ជំងឺកូវីដ-១៩ជាជំងឺផ្លូវដង្ហើម ដែលអាចបំផ្លាញសួតធ្ងន់ធ្ងរ ហើយវាថែមទាំងអាចប៉ះពាល់ដល់សរីរាង្គដទៃទៀតនៃរាងកាយផងដែរ។ យោងតាមការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញថាវីរុសកូរីដ១៩ ក៏មានសមត្ថភាពបំផ្លាញថ្លើមធ្ងន់ធ្ងរ និងបណ្ដាលឲ្យកើតជំងឺអាប់សែថ្លើមថែមទៀតផង។
លទ្ធផលនៃការស្រាវជ្រាវ
បើតាមប្រភពពីមន្ទីរពេទ្យទីក្រុងដាលី បានបញ្ជាក់ថាអ្នកជំងឺកូវីដចំនួន១៤នាក់ដែលជាសះស្បើយពីជំងឺកូវីដ១៩ បានធ្វើរោគវិនិច្ឆ័យថាកើតជំងឺអាប់សែថ្លើមនៅក្នុងរយៈពេល២ខែចុងក្រោយនេះ។ លោកវេជ្ជបណ្ឌិតAnil Arora ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រថ្លើម ពោះវៀន និងលំពែងបានឲ្យដឹងថា នៅក្នុងរយៈពេល២២ថ្ងៃ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩ ក្លែបថ្លើមទាំងសងខាងរបស់អ្នកជំងឺដែលមានការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ គឺពោរពេញដោយខ្ទុះនៅទីតាំងជាច្រើន។
រោគសញ្ញា មូលហេតុបង្ក និងការព្យាបាលអាប់សែថ្លើម
ពិតណាស់ ជំងឺអាប់សែថ្លើមជាជំងឺថ្លើមធ្ងន់ធ្ងរ ដែលធ្វើឲ្យថ្លើមរបស់អ្នកជំងឺមានគីសសុទ្ធតែខ្ទុះ។ ជាក់ស្ដែង ថ្លើមជាសរីរាង្គដ៏សំខាន់នៃរាងកាយ មានតួនាទីចម្បងនៅក្នុងប្រព័ន្ធរំលាយអាហារ និងជួយដល់មុខងារសំខាន់ៗដទៃទៀត។ ជាទូទៅ អាប់សែថ្លើមបង្កឡើងដោយការឆ្លងមេរោគដែលរាលដាលនៅសរីរាង្គដទៃទៀត។
ជំងឺនេះអាចព្យាបាលយ៉ាងងាយស្រួល ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។ ផ្ទុយទៅវិញ វានឹងក្លាយទៅជាជំងឺរ៉ាំរ៉ៃ ប្រសិនបើយើងមិនធ្វើការព្យាបាលឲ្យទាន់ពេលទេនោះ។ ក្នុងករណីដែលពុំមានការព្យាបាលអាប់សែថ្លើម វាអាចបណ្ដាលឲ្យការឆ្លងមេរោគពេញរាងកាយ ឬហៅថាជំងឺ Sepsis ដែលជាការឆ្លងមេរោគឈាមអាចគ្រោះថ្នាក់ដល់អាយុជីវិត។
រោគសញ្ញាទូទៅមួយចំនួនយើងគួរដឹង
- ឈឺពោះ
- ក្អកស្ងួត
- ទឹកនោមក្រមៅ
- រាករូស
- ឈឺសាច់ដុំ ឬឈឺចាប់នៃសន្លាក់ឆ្អឹង
- បាត់បង់ចំណង់អាហារ
- ចង្អោរ
- បែកញើស
- លាមកប្ដូរពណ៌
- រោគសញ្ញានៃជំងឺខាន់លឿងស្រួចស្រាល់
រោគសញ្ញាធ្ងន់ធ្ងរមួយចំនួន រួមមាន៖
- ក្ដៅខ្លួន
- ពិបាកដកដង្ហើម
- ហត់ខ្លាំង
- មមើមមាយ
- វង្វេងស្មារតី។
[embed-health-tool-bmr]