បេះដូងរីកកើតឡើងនៅពេលសាច់ដុំបេះដូងប្រែទៅជាក្រាស់ ឬថតណា ១ របស់បេះដូងរីកដែលធ្វើឱ្យបេះដូងរីកធំខុសពីទំហំធម្មតា។ បេះដូងអាចរីកធំជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ អាស្រ័យលើកត្តាបង្ក។ តើមានកត្តាអ្វីខ្លះបណ្តាលឱ្យបេះដូងយើងរីកធំខុសធម្មតា?
នៅពេលបេះដូងយើងធ្វើការលើសកម្រិត វាអាចរីកធំ។ បេះដូងរីកធំអាចជាលទ្ធផលនៃការមានភាពតានតឹងរយៈពេលខ្លីលើរាងកាយដូចជាការមានផ្ទៃពោះ ឬបណ្តាលមកពីជំងឺដូចជា៖
១. ជំងឺលើសសម្ពាធឈាម
ជំងឺលើសសម្ពាធឈាមធ្វើឱ្យសរសៃឈាមបេះដូងរួមតូចប៉ះពាល់ដល់លំហូរឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយ ដូច្នេះបេះដូងយើងត្រូវប្រឹងច្របាច់ឈាមកាន់តែខ្លាំងដើម្បីបញ្ជូនឈាមទៅកាន់រាងកាយទាំងមូល។ ជាលទ្ធផលវាធ្វើឱ្យសាច់ដុំបេះដូងឡើងក្រាស់ និងរីកធំ។
២. ជំងឺប្រឹសបេះដូង
ប្រឹសទាំងបួននៅក្នុងបេះដូងយើងរក្សាឈាមឱ្យហូរតាមទិសដៅត្រឹមត្រូវ។ បេះដូងរបស់យើងអាចរីកធំ ប្រសិនបើប្រឹសបេះដូងខូចដោយសារ ជំងឺរលាកសន្លាក់ឆ្អឹង ជំងឺខូចបេះដូងពីកំណើត ជំងឺរលាកភ្នាសបេះដូង ជំងឺបេះដូងដើរខុសចង្វាក់ ជំងឺជាលិកាតំណ ការព្យាបាលមហារីកដោយថ្នាំ ឬដោយកាំរស្មី ។
៣. ជំងឺសាច់ដុំបេះដូង
ជំងឺនេះធ្វើឱ្យបេះដូងយើងពិបាកក្នុងការច្របាច់ឈាមទៅចិញ្ចឹមរាងកាយទាំងមូល។ នៅពេលជំងឺនេះកាន់តែធ្ងន់ធ្ងរ បេះដូងរបស់យើងអាចរីកធំដោយសារព្យាយាមច្របាច់ឈាមបន្ថែម។
៤. ជំងឺទឹកដក់ក្នុងស្រោមបេះដូង
ការមានសារធាតុរាវនៅក្នុងស្រោមបេះដូងក៏ធ្វើឱ្យបេះដូងរីកធំដែរ។
៥. ជំងឺស្លេកស្លាំងដោយសារខ្វះគ្រាប់ឈាមក្រហម
ជំងឺនេះកើតឡើងដោយសារកង្វះកោសិកាឈាមក្រហមដែលមាននាទីដឹកនាំអុកស៊ីសែនទៅគ្រប់ជាលិការបស់យើង។ បេះដូងរបស់យើងត្រូវច្របាច់ឈាមបន្ថែមដើម្បីបំពេញកង្វះអុកស៊ីសែននៅក្នុងឈាម។
៦. ជំងឺសរសៃឈាមបេះដូង
កំណកខ្លាញ់នៅក្នុងសរសៃឈាមបេះដូងធ្វើឱ្យរាំងស្ទះដល់លំហូរឈាមតាមសរសៃឈាមបេះដូង។ នៅពេលផ្នែកមួយរបស់សាច់ដុំបេះដូងគាំងងាប់ បេះដូងយើងត្រូវច្របាច់ឈាមបន្ថែមដើម្បីបញ្ចូនឈាមទៅរាងកាយទាំងមូល។ ជាលទ្ធផលវាធ្វើឱ្យបេះដូងរីកធំ។
៧. ជំងឺក្រពេញទីរ៉ូអ៊ីត
ជំងឺនេះអាចបណ្តាលឱ្យមានបញ្ហាបេះដូង រួមទាំងធ្វើឱ្យបេះដូងរីកធំ។
៨. លើសជាតិដែកក្នុងខ្លួន
បញ្ហាលើសជាតិដែល កើតឡើងនៅពេលរាងកាយយើងមិនអាចរំលាយជាតិដែកបានល្អដែលបណ្តាលឱ្យជាតិដែកកកនៅតាមសរីរាង្គផ្សេងៗរួមទាំងបេះដូង។ បញ្ហានេះអាចបណ្តាលឱ្យថតបេះដូងខាងឆ្វេងរីកធំដោយសារតែសាច់ដុំបេះដូងចុះខ្សោយ។
ចង់ដឹងពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ
តើបេះដូងរីកធំមានអាការៈអ្វីខ្លះ?
អ្នកដែលមានបេះដូងរីកធំអាចមាន ឬមិនមានអាការៈដូចខាងក្រោម៖
- វិលមុខ
- ហើម ជាពិសេសនៅជើង ប្រអប់ជើង ឬពោះ
- អស់កម្លាំងខ្លាំងខុសពីធម្មតា
- បេះដូងលោតញាប់
- ណែន ឬតឹងទ្រូង
បេះដូងរីកធំធ្វើឱ្យបេះដូងមានបញ្ហាក្នុងការច្របាច់ឈាមដែលអាចបង្កផលវិបាកទៅជាជំងឺខ្សោយបេះដូង ឬដាច់សរសៃឈាមខួរក្បាល។ ប្រសិនបើយើងមានអាការៈដូចខាងលើ ត្រូវទៅជួបវេជ្ជបណ្ឌិតឯកទេសបេះដូងជាបន្ទាន់។
[embed-health-tool-heart-rate]