យើងប្រហែលធ្លាប់ឮ ធ្លាប់ដឹងហើយ ជប៉ុនស្ថិតក្នុងចំណោមប្រទេសមានអត្រាពលរដ្ឋអាយុវែងជាងគេលើលោក ពិសេសទឹកដីនៃកោះ អូគីណាវ៉ា គឺសម្បូរមនុស្សរស់នៅមានអាយុរហូតដល់លើស ១០០ឆ្នាំ។ ពលរដ្ឋលើកោះនេះ ២/៣ នៅធ្វើការបានដោយខ្លួនឯង ក្នុងវ័យ ៩៧ ឆ្នាំ មានន័យថា អាចនៅផ្ទះផ្ទាល់ខ្លួន ចម្អិនអាហារដោយខ្លួនឯង និងរស់នៅពឹងផ្អែកលើខ្លួនឯងទាំងស្រុង។ “Hello គ្រូពេទ្យ” នឹងបង្ហាញទម្លាប់រស់នៅជនជាតិជប៉ុន ដែលជាមូលហេតុពិតជួយឲ្យរស់បានលើស ១០០ ឆ្នាំ។
យោងតាមការស្រាវជ្រាវចុះផ្សាយលើបណ្តាញព័ត៌មាន CNN បានឲ្យដឹងថា ទោះបីជាពលរដ្ឋរស់នៅលើកោះ អូគីណាវ៉ា មិនរត់ហាត់ប្រាណនៅខាងក្រៅ ឬទៅកន្លែងហាត់ប្រាណនានា ក៏ពួកគេភាគច្រើនប្រមូលផ្ដុំគ្នានៅតាមសួនច្បារ ហាត់ថៃជី ជិះកង់ និងលេងកីឡា (Gateball) ជាមួយមិត្តភ័ក្តិ។
ចំណែករបបអាហាររបស់អ្នកកោះអូគីណាវ៉ា គឺជាមេរៀនដ៏មានតម្លៃមួយដែលមនុស្សទូទៅគួរយកគំរូតាម។ ទស្សនវិទ្យាជប៉ុន “Hara Hachi Bu” មានន័យ ឈប់ញ៉ាំ នៅពេលយើងឆ្អែត ៨០ ភាគរយ។ ប្រទេសនេះ ក៏គ្មានវប្បធម៌ “បង្ហើយបាតចាន” នាំឲ្យការញ៉ាំអាហារឆ្អែតពេកនោះដែរ។
ជាមួយគ្នានេះ ទម្លាប់ញ៉ាំអាហារនៅជប៉ុន ត្រូវបានដាក់ក្នុងប្រអប់ មាន ៦ ថតតូចៗ ហើយរបៀបដាក់អាហារក្នុងថតតូចៗច្រើនបែបនេះ ធ្វើឲ្យជនជាតិជប៉ុន ញ៉ាំអាហារក្នុងបរិមាណតិច ប៉ុន្ដែបានច្រើនប្រភេទ។ អ្នកកោះអូគីណាវ៉ា ជាធម្មតា ញ៉ាំផ្លែឈើ និងបន្លែ ៨ មុខខុសៗគ្នា និងអាហារ ១៨ មុខខុសគ្នា ក្នុងមួយថ្ងៃៗ។
ប៉ុន្ដែរបបអាហារនៅលើកោះនេះ ប្រែប្រួលសម្រាប់ពលរដ្ឋជប៉ុនជំនាន់ក្រោយ ដោយភាគច្រើនងាកមករកការញ៉ាំសាច់ និងអាហារមានជីវជាតិខ្លាំង ជំនួសត្រី និងសណ្ដែកសៀង។ ជាងនេះទៅទៀត លើកោះអូគីណាវ៉ា ក៏ជួបបញ្ហាកកស្ទះចរាចរណ៍ជាញឹកញាប់ ដោយមនុស្សជាច្រើន ផ្លាស់ប្ដូរពីការជិះកង់ ទៅជិះឡាន ដែលកត្ដានេះនាំឲ្យមានការបំពុលដល់បរិស្ថានលើកោះ។
[embed-health-tool-bmi]