backup og meta

បុរសៗប្រឈមបញ្ហាអ្វីខ្លះបើឡើងកូលេស្ដេរ៉ូលខ្ពស់ក្នុងឈាម?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 17, 2022

    បុរសៗប្រឈមបញ្ហាអ្វីខ្លះបើឡើងកូលេស្ដេរ៉ូលខ្ពស់ក្នុងឈាម?

    ជាក់ស្ដែង កូលេស្តេរ៉ូល គឺជាសារធាតុសំខាន់បំផុតមួយសម្រាប់រាងកាយ​ក្នុង​ការ​ទ្រទ្រង់ ជួសជុលកោសិការ និងបង្កើតអ័រម៉ូន ដំណើការក្នុងឈាម។ ជាទូទៅ ថ្លើមមានមុខងារ ផលិតខ្លាញ់ប្រភេទនេះ ហើយមួយចំនួនទៀត ត្រូវបានផលិតចេញ ពីចំណីអាហារ។ ប៉ុន្ដែចំណុចដែលគួរកត់សម្គាល់ នោះគឺថា  កូលេស្ដេរ៉ូល ក្នុងរាងកាយ ត្រូវបានបែងចែកជា ២ ប្រភេទសំខាន់ៗ គឺ កូលេស្ដេរ៉ូលល្អ (HDL) និងកូលេស្ដេរ៉ូលអាក្រក់(LDL)។

    ខ្លាញ់ទាំងពីរប្រភេទនេះត្រូវបាន​បែងចែក​តួនាទីដាច់ពីគ្នា ដោយកូលេស្ដេរ៉ូលល្អ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលផ្ដល់គុណប្រយោជន៍ដល់ការចិញ្ចឹមរាងកាយ ការគ្រប់គ្រងចរន្ដឈាម ការបញ្ជូនប្រូតេអ៊ីន និងជួយជួសជុលបញ្ហាការខូចខាត នៃកោសិកាអសកម្ម។ ប៉ុន្ដែចំពោះ កូលេស្ដេរ៉ូលអាក្រក់ (LDL) វិញ គឺមានដំណើរការប្រមូលផ្ដុំ នៅក្នុងសរសៃឈាម គ្រប់ទីកន្លែង បង្កើត​បានជាកំណក និង ខ្លាញ់ ក្នុងសរសៃ បង្កឲ្យលំហូរឈាមមិនអាចផ្គត់ផ្គង់ពីបេះដូង ទៅរាងកាយ និងខួរក្បាល បានគ្រប់គ្រាន់​។

    មានកត្ដាមួយចំនួនដែលបង្កឲ្យកើនឡើងកូលេស្ដេរ៉ុល LDL ក្នុងឈាម ដូចជា ការញ៉ាំរបបអាហារ សម្បូរដោយ​សាច់ក្រហម អាហារ​សម្បូរ​ដោយ​ខ្លាញ់​ឆ្អែត និងខ្លាញ់មិនឆ្អែត និងអាហារ​កែឆ្នៃ ការហាត់ប្រាណ​តិចតួច ការជក់បារី និង អ្នកមានជំងឺធាត់ជាដើម ដែលចំនុចទាំងនេះ អាចបង្កឲ្យកើតមានជំងឺដូចជា៖

    ១.ចុកទ្រូង(Angina)

    នៅ​ពេលកំណក និងខ្លាញ់ជាច្រើនត្រូវបានប្រមូលផ្តុំនៅក្នុងសរសៃឈាមធំៗ ដែលជាសរសៃឈាមសំខាន់ៗផ្គត់ផ្គង់​ទៅបេះ​ដូង បង្ក​ដោយ​កូលេស្តេរ៉ូលអាក្រក់ ពេលនោះ​នឹង​ធ្វើ​ឲ្យសរសៃឈាមរួមតូច កាត់បន្ថយលំហូរឈាម និង ការផ្គត់ផ្គង់​អុកស៊ីសែនទៅកាន់បេះដូង បញ្ហាទាំងនេះ ទើបអាចបង្កឲ្យដកដង្ហើមហត់ និងមានអាការៈឈឺទ្រូង

    ២.ជំងឺគាំងបេះដូង

    ការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ អាចបង្កផលអាក្រក់ រហូត​ឈានដល់ការស្ទះសរសៃឈាមបេះដូង ជាហេតុនាំទៅដល់ការដាច់សរសៃឈាមទៀតផង។ នេះ​ក៏​ព្រោះថា ការកើនឡើង ជាតិខ្លាញ់មិនល្អនេះ បានរារាំងទៅដល់លំហូរឈាម និងការបញ្ជូនអុកស៊ីសែនទៅចិញ្ចឹមបេះដូង ជាហេតុនេះហើយ ធ្វើឲ្យបេះដូងមិនអាចដំណើរការបានល្អ ហើយឈានទៅដល់ការគាំងបេះដូង​តែម្ដង។

    ៣.ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល

    សរសៃឈាមខួរក្បាល មានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងសរសៃឈាមបេះដូង។ ចរន្ដឈាមសរីរាង្គទាំងពីរត្រូវបានបញ្ជូនឲ្យគ្នា ហេតុដូច្នេះប្រសិនការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ នៅ​ចន្លោះសរីរាង្គទាំងពីរ នោះចរន្ដសរសៃឈាមត្រូវតែរួមតូច បង្កជាការស្ទះសរសៃឈាម ហើយចរន្ដឈាមខួរក្បាលត្រូវប្រឈមនឹងការឡើងប៉ោង រហូតឈានដល់បែក ដាច់សរសៃ​ឈាមតែម្ដង។

    ៤.អសមត្ថភាពផ្លូវភេទ

    មនុស្សប្រុសក៏អាចប្រឈមនឹងការអសមត្ថភាពផ្លូវភេទ ប្រសិនបើកូលេស្ដេរ៉ូលអាក្រក់កើនឡើងខ្ពស់។ នេះ​ក៏​ព្រោះថា ការថយចុះចរន្ដ​ឈាម ផ្គត់ផ្គង់ពីបេះដូងទៅគ្រប់ផ្នែកផ្សេងៗ ក៏ត្រូវជួបបញ្ហាទាំងស្រុង តួយ៉ាងក្នុងនោះ ការផ្គត់ផ្គង់ ប្រូតេអ៊ីនចិញ្ចឹមសរីរាង្គ​អ័រម៉ូនបុរសក៏ត្រូវថយចុះផងដែរ។ ការចុះខ្សោយអ័រម៉ូនបុរស បានជះឥទ្ធិពល ទៅលើសមត្ថភាពលិង្គ ដូចជា ការងាប់លិង្គ ការឆាប់បាក់កម្លាំងសិចផងដែរ។

    អសមត្ថភាពផ្លូវភេទ

    ចំណុចសំខាន់

    គុណវិបត្ដិនៃការកើនឡើងកូលេស្ដេរ៉ូលអាក្រក់ ក្នុងសរសៃឈាម បង្កផលអាក្រក់ជាខ្លាំងដល់ សុខភាព មានដូចជា ៖​
    • កើតមានជំងឺ គាំងបេះដូង
    • ចុកទ្រូង
    • គ្រោះថ្នាក់សរសៃឈាមខួរក្បាល
    • អសមត្ថភាពផ្លូវភេទ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 17, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម