backup og meta

ចុករួយចង្កេះ ឈឺខ្នងពេលពោះ កុំបារម្ភពេក ម៉ាក់ៗអាចសាកតិចនិកទាំងនេះ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 13, 2020

    ចុករួយចង្កេះ ឈឺខ្នងពេលពោះ កុំបារម្ភពេក ម៉ាក់ៗអាចសាកតិចនិកទាំងនេះ!

    ស្រីៗ​គ្នា​យើង​កំពុង​តែ​ពពោះ ឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះ​មែនទេ? កុំ​បារម្ភ​ពេក អាការៈ​ចុក​រួយ​ចង្កេះ ឈឺ​ខ្នង​ពេល​ពពោះ ជា​រឿង​ធម្មតាប៉ុណ្ណោះ ដោយសារ​តែ​រាង​កាយ និងអ័រម៉ូន​ប្រែ​ប្រួល ស្បូន​រីក​ធំ រុញ​សាច់ដុំ និង​សរីរាង្គ​ផ្សេងៗ​ទៀត។ ដើម្បី​សម្រួល​អាការៈ​ចុក​រួយ​ចង្កេះ និង​ឈឺ​ខ្នង ពេល​ពពោះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​នូវ​តិច​និក​មួយ​ចំនួន​ខាង​ក្រោម​នេះ។

    ១. គេង​ឲ្យ​បាន​គ្រប់​គ្រាន់ សម្រាក​ឲ្យ​ច្រើន

    ពេល​ពពោះ​​រាងកាយ​ស្រីៗ​យើង​កាន់តែ​ចុះ​ខ្សោយ ងាយ​ទទួល​រង​សម្ពាធ​ផ្សេងៗ យក​ល្អ​គួរ​តែសម្រាក​ឲ្យ​បាន​ច្រើន និង​គេង​ឲ្យ​បាន​​គ្រាន់។

    ២. សម្រួល​ឥរិយាបថ​ឲ្យ​បាន​ល្អ

    ស្រប​ពេល​រាង​កាយ​យើង​កំពុង​រីក​ធំ​ធាត់ ពោះ​របស់​យើង​ក៏​ធំទៅ​បន្តិច​ម្តងៗ នាំ​ឲ្យ​ទម្ងន់​ខាង​មុខធ្ងន់​ជាង​ខាង​ក្រោយ ជាកត្តា​នាំ​ឲ្យ​យើងចាប់​ផ្តើម​មាន​អារម្មណ៍​ឈឺ​ខ្នង និង​រួយ​ចង្កេះ​ជាដើម។ ប៉ុន្តែ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​រយៈ​ឥរិយាបថ​ត្រឹម​ត្រូវ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

    – ក្រោក​ឈរ​ឡើង​ឲ្យ​ត្រង់

    – ពើង​ទ្រូង​ឡើង​ឲ្យ​ខ្ពស់

    – ទម្លាក់​ស្មា​ទៅ​ក្រោយ​ ហើយ​សម្រាកបន្ធូរ​អារម្មណ៍

    – កុំ​សម្លឹង​ចុះ​មើល​ជើង​យើងឲ្យ​សោះ

    នៅ​ពេល​យើង​ឈរ​ក្នុង​ស្ថាន​ភាព​មួយ​មាន​អារម្មណ៍​ផាកសុភាព នោះ​នឹង​ជួយ​ឲ្យ​ការ​ឈឺ​ចាប់​ខ្នង​រសាត់​ទៅ​បាន​ដែរ។ ចំពោះ​ការ​អង្គុយ​វិញ យើង​អាច​ជ្រើស​រើស​កៅអី​ណា​ដែល​អាច​ទប់​ខ្នង​យើង​បាន​ស្រួល ឬ​អាច​ប្រើ​ខ្នើយ​ដើម្បី​ទប់​ខ្នង​ផ្នែក​ខាង​ក្រោម​។

    ៣. ប្រើ​ស្បែក​ជើងកែងទាបៗ ឬបាតរាបស្មើ

    យើងត្រូវពាក់​ស្បែក​ជើង​កែង​ទាប មិន​ចោត ពោល​គឺ​ប្រើ​ស្បែក​ជើង​ណា​ដែល​យើង​ពាក់​ទៅ​ស្រួល​ខ្លួន​ និង​ហាម​ពាក់​ស្បែក​ជើង​កែង​ចោត ដែល​ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​យើង​មិន​មាន​លំនឹង​ល្អ និង​អាច​បណ្តាល​ឲ្យ​ដួល​បាន។

    ៤. ក្រោកឡើង​ឲ្យ​បាន​ត្រឹម​ត្រូវ

    ពេល​អង្គុយ​ចុះ​ដើម្បី​រើស​របស់​តូចៗ​អ្វី​មួយ ដោយ​ត្រូវ​អង្គុយ​ចុះ​នោះ គឺ​ត្រូវ​ប្រើ​កម្លាំង​ជើង​ក្រោក​ឡើង​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មិន​ត្រូវ​ប្រើ​ចង្កេះ ឬ​ខ្នង​ដើម្បី​យោង​ទម្ងន់​ខ្លូន​យើង​ឡើង​មក​លើ​វិញ​ជា​ដាច់​ខាត។ នេះ​ជា​ចំណុច​សំខាន់​មួយ ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ឬ​អាច​សួរ​ការណែនាំ​បន្ថែម​ពី​គ្រូពេទ្យ។

    ៥. គេង​ផ្អៀង

    ការ​គេង​ផ្អៀង មិន​គេង​សង្កត់​លើ​ខ្នង ជា​រឿង​ត្រឹម​ត្រូវ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ដោយរក្សា​ជង្គង់ម្ខាង ឬ​ទាំងសងខាង​ឲ្យ​បាន​ត្រង់។ អាច​ពិចារណា​ប្រើ​ខ្នើយ​សម្រាប់​ស្រីៗ​ពពោះ​ដាក់​នៅ​ចន្លោះ​ជង្គង់​ទាំង​ពីរ កល់​ក្រោម​ពោះ និង​ខ្នង​ដើម្បី​រក្សា​ឥរិយាបថ​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ។

    ៦. ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ និង​ហាត់​ប្រាណ

    សកម្មភាព​ធម្មតា​ប្រចាំ​ថ្ងៃ ក៏​ជួយ​សុខភាព​ខ្នង​យើង​រឹង​មាំ​ល្អ ក៏ប្រហែល​ជាអាច​បំបាត់​ការ​ឈឺ​ចាប់​ត្រង់​ខ្នង​បាន អំឡុង​ពេល​កំពុង​ពពោះ។ តាម​រយៈការ​ណែនាំ​ពី​អ្នក​ជំនាញ ស្រីៗ​គ្នា​យើង​កំពុង​ពពោះ អាច​បញ្ចេញ​សកម្មភាព​ស្រាលៗ ពិសេស​ការ​ហាត់​ប្រាណ ដូចជា​ដើរ ​ជាដើម។ ការ​ព្យាបាល​ដោយ​ចលនា គួប​ផ្សំ​នឹង​ហាត់​ប្រាណ សុទ្ធ​តែ​អាច​ជួយ​បំបាត់​ការ​ឈឺ​ចាប់​បាន។

    ៧. មិន​គួរ​លើក​របស់​ធ្ងន់ ឬ​ធ្វើ​ដំណើរ​ឆ្ងាយ

    ការ​លើក​ដាក់​របស់​ធ្ងន់ និង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេក អាច​នឹង​ជះ​ឥទ្ធិពល​មិន​ល្អ​ចំពោះ​សុខភាព​ស្ត្រី​ពពោះ តែ​បើ​ចាំបាច់ យើង​ត្រូ​វ​លើក​របស់​អ្វី​មួយ​ដោយ​យឺតៗ ឬ​ដោយ​ប្រើ​កម្លាំង​ជើង​​។ បើ​ថង់​អីវ៉ាន់​យើង​ធ្ងន់​ គួរ​រំលែក​ជា​២​ស្មើគ្នា​ យួរ​ដោយ​ដៃ​សង​ខាង។ ចំពោះ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​គួរ​ចៀស​វាង​នៅ​ត្រីមាស​ដំបូង និង​ជិត​ដល់​ពេល​សម្រាល​កូន។

    ៨. សាក​ល្បង​ស្អំ​របស់​ក្តៅ ឬ​ត្រជាក់ ឬម៉ាស្សា

    មាន​ភស្តុតាង​ជាច្រើន ត្រូវ​គេ​ជឿ​​ថា មានគុណ​ប្រយោជន៍​ជាច្រើន​អាច​បំបាត់​អាការៈ​ឈឺ​ខ្នង​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ គឺ​ការ​ម៉ាស្សា​ថ្មមៗ​ត្រង់​ចង្កេះ ឬខ្នង ឬអាច​ប្រើ​វវត្ថុ​ត្រជាក់ ឬក្តៅ​មក​ស្អំ​ក៏បាន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម