ចេញ ៦ចំណុចនេះ អាចបង្ហាញថាថ្លើមមានសុខភាពខ្សោយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 07, 2022

    ចេញ ៦ចំណុចនេះ អាចបង្ហាញថាថ្លើមមានសុខភាពខ្សោយ

    ទម្លាប់រស់នៅមិនល្អប្រចាំថ្ងៃ ដូចជា ការជក់បារី ផឹកស្រា ឬកើតស្ដ្រេសរ៉ាំរៃជាដើម អាចបង្កឲ្យប៉ះពាល់ដល់សុខភាពថ្លើម ឬកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន។ ខាងក្រោមគឺជាសញ្ញាសុខភាពអាចឲ្យយើងសម្គាល់ដឹងបានខ្លះ​​ថា ថ្លើមរបស់យើងមានសុខភាពមិនល្អ។​

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.កើតជំងឺខាន់លឿង

    ជំងឺខាន់លឿងជាប្រភេទជំងឺម្យ៉ាងដែលធ្វើឲ្យស្បែក និង ភ្នែកអ្នកជំងឺមានសភាពលឿង។ បញ្ហា​លឿង​នេះ​កើត​ឡើង​ដោយសារ​តែ​សារធាតុ bilirubin ដែលផលិតពីកោសិកាគ្រាប់ឈាមក្រហម ហើយថ្លើមមិនអាចបំបែកបាន។ ក្នុងករណីដែលថ្លើមមិនអាចបំបែកសារធាតុនេះបាន នោះមានន័យថា សុខភាពថ្លើមចុះខ្សោយ អាចមានជំងឺ ដូចជា ក្រិនថ្លើម ឬរលាកថ្លើមជាដើម។ ដូច្នេះប្រសិនបើជួបប្រទះជំងឺខាន់លឿង ត្រូវទៅជួបគ្រូពេទ្យឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

    ២.ឡើងកន្ទួលក្រហម

    ការឡើងកន្ទួលក្រហមរមាស់លើស្បែកដោយគ្មានមូលហេតុ ក៏ជាសញ្ញាបង្ហាញថាថ្លើមមានសុខភាពខ្សោយហើយ។ ពីព្រោះថា ការឡើងកន្ទួលរមាស់ចេញពីខាងក្នុងស្បែកបណ្ដាមកពីទឹកប្រមាត់មានការកើនឡើងខណៈដែលថ្លើមគ្មានលទ្ធភាពក្នុងការគ្រប់គ្រងបានល្អ។ ការរមាស់នេះថ្វីដ្បិតតែមិនបង្កផលប៉ះពាល់ដល់ស្បែក ប៉ុន្ដែវាជា រោគសញ្ញាមួយបង្ហាញពីសុខភាពថ្លើម។

    ៣.អស់កម្លាំង

    ខ្សោយឆាប់អស់កម្លាំងក៏ជាសញ្ញាមួយពាក់ព័ន្ធទៅនឹងសុខភាពថ្លើម។ ព្រោះថា នៅពេលដែលថ្លើមមានបញ្ហា គឺគ្មាន​សមត្ថភាពអាចបំបែកជាតិពុលក្នុងអាហារ ហើយក៏មិនអាចស្រូបយកសារធាតុសំខាន់ៗដើម្បីចិញ្ចឹមរាងកាយបានគ្រប់គ្រាន់ផងដែរ។ ម្យ៉ាងវិញទៀត អាការៈខ្សោយ ឆាប់អស់កម្លាំងនេះ ក៏ជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀត នៃជំងឺរលាកថ្លើម។

    ៤.បាត់បង់ចំណង់អាហារ

    សុខភាពថ្លើមមិនល្អ ក៏បណ្ដាលឲ្យបាត់បង់ចំណង់អាហារ និងស្រកគីឡូខុសធម្មតា។ ព្រោះថ្លើមមានមុខងារបំប្លែងសារធាតុចិញ្ចឹមចេញពីរបបអាហារ ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់រាងកាយ។ ប្រសិនបើថ្លើមមានបញ្ហារលាក ឬខូចខាតកោរសិកាណាមួយ មិនអាចបំពេញមុខងារបានល្អទេនោះនឹងធ្វើឲ្យប៉ះពាល់ផ្នែកផ្សេងនៃទៀត នៃប្រព័ន្ធរំលាយអាហារ បណ្ដាលឲ្យអ្នកជំងឺបាត់ចំណង់អាហារ ស្រកគីឡូ ចង្អោរ ករណីខ្លះអាចក្អួត។

    ៥.ស្បែកងាយឡើងជាំ

    ថ្លើមមានមុខងារផលិតប្រូតេអ៊ីនជួយចិញ្ចឹមកោសិកា ធំ តូចទាំងឡាយក្នុងរាងកាយ ក្នុងនោះដូចជាពពួកប្រូ​តេអ៊ីនដែលជួយដល់សុខភាពស្បែក។ ប្រសិនជាសុខភាពថ្លើមមិនល្អ មិនអាចផលិតប្រូតេអ៊ីនបានគ្រប់គ្រាន់ពេលនោះក៏ប៉ះពាល់ដល់សុខភាពស្បែកដូចគ្នា ធ្វើឲ្យស្បែកគ្មានភាពរឹងមាំ ងាយប្រឈមការឡើងជាំពេលប៉ះទង្គិចនឹងអ្វីមួយ។

    ៦.បញ្ហាគេង

    មានកត្ដាជាច្រើនដែលអាចប៉ះពាល់ដល់ការគេង ក្នុងនោះក៏បណ្ដាលមកពីបញ្ហាថ្លើមផងដែរ។ តួយ៉ាងជំងឺក្រិន​ថ្លើម​ក្នុងដំណាក់កាលដំបូង អាចបណ្ដាលឲ្យអ្នកជំងឺប្រឈមការគេងមិនលក់ ឬគេងមិនស្កប់។ ការសិក្សាបានបង្ហាញ​ថា អ្នកជំងឺក្រិនថ្លើម មានការបញ្ចេញអ័រម៉ូនមេឡាតូនីនច្រើននៅពេលថ្ងៃ ហើយកាត់បន្ថយនៅពេល​យប់ ទើបបណ្ដាលឲ្យអ្នកជំងឺគេងមិនសូវបាន។

    មេឡាតូនីនជាអ័រម៉ូនម្យ៉ាងគ្រប់គ្រងលើវដ្ដនៃការគេង ជាធម្មតាអ័រម៉ូននេះបញ្ចេញពីខួរក្បាលនៅពេល​យប់ គ្រប់គ្រងទៅលើការគេង ដូច្នេះប្រសិនបើមនុស្សម្នាក់មានជំងឺថ្លើម ការបញ្ចេញអ័រម៉ូននេះមានភាពមិនប្រក្រតីទើបធ្វើឲ្យអ្នកជំងឺប្រឈមការគេងមិនលក់។

    ត្រៀមកើតទឹកនោមផ្អែម

    ថ្លើមមានតួនាទីសំខាន់ ជួយបំបែកជាតិពុលក្នុងឈាម ប្រឆាំងការរលាក គ្រប់គ្រងកូលេស្ដេរ៉ូល ផលិតប្រូតេអ៊ីន រក្សាសារធាតុចិញ្ចឹម គ្រប់គ្រងកម្រិតជាតិស្ករ និង បង្កើតថាមពលសម្រាប់រាងកាយ។ ដូច្នេះប្រសិនបើថ្លើមមានសុខភាពមិនល្អ នោះនឹងបង្កផលវិបាកយ៉ាងច្រើនដែរ។ ចូរតាមដានសុខភាពជាមួយគ្រូពេទ្យឲ្យបានឆាប់រហ័ស ក្នុងករណីសង្ស័យរោគសញ្ញាដែលបានកើតឡើង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Dec 07, 2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម