ក្លិនមាត់មិនល្អ ជាកង្វល់របស់គ្នាយើងគ្រប់រូប ដែលធ្វើឲ្យយើងបាត់បង់ទំនុកចិត្ត ក៏ដូចជាមិនហ៊ានប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយនឹងអ្នកដទៃ។ ដូចនេះហើយ ដើម្បីបំបាត់បញ្ហាក្លិនមាត់មិនល្អ ដែលកើតចេញពីបញ្ហាក្រពះ យើងអាចសាកល្បងញ៉ាំកំពូលអាហារទប់ស្កាត់ក្លិនមាត់ខាងក្រោមនេះ។
១. ការ៉ុត ឬផ្លែប៉ោម
ផ្លែប៉ោម និងការ៉ុត អាចជួយឲ្យការរំលាយអាហារប្រសើរឡើង ដោយទប់ស្កាត់ការបង្កើតហ្គាសនៅក្នុងក្រពះ ដែលជាហេតុបណ្ដាលឲ្យមានក្លិនមាត់មិនល្អ។ បន្ថែមពីនេះ ផ្លែឈើ និងបន្លែស្រស់ក៏ជួយជំរុញដល់ការផលិតទឹកមាត់ ដើម្បីជួយកម្ចាត់បាក់តេរី ដែលបណ្ដាលឲ្យមានក្លិនមិនល្អចេញពីធ្មេញ អណ្ដាត និងអញ្ចាញធ្មេញ។ មួយវិញទៀត នៅពេលដែលក្រពះទទេ វាក៏អាចបង្កឲ្យមានក្លិនមាត់មិនល្អដូចគ្នា ដោយសារតែការកកើតឡើងនៃអាស៊ីដ។ ដូច្នេះហើយ ការទំពាបន្លែ និងផ្លែឈើជាវិធីសាស្ត្រកាត់បន្ថយក្លិនមាត់បានយ៉ាងមានប្រសិទ្ធភាព។
២. ទឹកដោះគោជូរ
បាក់តេរីល្អនៅក្នុងទឹកដោះគោជូរអាចជួយពង្រឹងការរំលាយអាហារ ដោយជួយឲ្យប្រព័ន្ធរំលាយអាហារប្រសើរឡើង ក៏ដូចជាកាត់បន្ថយបញ្ហាក្លិនមាត់។ ក្រៅពីប្រព័ន្ធរំលាយអាហារមិនល្អ ការប្រមូលផ្ដុំសមាសធាតុSulfiteនៅក្នុងមាត់ក៏អាចនាំឲ្យមានក្លិនមាត់មិនល្អ។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា បាក់តេរីល្អនៅក្នុងអាហារដែលមានជាតិProbiotics ដូចជាទឹកដោះគោជូរ អាចកាត់បន្ថយកម្រិតនៃសមាសធាតុSulfiteនៅក្នុងមាត់បានយ៉ាងអស្ចារ្យ។
៣. តែបៃតង
ជាមួយគ្នានេះដែរ ការញ៉ាំតែបៃតងមានគុណប្រយោជន៍ជាច្រើនដល់សុខភាព រួមទាំងជួយពង្រឹងមុខងារខួរក្បាល ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកថែមទៀតផង។ លើសពីនេះ វាក៏ជួយបន្សាបជាតិពុលក្នុងរាងកាយ និងកាត់បន្ថយក្លិនមាត់ ព្រមទាំងក្លិនខ្លួនមិនល្អ។ ពិតណាស់ តែបៃតងក៏មានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មធម្មជាតិ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ ដែលបង្កជាក្លិនមាត់មិនល្អ។
៤. ពពួកផ្លែក្រូច
អាស៊ីដCitricនៅក្នុងផ្លែក្រូច អាចបញ្ចៀសការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ និងបំពង់រំលាយអាហារ ដែលធ្វើឲ្យយើងមានក្លិនមាត់មិនល្អ។ ដូច្នេះហើយ ការបញ្ចូលពពួកផ្លែក្រូចនៅក្នុងរបបអាហារ នឹងអាចកម្ចាត់បាក់តេរីទាំងនោះបាន។
៥. តែក្រូចឆ្មារ និងខ្ញី
ខ្ញីមានគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់យើង ហើយការបញ្ចូលខ្ញីទៅក្នុងអាហារ អាចជួយព្យាបាលបញ្ហាឈឺក្រពះ ដែលជាហេតុបង្កឲ្យមានក្លិនមាត់មិនល្អ។ ជាក់ស្ដែង ខ្ញីអាចទប់ស្កាត់ក្លិនមិនល្អ ហើយអាស៊ីដCitricនៅក្នុងផ្លែក្រូច អាចរារាំងការលូតលាស់របស់បាក់តេរីបានយ៉ាងប្រសើរ។
[embed-health-tool-bmr]