ការប្រើប្រាស់ខោទឹកនោម ពិតជាផ្ដល់ភាពងាយស្រួលដល់អាណាព្យាបាលគ្រប់រូប ប៉ុន្តែវាក៏ផ្ដល់គុណវិបត្តិចំពោះកូនតូចៗផងដែរ ពេលយើងមិនបានយល់ច្បាស់អំពីការថែទាំ និងខ្វះអនាម័យ។
ត្រួតពិនិត្យដោយ ចាន់ វុត្ថា
ការប្រើប្រាស់ខោទឹកនោម ពិតជាផ្ដល់ភាពងាយស្រួលដល់អាណាព្យាបាលគ្រប់រូប ប៉ុន្តែវាក៏ផ្ដល់គុណវិបត្តិចំពោះកូនតូចៗផងដែរ ពេលយើងមិនបានយល់ច្បាស់អំពីការថែទាំ និងខ្វះអនាម័យ។
វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា បច្ចុប្បន្នទារក និងកុមារមួយចំនួនដែលមានអាយុក្រោម ឬលើស ២ឆ្នាំ ម៉ាក់ប៉ាលែងសូវប្រើកំណាត់កន្ទបឲ្យទៀតហើយ ភាគច្រើនប្ដូរមកប្រើខោទឹកនោមវិញ ព្រោះងាយស្រួលក្នុងការផ្លាស់ប្ដូរ និងមិនពិបាកបោកគក់។ វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះបានបន្តថា កត្តាមួយចំនួនដែលឪពុកម្តាយគ្រប់រូបមិនបានចាប់អារម្មណ៍ទៅលើវិធីប្រើប្រាស់ ដែលអាចធ្វើឲ្យកូនៗរបស់យើងកើតមានជំងឺផ្សេងៗ ដោយមិនដឹងខ្លួនដោយសារតែខោទឹកនោមផ្ទុកកាកសំណល់យូរម៉ោងពេក។
ក្នុងនោះមានជំងឺធ្ងន់មួយ គឺជំងឺមេរោគចូលក្នុងផ្លូវទឹកនោមរបស់កូនតូច ដែលបណ្ដាលមកពីមានការរលោកនៅតាមផ្លូវបង្ហួរនោមចូលដល់បង្ហូរនោម ផ្លោកនោម និងដល់តម្រងនោម ហើយការរលាកអស់ទាំងនោះបណ្ដាលមកពីឆ្លងមេរោគ។ ចំណែកការឆ្លងមេរោគទៅក្នុងទឹកនោម គឺមកពីការស្លៀកខោទឹកនោមនេះយូរម៉ោងពេកដែរ ឯក្មេងស្រីងាយនឹងឆ្លង ឬរលាកជាងក្មេងប្រុស។ ជម្រើសល្អគួរស្លៀកឲ្យកូនត្រឹម ៣-៤ ម៉ោង បានហើយ កុំឲ្យលើសរហូតដល់ ៦-១០ ម៉ោង ព្រោះជាហេតុបង្ករោគឆ្លង។
បើនិយាយពីទារកទើបតែកើត និងក្មេងអាយុក្រោម ១ឆ្នាំ វិញជួបបញ្ហាសើស្បែកដូចជា រលាកស្បែកគូទទារកដោយសារខោទឹកនោម ជួបច្រើនជាងគេក្នុងចំណោមរោគសើស្បែកដទៃ។ ខោទឹកនោមអាចបណ្ដាលឲ្យស្បែកឡើងក្រហម កន្ទួល សង្កៀរស្បែក ។ មិនតែប៉ុណ្ណោះក្មេងអាយុ ២ ឆ្នាំឡើង ក៏ជួបប្រទះបញ្ហារលាកដោយសារខោទឹកនោមដែរ ព្រោះក្មេងធំចូលចិត្តគេងច្រើន ហើយម៉ាក់ប៉ាមើលថែមិនបានដិតដល់ ដូចនេះហើយទឹកនោម ឬលាមកជាប់ក្នុងខោទឹកនោមជះឥទ្ធិពលមិនល្អ បង្កទៅជាមេរោគផ្សេងៗ នាំឲ្យមានបញ្ហារលាកស្បែក ដោយសារខោទឹកនោម។
– ទឹកនោមដក់ក្នុងខោ មានរយៈពេលយូរដោយមិនបានផ្លាស់ប្ដូរឲ្យបានញឹកញាប់។
– សាច់ខោមានសារជាតិគីមី ហើយពេលសារជាតិគីមីនេះប៉ះទឹកនោម ធ្វើឲ្យមានប្រតិកម្ម នឹងបណ្ដាលឲ្យស្បែករលាក។
– ម្សៅមានជាតិគីមី ព្រោះម៉ាក់ប៉ាភាគច្រើនលាប ឬរោយម្សៅ សិនទើបស្លៀកខោទឹកនោម ហើយកាលណាប៉ះទង្គិចជាមួយខោទឹកនោមយូរៗ ធ្វើឲ្យម្សៅកកដុំៗ ហើយទៅកកិតស្បែក។
ទារកដែលស្លៀកខោទឹកនោមយូរៗទៅ ស្បែកដែលរលាកដោយការកកិត ក្លាយជាដំបៅរីកធំទៅៗ ធ្វើឲ្យទារកប្រឈមនឹងគ្រោះថ្នាក់ ដូច្នេះបើកូនមានបញ្ហាដូចបានរៀបរាប់ ត្រូវប្រញាប់នាំកូនទៅជួបជាមួយគ្រូពេទ្យឯកទេស។
– ត្រូវប្ដូរខោទឹកនោមឲ្យបានញឹកញាប់តាមដែលអាចធ្វើទៅបាន ពេលកូននោមសើម។
– បន្ទាប់ពីស្រាតខោទឹកនោម ត្រូវលាងសម្អាតគូទកូនជាមួយទឹកក្ដៅឧណ្ហ៍ៗ។
– មិនត្រូវស្លៀកខោទឹកនោមឲ្យកុមារគ្រប់ពេលវេលា បើពេលថ្ងៃមិនបាច់ស្លៀក ដើម្បីឲ្យកូនទទួលខ្យល់ធម្មជាតិ និងពន្លឺថ្ងៃ ព្រោះអាចជួយស្បែកក្មេងចៀសផុតពីជំងឺផ្សេងៗ។
– ចៀសវាងស្លៀកខោអាវមានជាតិប្លាស្ទិក ព្រោះវាអាចធ្វើឲ្យស្បែករលាក។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ចាន់ វុត្ថា