backup og meta

ទម្លាប់ទូទៅទាំង៧នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 04, 2023

    ទម្លាប់ទូទៅទាំង៧នេះ អាចបំផ្លាញតម្រងនោមយើងដោយមិនដឹងខ្លួន

    តម្រង​នោម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ច្រោះ​កាកសំណល់ គ្រប់គ្រង​តុល្យភាព​ជាតិ​ទឹក​ និង​ថែទាំ​សុខភាព​រាងកាយ​ទាំង​មូល។ យ៉ាង​ណា​មិញ នៅ​ពេល​ថ្មី​ៗ​នេះ បញ្ហា​តម្រង​នោម​​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ចំពោះ​មនុស្ស​វ័យ​ក្មេង​​ដោយ​សារ​តែ​បែបបទ​​រស់នៅ​មិន​ល្អ។ ជាក់ស្តែង ទម្លាប់​មួយ​ចំនួន​ ដែល​យើង​តែងតែ​មើល​រំលង អាច​បំផ្លាញ​សរីរាង្គ​សំខាន់​ៗ ​ដូចជា​តម្រង​នោម​បន្តិច​ម្តង​ៗ។ ហេតុ​នេះ​ហើយ គ្នា​យើង​គប្បី​យល់​ដឹង និង​ផ្លាស់ប្ដូរ​ទំលាប់​មិន​ល្អ​ទាំង​នេះ​ភ្លាម​ៗ​ ដើម្បី​ការពារ​ការ​ខូច​តម្រង​នោម​។

    ទម្លាប់​ទាំង​៧​ដែល​បំផ្លាញ​តម្រង​នោម

    ១. កង្វះ​ជាតិ​ទឹក

    នៅ​ពេល​ដែល​យើង​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ នោះ​​នឹង​ធ្វើ​ឲ្យ​តម្រង​នោម​មិន​អាច​បណ្តេញ​ជាតិ​ពុល​ប្រកប​ដោយ​ប្រសិទ្ធភាព ព្រម​ទាំង​អាច​បណ្តាល​ឲ្យ​មាន​ការ​កើត​ក្រួស​តម្រង​នោម​ និង​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ ដើម្បី​ទ្រទ្រង់​សុខភាព​តម្រង​នោម​ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​ពិសេស​នៅ​រដូវ​ក្តៅ និង​អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២.​ញ៉ាំ​ប្រៃ​ជ្រុល

    របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ជ្រុល អាច​បង្កើន​សម្ពាធ​ឈាម​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ច្រោះ​របស់​តម្រង​នោម​ចុះ​ខ្សោយ។ កត្តា​នេះ​ អាច​រួម​ចំណែក​ធ្វើ​ឲ្យ​យើង​ខូច​តម្រង​នោម​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​តម្រង​នោម។ ដូច្នេះ​ហើយ យើង​គួរ​តែ​កាត់បន្ថយ​របប​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ដូចជា​អាហារ​កែច្នៃ និង​អាហារ​សម្រន់​ជាដើម។

    ៣. សម្ពាធ​ឈាម​ខ្ពស់

    ជំងឺ​លើស​ឈាម​​ ជា​មូលហេតុ​ចម្បង​នៃ​ការ​ខូច​តម្រង​នោម ពីព្រោះ​ថា​សម្ពាធ​ឈាម​ខ្ពស់​ ​អាច​ប៉ះពាល់​ដល់​សរសៃ​ឈាម​ក្នុង​តម្រង​នោម​ និង​ធ្វើ​ឲ្យ​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ អ៊ីចឹង​ហើយ យើង​គប្បី​តាមដាន​សម្ពាធ​ឈាម​ជា​ប្រចាំ និង​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ផលវិបាក​នៃ​ជំងឺ​​តម្រង​នោម។

    ៤. ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល

    ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល អាច​រំខាន​ដល់​ដំណើរការ​របស់​តម្រង​នោម ​និង​បង្ក​ជា​ជំងឺ​តម្រង​នោម។ ជាតិ​អាល់កុល ជា​ថ្នាំ​បញ្ចុះ​ទឹក​នោម​ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ និង​តម្រង​នោម​ចុះ​ខ្សោយ។ ដូច្នេះ​ហើយ​ យើង​គួរ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមស្រប​ ទើប​ជា​ការ​ប្រសើរ។

    តម្រងនោម

    ៥. ជក់បារី

    ទម្លាប់​មួយ​នេះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​នោម​ផ្សេង​ៗ​ រួម​ទាំង​ជំងឺ​មហារីក​តម្រង​នោម។ ពិត​ណាស់​ ការ​ជក់​បារី​ ធ្វើ​ឲ្យ​សរសៃ​ឈាម​រួម​តូច កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​តម្រង​នោម​ និង​រារាំង​មុខងារ​របស់​តម្រង​នោម។ ការ​ឈប់​ជក់បារី​មិន​ត្រឹម​តែ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​តម្រង​នោម​នោះ​ទេ គឺ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​រាងកាយ​ទាំង​មូល។

    ៦. មិន​ធ្វើ​លំហាត់​ប្រាណ

    បញ្ហា​អសកម្ម​ អាច​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ជំងឺ​ធាត់​ជ្រុល ទឹក​នោម​ផ្អែម​ និង​សម្ពាធ​ឈាម​ខ្ពស់ ដែល​សុទ្ធ​តែ​ប៉ះពាល់​ដល់​សុខភាព​តម្រង​នោម។ លំហាត់​ប្រាណ​ទៀងទាត់​ អាច​ជួយ​លើក​កម្ពស់​សុខភាព​សរសៃ​ឈាម​បេះដូង រក្សា​ទម្ងន់​ខ្លួន​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ផលវិបាក​តម្រង​នោម​ថែម​ទៀត​ផង។

    ​៧. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​

    ប្រសិនបើ​យើង​មិន​ធ្វើ​ការ​ព្យាបាល​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ នឹង​អាច​រាលដាល​ដល់​តម្រង​នោម​ ព្រម​ទាំង​​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​ធ្ងន់ធ្ងរ និង​ឈាន​ដល់​ការ​ខូច​​តម្រង​នោម​ថែម​ទៀត​ផង​​​។ ប្រការ​សំខាន់​ យើង​គួរ​ព្យាបាល​បញ្ហា​មួយ​នេះ​ឲ្យ​ទាន់​ពេលវេលា ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេងៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម