អាការៈសាមញ្ញមួយចំនួន ដូចជាអស់កម្លាំងរ៉ាំរ៉ៃ ឬការប្រែប្រួលអារម្មណ៍ជាប់រហូត សុទ្ធតែអាចបញ្ជាក់ពីបញ្ហាសុខភាពធ្ងន់ធ្ងរ។ ហេតុនេះហើយ គ្នាយើងគប្បីយកចិត្តទុកដាក់ នៅពេលដែលមានការប្រែប្រួលណាមួយកើតឡើងភ្លាមៗចំពោះរាងកាយ។
សញ្ញាព្រមានដែលបញ្ជាក់ថា រាងកាយយើងមានសុខភាពទន់ខ្សោយ រួមមាន៖
១. ស្រកទម្ងន់យ៉ាងឆាប់រហ័ស
ការស្រកទម្ងន់លើសពី ១០%នៃទម្ងន់ខ្លួនក្នុងរយៈពេល៦ខែ គឺជារឿងដ៏គួរឲ្យបារម្ភមួយ និងអាចជាលទ្ធផលនៃបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺទឹកនោមផ្អែម ដុំសាច់ ឬការឆ្លងមេរោគរ៉ាំរ៉ៃជាដើម។
២. ការប្រែប្រួលអារម្មណ៍
ជាមួយគ្នានេះដែរ ការប្រែប្រួលអារម្មណ៍ក៏អាចបង្ហាញពីបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរដូចជាជំងឺបាយប៉ូឡា និងការបាក់ទឹកចិត្តរ៉ាំរ៉ៃជាដើម។
៣. ឈឺក្បាល
អាការៈឈឺក្បាលប្រកាំង ឬឈឺក្បាលរយៈពេលវែងកើតឡើងជាទូទៅ និងមិនមានភាពធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែបើការឈឺក្បាលរយៈពេលខ្លី កាន់តែយ៉ាប់យ៉ឺននៅពេលយប់ ឬនៅពេលព្រឹកដោយមិនបាត់ទៅវិញ ទោះប្រើថ្នាំបំបាត់ការឈឺចាប់យ៉ាងណាក្ដីយើងអាចនឹងមានបញ្ហាសុខភាព។ ពិសេសបើអមមកជាមួយនឹងអាការៈគ្រុនក្ដៅ ព្រមទាំងដៃ និងជើងទន់ខ្សោយទៀត វាអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដូចជាដុំសាច់ ឬរលាកស្រោមខួរក្បាល។
៤. អស់កម្លាំង
ក្នុងករណីដែលយើងនៅតែអស់កម្លាំង ទោះជាបានញ៉ាំរបបអាហារល្អៗ និងគេងបានគ្រប់គ្រាន់ហើយនោះ វាអាចជាសញ្ញានៃជំងឺអស់កម្លាំងរ៉ាំរ៉ៃ ។ ដូច្នេះហើយ ចូរណាត់ជួបជាមួយគ្រូពេទ្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស ទើបជាការប្រសើរ។
៥. ក្អកជាប់រហូត
ចំណែកឯអាការៈក្អកជាប្រចាំ និងអមដោយការស្រកទម្ងន់ គ្រុនក្ដៅកម្រិតស្រាល និងអស់កម្លាំង អាចជារោគសញ្ញានៃការឆ្លងមេរោគរ៉ាំរ៉ៃ ដូចជាជំងឺរបេង ឬដុំសាច់។
៦. ឈឺទ្រូង
ប្រសិនបើយើងមានអារម្មណ៍ថាមានណែនទ្រូង តឹង ឬបុកនៅក្រោមឆ្អឹងជំនី ហើយការឈឺចាប់រាលដាលដល់ថ្គាម ដៃឆ្វេង ឬខ្នង អមជាមួយនឹងការដកដង្ហើមហត់ និងចង្វាក់បេះដូងទាប វាអាចជាសញ្ញានៃការគាំងបេះដូង ដែលតម្រូវឲ្យយើងត្រូវប្រញាប់ទាក់ទងទៅកាន់គ្រូពេទ្យជាបន្ទាន់។
៧. ជាសះស្បើយយឺត
ជំងឺទឹកនោមផ្អែមអាចពន្យឺតដំណើរការនៃការបង្កើតកោសិកាឡើងវិញ ដែលជាហេតុនាំឲ្យដំណើរការនៃការជាសះស្បើយពីរបួសមានភាពយឺតយ៉ាវ។
[embed-health-tool-bmi]