ជំងឺខ្លាញ់រុំថ្លើមលើអ្នកមិនផឹកគ្រឿងស្រវឹង ក៏កើតមានច្រើនណាស់ដែរនៅទូទាំងពិភពលោក។ គ្រាន់តែនៅសហរដ្ឋអាមេរិក មនុស្សប្រហែលមួយភាគបួនបានរងផលប៉ះពាល់ដោយសារជំងឺមួយនេះ។ ទោះជាយើងមិនផឹកគ្រឿងស្រវឹង តែបញ្ហាសុខភាពមួយចំនួនក៏អាចធ្វើឲ្យមានជំងឺខ្លាញ់រុំថ្លើមបានដែរ។
១. រោគសញ្ញា
ជំងឺខ្លាញ់រុំថ្លើមមិនដោយសារផឹកគ្រឿងស្រវឹង ជាទូទៅមិនមានលេចចេញជាសញ្ញា ឬរោគសញ្ញាណាមួយទេ។ ប៉ុន្តែនៅពេលវាចាប់ផ្ដើមចេញ អាចមានដូចជា៖
- អស់កម្លាំង
- ឈឺ ឬពិបាកក្នុងពោះខាងលើផ្នែកខាងស្ដាំ
ក្នុងករណីជំងឺខ្លាញ់រុំថ្លើមប្រភេទនេះ បន្តវិវត្តធ្វើឲ្យថ្លើមរលាក ចាប់ផ្ដើមឡើងស្នាម(ក្រិន) និងថ្លើមខ្សោយ អ្នកជំងឺអាចចេញរោគសញ្ញាមួយចំនួនទៀតដូចជា៖
- ពោះហើមប៉ោង
- សរសៃឈាមក្រោមស្បែកចាប់ផ្ដើមរីកធំ
- អណ្ដើករីកធំ
- បាតដៃឡើងក្រហម
- ស្បែក និងភ្នែកឡើងលឿង(ខាន់លឿង)
បើសិនជាមានចេញរោគសញ្ញាដូចបានរៀបរាប់ខាងលើ និងគួរឲ្យបារម្ភ គ្នាយើងគួរជួបពិភាក្សាជាមួយគ្រូពេទ្យ។
២. មូលហេតុបង្ក
ក្រុមអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ទេថាហេតុអ្វីមនុស្សមួយចំនួនមិនផឹកគ្រឿងស្រវឹងផង បែរជាមានជំងឺខ្លាញ់រុំថ្លើម និងអ្នកខ្លះបែរជាអត់ទៅវិញ។ ដូចគ្នាដែរ អ្នកជំនាញនៅមិនទាន់យល់បានច្រើនទេ ថាហេតុអ្វីបានជាខ្លាញ់រុំថ្លើមបង្កឲ្យមានការរលាក ដែលនាំឲ្យកើតជាក្រិនថ្លើមនោះ។
យ៉ាងណា មូលហេតុបង្កមួយចំនួនដែលគេអាចសន្និដ្ឋានបានរួមមាន៖
- លើសទម្ងន់ ឬធាត់
- មានភាពធន់អាំងស៊ុយលីន ដែលជាដំណាក់កាលកោសិកាមិនទទួលយកជាតិស្ករឆ្លើយតបទៅនឹងអ័រម៉ូនអាំងស៊ុយលីន
- កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អ្នកបម្រុងកើតជំងឺទឹកនោមផ្អែម ឬអ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២
- អ្នកមានកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់
បញ្ហាសុខភាពទាំងនេះ បញ្ចូលគ្នា ទំនងជាធ្វើឲ្យមានបរិមាណខ្លាញ់ផ្ទុកក្នុងថ្លើមកើនឡើង។ សម្រាប់មនុស្សមួយចំនួន មានខ្លាញ់ក្នុងថ្លើមលើសកម្រិត អាចប្រែខ្លាញ់ទាំងនោះទៅជាសារធាតុបំពុលកោសិកាថ្លើម ធ្វើឲ្យថ្លើមរលាក និងអាចធ្វើឲ្យថ្លើមឡើងស្នាម ឬបង្កជាក្រិនថ្លើម។
៣. កត្តាប្រឈមផ្សេងទៀត
បញ្ហាសុខភាព និងស្ថានភាពជំងឺមួយចំនួនអាចធ្វើឲ្យមានជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹងដែរ។ កត្តាទាំងនោះរួមមាន៖
- អ្នកមានកូលេស្តេរ៉ូលខ្ពស់
- អ្នកមានកម្រិតជាតិខ្លាញ់ក្នុងឈាមខ្ពស់
- អ្នកធាត់ ជាពិសេសអ្នកមានខ្លាញ់ក្បាលពោះច្រើន
- អ្នកមានជំងឺដេកបាត់ដង្ហើម
- អ្នកមានជំងឺទឹកនោមផ្អែមប្រភេទ២ និង
- ជាមនុស្សវ័យចំណាស់ ជាដើម។
៤. ផលវិបាក
ផលវិបាកធំបំផុតរបស់ជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹងគឺធ្វើឲ្យក្រិនថ្លើម។ ដោយសារតែថ្លើមព្យាយាមបញ្ឈប់ការរលាក វានឹងធ្វើឲ្យផ្នែកជាច្រើននៅលើថ្លើមឡើងស្នាម។ ការរលាកនៅតែបន្ត ស្នាមលើថ្លើមនឹងបន្តរាលដាលដែរ ដែលអាចគ្របដណ្ដប់លើជាលិកាថ្លើមបានកាន់តែច្រើន។
បើដំណើរការរលាកមិនត្រូវបញ្ឈប់បានទាន់ពេល នោះបញ្ហាក្រិនថ្លើមនឹងអាចនាំឲ្យ៖
- កើនឡើងសារធាតុរាវនៅក្នុងពោះ
- ហើមសរសៃវែននៅក្នុងបំពង់អាហារ ដែលអាចធ្វើឲ្យបែក និងចេញឈាម
- វង្វេងវង្វាន់ ងងុយដេក ពិបាកនិយាយស្ដី
- មហារីកថ្លើម
- ខូចថ្លើមដំណាក់កាលចុងក្រោយ ថ្លើមឈប់ដំណើរការ
៥. វិធីការពារ
ដើម្បីកាត់បន្ថយហានិភ័យជំងឺខ្លាញ់រុំថ្លើមមិនដោយសារគ្រឿងស្រវឹង ត្រូវ៖
- ញ៉ាំអាហារល្អចំពោះសុខភាព៖ ជ្រើសរើសញ៉ាំអាហារសម្បូរបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ
- រក្សាទម្ងន់៖ បើយើងលើសទម្ងន់ ឬធាត់ កាត់បន្ថយការបរិមាណកាឡូរីញ៉ាំប្រចាំថ្ងៃ និងហាត់ប្រាណឲ្យបានច្រើន។ បើយើងជាអ្នកមានទម្ងន់ដងខ្លួនល្អហើយ ត្រូវរក្សាទម្ងន់ខ្លួនឲ្យនៅថេរល្អ រក្សាការហាត់ប្រាណ និងញ៉ាំអាហារល្អចំពោះសុខភាព។
- ហាត់ប្រាណ៖ ហាត់ប្រាណឲ្យបានច្រើនថ្ងៃក្នុងមួយសប្ដាហ៍។ ជាការណែនាំគួរហាត់ប្រាណឲ្យបាន៣០នាទីក្នុងមួយថ្ងៃ ឬ១៥០នាទីក្នុងមួយសប្ដាហ៍។
[embed-health-tool-bmr]