backup og meta

ចេញរោគសញ្ញាទាំងនេះ អាចថាមានបញ្ហាខូចថ្លើមហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 27, 2021

    ចេញរោគសញ្ញាទាំងនេះ អាចថាមានបញ្ហាខូចថ្លើមហើយ

    បញ្ហា​ខូច​ថ្លើម​កើត​ឡើង​នៅ​ពេល​ថ្លើម​របស់​យើង​មិន​អាច​បំពេញ​តួនាទី​បាន​ត្រឹម​ត្រូវ​ដូច​ប្រក្រតី​។ រោគ​សញ្ញា​ខូច​ថ្លើម​​អាច​មាន​ដូច​ជា​ចង្អោរ មិន​ឃ្លាន​អាហារ និង​មាន​ឈាម​ក្នុង​លាមក​ជា​ដើម​។ ការ​ព្យាបាល​អាច​រួម​បញ្ចូល​ទាំង​ការ​តប​គ្រឿង​ស្រវឹង និង​ចៀស​វាង​អាហារ​ជាក់​លាក់​មួយ​ចំនួន​។

    ១. ខូច​ថ្លើម​មានន័យ​ដូច​ម្ដេច?

    ថ្លើម​បំពេញ​តួនាទី​សំខាន់​ៗ​ជាច្រើន​រួម​មាន៖

    • បង្កើន​ប្រូតេអ៊ីនក្នុង​ឈាមជួយ​ឲ្យ​មាន​កំណក​ឈាម ដឹកជញ្ជូន​អុកស៊ីសែន និង​ជួយ​ប្រព័ន្ធ​ភាព​សាំ
    • បង្កើត​ទឹកប្រមាត់ ​ជួយ​ដល់​ការ​រំលាយអាហារ​
    • ជួយ​រាង​កាយ​ស្តុក​ទុក​ជាតិ​ស្ករ ក្នុង​ទម្រង់​ជា​ glycogen។
    • ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​ចរន្ត​ឈាម​ រួម​ទាំង​ថ្នាំ និង​ជាតិ​អាល់កុល​
    • បំបែក​ខ្លាញ់​ឆ្អែត និង​ផលិត​កូលេស្តេរ៉ូល​

    បញ្ហា​ខូច​ថ្លើម​កើត​ឡើង​នៅ​ពេល​ថ្លើម​របស់​យើង​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ទៅ​តាម​តួនាទី​។ ខូច​ថ្លើម​ក៏​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​អាយុជីវិត និង​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​ផង​ដែរ​។

    ​​២. រោគ​សញ្ញា​នៃ​ការ​ខូច​ថ្លើម

    រោគ​សញ្ញា​បញ្ហា​ខូច​ថ្លើម​ជា​ញឹក​ញយ​អាច​មាន​ប្រហាក់​ប្រហែល​នឹង​អាការៈ​ជំងឺ​មួយ​ចំនួន​ទៀត​ដែរ ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការវិនិច្ឆ័យ​រោគ​នៅ​ដំណាក់​កាល​ដំបូង​ៗ។ នៅ​ពេល​រោគ​សញ្ញា​កាត់​តែ​អាក្រក់ ថ្លើម​ដែល​ខូច​នឹង​កាន់​តែ​ចុះ​ខ្សោយ​។

    ខូច​ថ្លើម​រ៉ាំរ៉ៃ ឬ​ខូច​ថ្លើម​ អាច​កើត​ឡើង​ក្នុង​រយៈពេល​យូរ និង​អាច​បង្ក​ឲ្យ​មាន​៖

    • អាការៈ​អស់​កម្លាំង
    • ចង្អោរ
    • មិន​ឃ្លាន​អាហារ
    • រាក
    • ក្អួត​មាន​ឈាម
    • ឈាម​ក្នុង​លាមក

    ខូច​ថ្លើម​ក្នុង​ដំណាក់​កាល​ធ្ងន់ធ្ងរ រោគ​សញ្ញា​ក៏​កាន់តែ​អាក្រក់​ដែរ​។ នៅ​ដំណាក់​កាល​បន្ទាប់​នៃ​រោគ​សញ្ញា​បញ្ហា​ខូច​ថ្លើម​រួម​មាន​៖

    • កើត​លឿង​​
    • អស់កម្លាំង​ខ្លាំង
    • វង្វេង​វង្វាន់​
    • ហើម​ពោះ​ព្រោះ​ចាល់​សារធាតុរាវ និង​ហើម​ដៃ ជើង

    បញ្ហាខូចថ្លើម

    ៣. មូល​ហេតុ​ធ្វើ​ឲ្យ​ខូច​ថ្លើម​

    បញ្ហា​សុខ​ភាព​ និង​ជំងឺ​មួយ​ចំនួន​អាច​បង្ក​ឲ្យ​ខូច​ថ្លើម​បាន​ រួម​មាន​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B និង​C ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ដោយ​សារ​គ្រឿង​ស្រវឹង អ្នក​ញៀន​ស្រា និង​លើស​ជាតិ​ដែក​។

    ក្នុង​ករណី​ជា​ច្រើន ការ​ខូច​ថ្លើម​រ៉ាំរ៉ៃ អាច​កើត​ចេញ​ពី​ជំងឺ​ក្រិន​ថ្លើម​ដែរ​។ ក្រិន​ថ្លើម គឺ​ជា​សម្លាក​នៅ​លើ​ថ្លើម ដែល​រង​របួស​រយៈ​ពេល​យូរ កើត​ចេញពី​ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ក្នុង​រយៈពេល​យូរ ឬ​ក៏​មាន​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​។ នៅ​ពេល​ដែល​ជាលិកា​សម្លាក​កាន់​តែ​ច្រើន​ជំនួស​កន្លែង​ជាលិកា​ថ្លើម​ល្អ នោះ​ថ្លើម​នឹង​បាត់​បង់​សមត្ថភាព​បំពេញ​តួនាទី​​របស់​ខ្លួន​។​​​​​

    ៤. វិធី​ព្យាបាល

    ការ​ព្យាបាល​បញ្ហា​ខូច​ថ្លើម​អាស្រ័យ​លើ​ថា​ជា​ការ​ខូច​ថ្លើម​ស្រួចស្រាល់ ឬ​ក៏​ជា​ការ​ខូច​ថ្លើម​រ៉ាំរ៉ៃ។ បើ​សិន​ជា​ខូច​ថ្លើម​រ៉ាំរ៉ៃ​គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​រួម​មាន​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ និង​របៀបរបប​រស់នៅ​មួយ​ចំនួន​ ដូច​ជា៖​

    • ឈប់​ផឹក​គ្រឿង​ស្រវឹង និង​ឈប់​ប្រើ​​ថ្នាំ​ទាំងឡាយ​ណា​ដែល​ប៉ះពាល់​ថ្លើម​
    • កាត់​បន្ថយ​ការ​ញ៉ាំ​សាច់​ក្រហម ឈីស និង​ស៊ុត​
    • ​សម្រក​ទម្ងន់ និង​គ្រប់​គ្រង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ឲ្យ​បាន​ល្អ
    • កាត់​បន្ថយ​អាហារ​ប្រៃ ឬ​អំបិល​ក្នុង​អាហារ​

    ​សម្រាប់​ការ​ព្យាបាល​បញ្ហា​ខូច​ថ្លើម​ស្រួច​ស្រាល់​វិញ​អាច​មាន​ដូច​ជា៖

    • ការ​បំពេញជាតិទឹកដើម្បី​រក្សា​សម្ពាធ​ឈាម
    • ​ប្រើ​ប្រាស់​ឱសថ​តាម​វេជ្ជបញ្ជា
    • តាម​ដាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

    ក្រៅពី​នេះ​អ្នក​ជំងឺ​ក៏​អាច​ត្រូវ​បញ្ចូល​ឈាម​ បើ​សិន​ជា​មាន​ការ​ហូរ​ឈាម​ច្រើន​ហួស​កម្រិត ឬ​ត្រូវ​ប្រើ​បំពង់​ជំនួយ​ការ​ដក​ដង្ហើម​ដែរ​។​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម