backup og meta

ហេតុអ្វីក្រួសក្នុងថង់ប្រមាត់ បង្កឲ្យរលាកលំពែងទៅវិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 02, 2021

    ហេតុអ្វីក្រួសក្នុងថង់ប្រមាត់ បង្កឲ្យរលាកលំពែងទៅវិញ?

    គ្នា​យើង​ប្រហែល​ជា​​ធ្លាប់​ឮ​ប្រ​ភេទ​ជំងឺ​រលាក​លំពែង។ ជំងឺ​រលាក​លំពែង​ជា​ជំងឺ ​ដែល​​បង្ក​ឲ្យ​មាន​​ការ​រលាក និង​ឈឺ​ចាប់​នៅ​ក្នុង​លំពែង​របស់​យើង​។ លំពែង​ជា​​សរីរាង្គ​តូច​មួយ​នៅ​ក្នុង​រាង​កាយ ដែល​ផលិត​សារធាតុរាវ និង​អង់ហ្សីម ដើម្បី​បំបែក​អាហារ​​យើង​បាន​ញ៉ាំ​ ហើយ​នេះ​គេ​ហៅ​ថា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​រំលាយអាហារ​។ ប៉ុន្តែ​អាច​មាន​ពេល​ខ្លះ​ក្រួស​ក្នុង​ប្រមាត់​អាច​បិទ​បំពង់​ក្នុង​លំពែង ដែល​នាំ​​ឲ្យ​កើត​ជា​ជំងឺ​រលាក​លំពែង​ដែរ ដែល​នេះ​គេ​ហៅ​ថា​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់​ប្រមាត់​។

    ១. មូលហេតុ​នាំ​ឲ្យ​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុងថង់​ប្រមាត់

    ក្រួស​កកើត​ឡើង​នៅ​ក្នុង​ថង់​ប្រមាត់ ប៉ុន្តែ​ករណី​ខ្លះ​នៃ​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់ប្រមាត់ កើត​ចេញ​ពី​ក្រួស​ដែល​ធ្វើ​ចលនា​ចេញ​ពី​ថង់​ប្រមាត់ និង​បាន​បិទ​ច្រក​បើក​ទី​មួយ​របស់​ពោះ​វៀន​តូច​។ មូលហេតុ​នេះ ធ្វើ​ឲ្យ​មាន​ចាល់​ត្រឡប់​នៃ​សារធាតុ​រាវ ដែល​អាច​ចាល់​ឡើង​មក​ដល់​បំពង់​ក្នុង​លំពែង និង​ថង់​ទឹក​ប្រមាត់​។ រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់ប្រមាត់ អាច​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង និង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ បើ​មិន​បាន​ទទួល​ការ​ព្យា​បាល​ទាន់​ពេល​។

    ជំងឺរលាកលំពែង

    ២. រោគ​សញ្ញា​ជំងឺ​​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់ប្រមាត់

    ​ការ​ឈឺ​ចាប់​​ខ្លាំង ជា​រោគ​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ប្រមាត់ ប៉ុន្តែ​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែរ មាន​ដូច​ជា​៖

    • គ្រុន​រងា
    • ក្ដៅ​ខ្លួន​
    • ឡើង​លឿង
    • ចង្អោរ ឬ​ក្អួត​
    • អារម្មណ៍​ឈឺ​ខ្លាំង​​នៅ​ត្រង់​ពោះ​ខាង​លើ​ផ្នែក​ខាង​ឆ្វេង ឬ​នៅ​ខ្នង​
    • អាច​ឈឺ​ចាប់​នៅ​ម្ដុំ​ស្មា ឬ​ទ្រូង

    ​ដើម្បី​ដឹង​ថា​យើង​មាន​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុងថង់​ប្រមាត់ គ្រូពេទ្យ​អាច​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​​វិធី​រួម​គ្នា​​ច្រើន​។ ការ​ធ្វើ​តេស្ត​ និង​ពិនិត្យ ដែល​គ្រូ​ពេទ្យ​ច្រើន​អនុវត្ត​​ គឺ​ការ​ធ្វើ​តេស្ត​ឈាម និង​ស្កែន​លើ​ផ្នែក​ផ្សេងៗ​នៃ​រាង​កាយ​។ ការ​ធ្វើ​តេស្ត​ឈាម​អាច​កំណត់​មូល​ហេតុ​រលាក​នៅ​ក្នុង​លំពែង។ ចំណែក​ការ​ធ្វើ​CT ស្កែន ឬ​MRI ឬ​ឆ្លុះ​អេកូ អាច​ជួយ​ឲ្យ​គ្រូពេទ្យ​មើល​រូប​ភាព​​បាន​កាន់​តែ​ច្បាស់​ត្រង់​កន្លែង​ដែល​ឈឺ​ចាប់​ខ្លាំង​របស់​លំពែង​។ ដូច​គ្នា​ដែរ ការ​ពិនិត្យ​ដោយ​រូប​ភាព​នេះ​អាច​ប្រាប់​គ្រូ​ពេទ្យ​​ដឹង​ថា​មាន​ក្រួស​នៅ​ជាប់​ខាង​ក្នុង​បំពង់​ក្នុង​​លំពែង​ឬ​យ៉ាងណា និង​ត្រូវ​ការ​យក​ចេញ​ ជា​ដើម​។ បើ​គ្នា​យើង​មាន​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ គួរ​ទៅ​មន្ទីរ​ពេទ្យ​ស្វែង​រក​ការ​ព្យាបាល​ជា​បន្ទាន់​។

    ៣. ផល​វិបាក

    ក្នុង​ករណី​មិន​បាន​ព្យាបាល​ទាន់​ពេល ឬ​ទុក​មិន​ព្យាបាល ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុង​ថង់ប្រមាត់ អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​។ អាស៊ីដ​រំលាយអាហារ​ចេញ​ពី​ថ្លើម ប្រមាត់ និង​លំពែង អាច​នឹង​ចាល់​ត្រឡប់​ចូល​ទៅ​ក្នុង​រាង​កាយ និង​អាច​នាំ​ឲ្យ​ឆ្លង​រោគ ដែល​គេ​ហៅ​ថារលាក​ថង់ទឹក​ប្រមាត់។ ដូច​គ្នា​ដែរ អ្នក​ជំងឺ​អាច​នឹង​កើត​មាន​បញ្ហា​ភ្នែក​លឿង និង​ស្បែក​លឿង ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ខាន់​លឿង​។ មួយ​វិញ​ទៀត ជាលិកា​លំពែង​ខ្លួន​ឯង​​អាច​នឹង​​ចាប់​ផ្ដើម​ងាប់​ដែរ ដែល​អាច​នាំឲ្យ​រលួយ ឬ​ស្លោក​លំពែង​។ ជា​ចុង​ក្រោយ​ជំងឺ​លាក​លំពែង​ដោយ​ក្រួស​ក្នុង​ប្រមាត់ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់​បង់ជីវិត បើ​មិន​បាន​ទទួល​ការ​ព្យាបាល​។

    ៤. វិធី​បង្ការ​

    វា​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ​ដែល​​យើង​អាច​ការពារ​បាន​១០០​ភាគ​រយ​មិន​ឲ្យ​មាន​ជំងឺ​រលាក​លំពែង​ដោយ​ក្រួស​ក្នុងថង់​ប្រមាត់ ពីព្រោះ​ថា​យើង​មិន​អាច​ទប់​ស្កាត់​ក្រួស​​ក្នុង​ថង់​ទឹក​ប្រមាត់​មិន​ឲ្យ​លូត​លាស់​បាន​ទេ​។ យ៉ាង​ណា យើង​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​បញ្ហា​នេះ​បាន​ខ្លះ​ដោយ​មាន​របប​អាហារ​ល្អ​ចំពោះ​សុខភាព រក្សា​ទម្ងន់​ឲ្យ​នៅ​កម្រិត​ល្អ គ្រប់​គ្រង​កម្រិត​កូលេស្តេរ៉ូល​ឲ្យ​បាន​ត្រឹម​ត្រូវ និង​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ល្អ បើ​យើង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម