ័យកើត​ជំងឺមហារីក
  • ឈឺជង្គង់ក្រោយដើរច្រើន ឬហាត់ប្រាណរួចគួរធ្វើម៉េច?
  • ដើរហាត់ប្រាណមួយថ្ងៃប៉ុន្មានជំហានទើបល្អ?
  • ចំណុចសំខាន់

    ការគេងលើកជើងផ្អែកជញ្ជាំងអាចផ្តល់ប្រយោជន៍ដល់សុខភាពយើងដូចជា៖
    • ជួយឱ្យយើងស្ងប់អារម្មណ៍​
    • បំបាត់អាការៈចុករួយស្រពន់ជើង
    • កាត់បន្ថយអាការៈចុករួយចង្កេះ​ផ្នែក​ខាងក្រោម
    • ជួយសម្រួលសាច់ដុំអាងត្រគាក
    • បង្កើនចលនាឈាមរត់
    • ជំរុញការរំលាយអាហារ
    • កាត់បន្ថយអាការៈឈឺក្បាលធម្មតា ​និងឈឺក្បាលប្រកាំង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម