ហេតុអ្វីទឹកកាមប្រែជាលឿង? ទឹកកាមជាធម្មតាមានពណ៌ស ជាមួយនឹងសភាពអន្លាយៗ ហើយពណ៌ទឹកកាមក៏អាចប្រែប្រួលតិចតួចទៅតាមហ្សែន របបអាហារ និងបញ្ហាសុខភាពទូទៅរបស់បុរសម្នាក់ៗ។ ដូចគ្នាដែរ បើសិនជាយើងមិនចេញរោគសញ្ញាខុសប្រក្រតីណាមួយទេ ការប្រែពណ៌របស់ទឹកកាមគឺមិនមានអ្វីគួរឲ្យបារម្ភនោះដែរ។
បុរសមានសុខភាពល្អម្នាក់ទឹកកាមអាចមានពណ៌ស ឬប្រផេះ និងបន្តប្រែទៅជាថ្លានៅប៉ុន្មាននាទីបន្ទាប់។ បើសិនជាគ្នាយើងប្រុសៗសង្កេតឃើញថាទឹកកាមប្រែជាពណ៌លឿង យើងគួរពិនិត្យលើចំណុចមួយចំនួននេះ។
១. របបអាហារ
អាហារជាក់លាក់មួយចំនួនអាចមានឥទ្ធិពលលើពណ៌ទឹកកាម។ ក្នុងករណី នេះ វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ។ អាហារអាចមានឥទ្ធិពលដល់ពណ៌ទឹកកាមមានដូចជាល្មៀត ខ្ទឹមស ខ្ទឹមបារាំង និងទំពាំងបារាំង។
២. ទឹកនោម
មួយវិញទៀត បើមានទឹកនោមលាយជាមួយនឹងទឹកកាម នោះទឹកកាមក៏នឹងអាចប្រែជាពណ៌លឿងបានដែរ។ ទឹកកាមក៏ចេញមកក្រៅតាមបំពង់បង្ហួរនោមដូចទឹកនោមដែរ។ ក្នុងករណីមានទឹកនោមនៅសល់ក្នុងបំពង់បង្ហួរនោម ពេលដែលបញ្ចេញទឹកកាម ក៏អាចធ្វើឲ្យទឹកកាមប្រែជាពណ៌លឿងដែរ។

៣. ជក់បារី និងផឹកស្រា
របៀបរបបរស់នៅមួយចំនួនដូចជាការជក់បារី និងផឹកស្រា សុទ្ធជាជាមូលហេតុធ្វើឲ្យទឹកកាមប្រែពណ៌។ ដើម្បីដោះស្រាយបញ្ហានេះ ឈប់ជក់បារី។ ជាធម្មតាមនុស្សជក់បារី ច្រើនជួបទឹកកាមមានពណ៌លឿងញឹកញាប់ជាងអ្នកមិនជក់បារី។
៤. វ័យ
កាលណាវ័យប្រុសៗយើងកាន់តែច្រើន ពណ៌របស់ទឹកកាមក៏អាចប្រែប្រួលដែរ ដែលនេះជារឿងធម្មជាតិសុទ្ធសាធ។ អាយុកាន់តែច្រើន ទឹកកាមក៏អាចប្រែជាពណ៌លឿងបានដែរ។ យ៉ាងណា ទឹកកាមប្រែពណ៌របស់មនុស្សប្រុសវ័យចំណាស់អាចកើតមានដោយសន្សឹមៗ មិនងាយនឹងចាប់អារម្មណ៍ដឹងនោះទេ។
៥. ជំងឺខាន់លឿង
ជំងឺខាន់លឿងមិនមែនកើតតែលើក្មេងនោះទេ មនុស្សពេញវ័យក៏អាចកើតជំងឺនេះដែរ ដែលនេះបង្ហាញពីការមានរោគប្រចាំកាយ និងអាចបង្កឲ្យមានទឹកកាមពណ៌លឿង។
ខាន់លឿងកើតឡើងនៅពេលរាងកាយយើងមានសារធាតុbilirubin ច្រើនពេក ធ្វើឲ្យស្បែក ភ្នែក និងទឹកកាមប្រែជាលឿង។
ខាន់លឿងនេះ អាចបង្កឡើងដោយមូលហេតុច្រើនយ៉ាងដូចជាមានជំងឺថ្លើម រលាកលំពែង និងក្រួសក្នុងថង់ទឹកប្រមាត់។
ក្រៅពីនេះ ការឆ្លងជំងឺកាមរោគក៏អាចធ្វើឲ្យទឹកកាមប្រែជាពណ៌លឿងដែរ។ ដូចនេះ បើប្រុសៗយើងសង្ស័យថាមានឆ្លងជំងឺកាមរោគ គួរប្រញាប់ស្វែងរកជំនួយពីគ្រូពេទ្យ។