អង្គការសុខភាពពិភពលោកបានលើកឡើងនៅថ្ងៃទី ២០ ខែឧសភាថាចំនួនអ្នកឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃមានការកើនឡើងខ្លាំងដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងជាង៥លាននាក់។
លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកបានលើកឡើងថា នៅពីថ្ងៃទី១៩ ខែឧសភា ការរាយការណ៍ពីចំនួនករណីឆ្លងជំងឺ COVID-19 គឺមានច្រើនជាងគេសម្រាប់ចំនួនអ្នកឆ្លងប្រចាំថ្ងៃ គិតតាំងពីមានការផ្ទុះជំងឺនេះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩។ លោកថាត្រឹមតែមួយថ្ងៃចំនួនអ្នកឆ្លងមានរហូតដល់ ១០៦ ០០០ករណីនៅទូទាំងពិភពលោក។ តួលេខថ្មីនេះគឺមានការកើនឡើងដោយសារប្រទេសជាច្រើនបានបង្កើនការធ្វើតេស្ដរកអ្នកផ្ទុកវីរុសនេះ ខណៈជំងឺនេះក៏កំពុងបន្តការរាតត្បាតខ្លាំង។ លោក Tredos បានបន្តទៀតថាលោកមានការព្រួយបារម្ភទៅលើការកើនឡើងនៃចំនួនអ្នកឆ្លងនៅប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។
បន្ថែមពីនេះទៀត លោក Michael Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថាគេមិនទាន់រកឃើញថាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ Hydroxychloroquine ឬ chloroquine មានប្រសិទ្ធភាពក្នុងការព្យាបាល ឬបង្ការជំងឺ COVID-19 ទេ។ ថ្នាំទាំងទាំងពីរនេះគឺកំពុងស្ថិតក្នុងការព្យាបាលសាកល្បងដើម្បីដឹងថាតើថ្នាំនេះមានប្រសិទ្ធភាពឬយ៉ាងណាដែលការព្យាបាលសាកល្បងនេះមានអ្នកជំងឺ ៣ ០០០នាក់ចូលរួម។
លោកក៏បានបន្តទៀតថាអង្គការសុខភាពពិភពលោកបានណែនាំឲ្យទុកថ្នាំទាំងពីរនេះសម្រាប់ប្រើក្នុងការព្យាបាលសាកល្បង។ នេះអាចមកពីមន្ត្រីសុខាភិបាលប្រទេសប្រេស៊ីលបានណែនាំឲ្យប្រើប្រាស់ថ្នាំទាំងពីរក្នុងការព្យាបាលអ្នកជំងឺ COVID-19 ដែលមានស្ថានភាពស្រាលទោះបីជាមិនទាន់មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ពីប្រសិទ្ធភាពថ្នាំទាំងពីរនេះក៏ដោយ ហើយលោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិកក៏កំពុងប្រើប្រាស់ថ្នាំ hydroxychloroquine ទាំងដែលអ្នកជំនាញសហរដ្ឋអាមេរិកបាននិយាយថាថ្នាំនេះមិនអាចប្រឆាំងនឹងវីរុសកូរ៉ូណាថ្មីនេះទេ។
បច្ចុប្បន្នករណីឆ្លងសរុបមានច្រើនជាង៥លាន៨ម៉ឺនករណី មានអ្នកស្លាប់ជាង ៣២ម៉ឺននាក់ និងអ្នកជាសះស្បើយមានជាង២លាននាក់។
អត្ថបទពាក់ព័ន្ធ៖
- ថៃរំពឹងថាវ៉ាក់សាំងប្រឆាំង COVID-19 របស់ខ្លួននឹងអាចដាក់ឲ្យប្រើប្រាស់នៅឆ្នាំក្រោយ
- គ្រូពេទ្យចិនរកឃើញសញ្ញាប្រែប្រួលនៃវីរុស COVID-19 បង្កការបារម្ភថាអាចពិបាកទប់ស្កាត់
- ការសិក្សាថ្មីរកឃើញថាថ្នាំប្រឆាំងកំណកឈាមមានប្រសិទ្ធភាពលើអ្នកជំងឺឆ្លងវីរុស COVID-19
- អង់គ្លេសសម្រេចបន្ថែមអាការៈពីរទៀតទៅក្នុងបញ្ជីរោគសញ្ញាវីរុស COVID-19
- អ្នកវិទ្យាសាស្រ្តរកឃើញអង់ទីករប្រឆាំង COVID-19 លើអ្នកឆ្លងជំងឺ SARS កាលពី១៧ឆ្នាំមុន
- វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់ដល់ផ្លូវដង្ហើម តែមានច្រើនជាងនេះទៅទៀត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]