មនុស្សយើងមិនតិចនាក់ទេ ដែលបានជួបបញ្ហាសម្ពាធឈាមឡើងខ្ពស់។ បញ្ហានេះអាចបង្កឡើងដោយសារទាំងកត្តាហ្សែន និងរបៀបរបបរស់នៅប្រចាំថ្ងៃ។ សម្ពាធឈាមឡើងខ្ពស់អាចធ្វើឲ្យមុស្សយើងជួបហានិភ័យជំងឺមួយចំនួនដូចជាជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ខ្សោយតម្រងនោម ជំងឺសរសៃឈាមបេះដូង និងអាចមានជំងឺភ្លេចភ្លាំងផងដែរ។
ក្រៅពីនេះ ការសិក្សាមួយចុះផ្សាយក្នុងព្រឹត្តិបត្រសមាគមបេះដូងអាមេរិកបានលើកឡើងថាសម្ពាធឈាមឡើងខ្ពស់ក៏ទំនងជាជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យធ្លាក់ចុះការចងចាំរបស់មនុស្សវ័យកណ្ដាល និងចំណាស់ផងដែរ។
ការសិក្សាបានរកឃើញថាសម្ពាធឈាមឡើងខ្ពស់ធ្វើឲ្យមានហានិភ័យកើតបញ្ហាធ្លាក់ចុះការចងចាំ និយាយស្ដីមិនរលូនល្អ បាត់បង់ការយកចិត្តទុកដាក់ និងផ្ចង់អារម្មណ៍។
បើតាមការសិក្សា អ្នកមានជំងឺលើសសម្ពាធឈាមនៅវ័យក្មេង ហើយអាចទទួលបានការព្យាបាលត្រឹមត្រូវនឹងអាចជួយកាត់បន្ថយការវិវត្តទៅរកបញ្ហាធ្លាក់ចុះនៃការចងចាំនេះបាន។ ដូចគ្នាដែរ ទោះនៅវ័យណាក៏ដោយ ការការពារខ្លួនកុំឲ្យកើតបញ្ហាសម្ពាធឈាមឡើងខ្ពស់ ឬការទទួលបានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ សុទ្ធតែមានប្រយោជន៍ដល់ដំណើរការនៃប្រព័ន្ធចងចាំរបស់អ្នកទាំងនោះ។