មានអត្ថបទច្រើនហើយ និយាយបញ្ហាលើសជាតិខ្លាញ់ក្នុងឈាម ឬយើងឧស្សាហ៍ហៅថាលើសកូលេស្ដេរ៉ូល ប៉ុន្តែគ្នាយើងច្រើនណាស់មិនសូវជាចាប់អារម្មណ៍ស្ថានភាពសុខភាពនេះ ព្រងើយកន្តើយ ធ្វើឲ្យបញ្ហាកាន់តែធ្ងន់ ទើបរត់រកពេទ្យឲ្យជួយ។ យ៉ាងណា “Hello គ្រូពេទ្យ” នឹងនៅតែប្រាប់រោគសញ្ញា មូលហេតុ និងវិធីបង្ការ ដើម្បីបញ្ចៀសបញ្ហាទាន់ពេល។
១- អ្វីជាបញ្ហាលើសកូលេស្តេរ៉ូល?
កូលេស្តេរ៉ូល គឺជាសារធាតុខ្លាញ់មាននៅក្នុងឈាម ហើយផ្ទុកទៅដោយសារធាតុរាវដូចក្រមួន មានសារៈសំខាន់ជួយជួសជុលកោសិកាផ្សេងៗក្នុងរាងកាយ។ យ៉ាងណា បើបរិមាណកូលេស្តេរ៉ូល មានច្រើនលើសកម្រិត អាចនាំឲ្យយើងប្រឈមជំងឺបេះដូង។
ពេលកូលេស្តេរ៉ូលកើនឡើងខ្លាំង ងាយនឹងដាច់ចេញទៅតាមលំហូរឈាម អាចបង្កឲ្យមានការកកស្ទះនៅតាមជញ្ជាំងសរសៃឈាម ជាហេតុនាំឲ្យឈាមរត់ទៅចិញ្ចឹមកោសិកាផ្សេងៗមិនគ្រប់គ្រាន់ ធ្វើកោសិកាទាំងនោះខ្វះអុកស៊ីហ្សែន ជាហេតុប្រឈមជំងឺថប់បារម្ភ និងជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ជាដើម។
បើសមាជិកគ្រួសារធ្លាប់មានប្រវត្តិសម្រកទម្ងន់ពីមុនមក យើងក៏អាចមានបញ្ហានេះដូចគ្នា។ មូលហេតុបង្កឲ្យលើសកូលេស្តេរ៉ូល ភាគច្រើនកើតឡើងដោយសារទម្លាប់រស់នៅគ្មានផាសុកភាព។ គប្បីផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃ ដោយងាកមកញ៉ាំអាហារមានតុល្យភាព ហាត់ប្រាណឲ្យបានទៀងទាត់ និងញ៉ាំថ្នាំតាមវេជ្ជបញ្ជា។
២- រោគសញ្ញាលើសកូលេស្តេរ៉ូលមានអ្វីខ្លះ?
ជាទូទៅ បញ្ហាលើសកូលេស្តេរ៉ូល មិនលេចចេញជារោគសញ្ញាជាក់លាក់នោះទេ នាំឲ្យយើងភាគច្រើនដឹងខ្លួនថាមានបញ្ហានេះ នៅពេលចាប់ផ្តើមធ្លាក់ខ្លួនឈឺធ្ងន់ ដូចជាពេលគាំងបេះដូង ឬក៏ដាច់សរសៃឈាមខួរក្បាល។
បញ្ហាទាំងនេះ កើតឡើងដោយសារតែកំណកដុំកូលេស្តេរ៉ូលទាំងនោះ ទៅតោងជាប់ជញ្ជាំងសរសៃអាកទែ ធ្វើឲ្យសរសៃរួមត្បៀត រារាំងលំហូរឈាមឆ្លងកាត់បេះដូង។ កំណកដុំខ្លាញ់ អាចធ្វើឲ្យខូចសរសៃឈាម បង្កឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។
ដើម្បីដឹងច្បាស់ កម្រិតកូលេស្តេរ៉ូលយើងលើស ឬអត់ គឺមានតែការធ្វើតេស្តឈាមប៉ុណ្ណោះ ហើយបើលទ្ធផលតេស្ដឈាមលើសពី ២៤០ មិល្លីក្រាម/ដេស៊ីលីត្រឈាម បញ្ជាក់ថា យើងមានបញ្ហាលើសកូលេស្តេរ៉ូលហើយ។
ធ្វើតេស្ដឈាមពិនិត្យមើលជាតិកូលេស្តេរ៉ូល ចាប់ពីពេលយើងឈានដល់វ័យ ២០ ឆ្នាំឡើងទៅ។ មួយទៀត យើងគួរពិនិត្យមើលជាប្រចាំរៀងរាល់ ៤-៦ ឆ្នាំម្តង ហើយប្រសិនបើមានប្រវត្តិគ្រួសារលើសកូលេស្តេរ៉ូលពីមុន គប្បីពិនិត្យមើលឲ្យបានញឹកញាប់ជាងនេះ។ បើមានបញ្ហាលើសឈាម លើសទម្ងន់ ឬជក់បារី ត្រូវធ្វើតេស្តឈាមពិនិត្យមើលកូលេស្តេរ៉ូលនេះឲ្យបានញឹកញាប់។
អត្ថបទពាក់ព័ន្ធ៖
- កម្រិតខ្លាញ់ល្អ HDL ក្នុងឈាមខ្ពស់ខ្លាំង គ្រោះថ្នាក់អត់?
- ស្រា អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាលបាន
៣- មូលហេតុអ្វីខ្លះបង្កឲ្យលើសកូលេស្តេរ៉ូល?
មូលហេតុចម្បងដែលជាឫសគល់បញ្ហាលើសកូលេស្តេរ៉ូល គឺទម្លាប់ញ៉ាំអាហារមិនល្អ ពិសេសអាហារសម្បូរពពួកខ្លាញ់ឆ្អែត ខ្លាញ់មិនឆ្អែត (Trans fat) និងកូលេស្តេរ៉ូល ដែលសុទ្ធតែអាចធ្វើឲ្យកូលេស្តេរ៉ូលក្នុងឈាមឡើងខ្ពស់។ អាហារសម្បូរពពួកខ្លាញ់ឆ្អែត និងកូលេស្តេរ៉ូល មានដូចជា សាច់ ទឹកដោះគោ ស៊ុត ប៊័រ និងឈីស ចំណែកពពួកអាហារចៀន និងអាហារចម្អិនស្រាប់ ភាគច្រើនអាហារកំប៉ុង គឺសម្បូរពពួកខ្លាញ់មិនឆ្អែត (Trans fat)។
បញ្ហាលើសទម្ងន់ ក៏រួមចំណែកធ្វើឲ្យលើសកូលេស្តេរ៉ូលដូចគ្នា ព្រោះលើសទម្ងន់ ធ្វើឲ្យកម្រិតខ្លាញ់ទ្រីគ្លីសេរីដឡើងខ្ពស់ និងកម្រិតខ្លាញ់ល្អ HDL ចុះទាប។ ប្រភេទកូលេស្តេរ៉ូលល្អ HDL អាចនឹងចុះទាបដូចគ្នា បើយើងមានជក់បារី ឬមិនហាត់ប្រាណទាល់តែសោះ។
ពេលវ័យកាន់តែចាស់ អត្រាលើសកូលេស្តេរ៉ូលក៏កាន់តែខ្ពស់ ព្រោះពេលមានអាយុចាប់ពី ២០ ឆ្នាំ កម្រិតកូលេស្តេរ៉ូលក្នុងឈាម នឹងចាប់ផ្តើមឡើងខ្ពស់ជាងមុន។ យ៉ាងណា ការផ្លាស់ប្តូរនេះ ខុសគ្នាទៅតាមភេទ ដោយភាគច្រើនកម្រិត នឹងចាប់ផ្តើមធ្លាក់ចុះមកវិញ ក្រោយពេលប្រុសៗឈានដល់វ័យ ៥០ឆ្នាំ និងស្រីៗឈានដល់វ័យអស់រដូវ។
ជំងឺមួយចំនួន ក៏អាចបណ្តាលឲ្យកូលេស្តេរ៉ូលឡើងខ្ពស់ផងដែរ ដូចជា ជំងឺតម្រងនោមរ៉ាំរៃ ជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីត និងជំងឺថ្លើមផ្សេងៗ។
បញ្ហាកូលេស្ដេរ៉ូលផ្សេងទៀត
- ឮរហូតពាក្យ “កូលេស្តេរ៉ូល” ពាក់ព័ន្ធអ្វីជាមួយបេះដូង?
- ជួបបញ្ហាឡើងកូលេស្តេរ៉ូល គួរធ្វើរឿងទាំង ៥ យ៉ាងនេះ
- បង្កើនកូលេស្តេរ៉ូលល្អ ជាមួយអាហារទាំង៣ប្រភេទនេះ
- អ្នកមានកូលេស្តេរ៉ូលខ្ពស់គួរទទួលទានប្រភេទសាច់ទាំងនេះ
- កូលេស្តេរ៉ូលច្រើនពេកមិនល្អចំពោះសុខភាពទេ នេះជាវិធីកាត់បន្ថយ
[embed-health-tool-bmi]