​ជំងឺរលាកថ្លើមប្រភេទ B នេះជា​អ្វីគ្រប់​គ្នា​គួរ​ដឹង

    ​ជំងឺរលាកថ្លើមប្រភេទ B នេះជា​អ្វីគ្រប់​គ្នា​គួរ​ដឹង

    ជំងឺ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) គឺ​សំដៅលើ​ជំងឺ​ថ្លើម ដែល​បង្ក​ឡើង​ដោយ​វីរុស។ ជំងឺ​នេះ បង្ក​ឲ្យ​ថ្លើម​មាន​ស្នាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លើម​ងាយ​នឹង​ចុះ​ខ្សោយ និង​ក្លាយ​ទៅ​ជា​មហារីក។ ប្រសិន​បើ​មិន​ព្យាបាល​ទេ ជំងឺ​នេះ អាច​បង្ក​ឲ្យ​ស្លាប់​បាន។

    ១- តើជំងឺ​រលាក​ថ្លើម​ប្រភេទBឆ្លង​យ៉ាង​ដូច​ម្ដេច?

    ប្រសិន​បើ​នរណា​ម្នាក់​ឆ្លង​ជំងឺ​នេះ នោះ​គេ​អាច​នឹង​លេច​ចេញ​សញ្ញា​និង​រោគ​សញ្ញា​ដូច​ជា៖

    • ខាន់​លឿង (ស្បែក​រួម​ទាំង​ផ្នែកមួយ​ចំនួន​នៅ​លើ​រាង​កាយ​ប្រែ​ពី​ស ទៅ​ជា​លឿង ថែម​ទាំង​ទឹក​នោម​ឡើង​ក្រម៉ៅ ប្រែ​ទៅ​ជា​ពណ៌​ឈាម​ជ្រូគ ឬ​ករណី​ខ្លះ​ទៅ​ជា​ពណ៌ទឹក​ក្រូច)
    • លាមក​ឡើង​ស
    • គ្រុន​ក្ដៅ
    • អស់​កម្លាំង​ខ្លាំង
    • បាត់​ចំណង់​ញ៉ាំ​អាហារ
    • ចង្អោរ ឬក្អួត
    • ឈឺ​ពោះ

    រោគ​សញ្ញា​ទាំង​នេះ អាច​នឹង​លេច​ចេញ​ឡើង​ក្រោយ​ពី​ឆ្លងពី១​ខែ​ទៅ ៦​ខែ។ មនុស្ស​ជា​ច្រើន​អាច​ដឹង​ថា​មាន​ជំងឺ​នេះ នៅ​ពេល​ដែល​ធ្វើ​តេស្ត​ឈាម​ប៉ុណ្ណោះ។

    អត្ថបទពាក់ព័ន្ធ៖

    ២- តើ​ត្រូវ​ព្យាបាល ជំងឺ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) ដូច​ម្ដេច?

    ព្យាបាល​ភ្លាម​ៗ​បន្ទាប់​ពី​ឆ្លង

    បន្ទាប់​ពីយើង​ដឹង​ថា​បាន​ប៉ះ​នឹង​វីរុស​ជំងឺ​រលាក​ថ្លើម​ប្រភេទ B យើង​ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម។ ប្រសិន​បើ​យើង​​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ ឬមិន​ប្រាកដ​ថា​ការ​ចាក់​វ៉ាក់សាំង​ពី​មុន​នោះមាន​ប្រសិទ្ធិភាព​ឬ​អត់​នោះ គ្រូ​ពេទ្យ​នឹង​ចាក់​វ៉ាក់​សាំង​បន្ថែម ហើយ ​និងចាក់​ថ្នាំ Hepatitis Immune globulin នៅ​ក្នុង​អំឡុង​ពេល ១២​ម៉ោង​បន្ទាប់​ពី​ហេតុ​ការ​ដែល​យើង​​ប៉ះ​នឹង​វីរុស។

    ថ្នាំ​ប្រូតេអ៊ីន​នេះ នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ជួយ​ដល់​ការ​ប្រឆាំង​នឹង​វីរុស។ បើ​សិន​យើង​​មាន​អារម្មណ៍​មិន​ស្រួល នោះ​គ្រូពេទ្យ​នឹង​ឲ្យ​យើង​​សម្រាក។ អំឡុង​ពេល​នេះ យើង​​ត្រូវ​តែ​នៅ​ឆ្ងាយ​ពី​អ្វី​ដេល​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ថ្លើម ដូច​ជា​ភេសជ្ជៈ​ជាតិ​អាល់កុល ឬ​ថ្នាំ​ពេទ្យ​ដូច​ជា​ប៉ារ៉ាសេតាម៉ុល​ជា​ដើម។ ជា​បន្ថែម ត្រូវ​ញ៉ាំ​អាហារ​ដែល​ផ្ដល់​សុខភាព​ល្អ​គឺ​ជា​រឿង​សំខាន់។ បន្ថែម​លើ​នេះ មិន​ត្រូវ​ប្រើ​ថ្នាំពេទ្យ ថ្នាំ​បូរាណ​ ឬអាហារ​បំប៉ន​អ្វី ឡើយបើ​គ្មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ទេ​។

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    ការ​ព្យាបាល​ ជំងឺ​រលាក​ថ្លើម​ប្រភេទ B ស្រួច​ស្រាល់

    ជំងឺ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) ស្រួច​ស្រាវ គឺ​ជា​ជំងឺ​ដែល​កើត​មាន​តែ​មិន​កើត​មាន​យូរ​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ប្រសិន​បើ​គ្រូពេទ្យ​បញ្ជាក់​ថា​យើង​​មាន​ជំងឹ​នេះ តែ​ក្នុង​តំណាក់​កាល​ស្រួច​ស្រាវ (Acute) នោះ​យើង​នឹង​មិន​ត្រូវ​ការ​ការ​ព្យាបាល​ទេ ហើយ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​សម្រាក​ និង​ញ៉ាំ​អាហារ​ដែល​ផ្ដល់​ជីវ​ជាតិ​ល្អ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់។

    ព្យាបាល​ ជំងឺ​រលាក​ថ្លើម​ប្រភេទ B រ៉ាំរ៉ៃ

    បើ​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថាយើង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B រ៉ាំរ៉ៃ នោះ​យើង​នឹង​ត្រូវ​ព្យាបាល​តាម​ផែន​ការ​ដែល​សម​ស្រប។ ផែន​ការ​នោះ គឺ​ជួយ​ឲ្យ​យើង​​កាត់​បន្ថយ​ការ​ប្រឈម នឹង​ការ​វិវត្ត​ក្លាយ​ទៅ​ជា​ជំងឺ​ថ្លើម និង​ការពារ​កុំ ឲ្យ​ចម្លង​ជំងឹ​នេះ ទៅ​មនុស្ស​ផ្សេង​ទៀត។ ផែន​ការ​ព្យាបាល​រួម​មាន៖

    – ថ្នាំ​ប្រឆាំង​វីរុស

    យើង​អាច​នឹង​ទទួល​បាន​ថ្នាំ Lamivudineថ្នាំ adefovirថ្នាំ telbivudine ឬ ថ្នាំ entecavir ដើម្បី​ប្រើ​ប្រឆាំង​នឹង​វីរុស ក៏​ដូច​ជា ធ្វើ​ឲ្យ​វា​មាន​សកម្មភាព​ខ្សោយ កុំ​ឲ្យ​វា​ធ្វើ​ឲ្យ​ថ្លើម​អ្នក​ខូច។ យោង​លើ​ស្ថានភាព​ជំងឺ និង​កត្តា​ផ្សេងទៀត គ្រូពេទ្យ​នឹង​ឲ្យ​យើង​នូវ​ថ្នាំ​ដែល​សម​ស្រប​នឹង​ជំងឺ​។

    – ថ្នាំ​ចាក់ Interferon alfa-2b (Intron A)

    សម្រាប់​អ្នក​ដែល​មិន​ចង់​បាន​ការ​ព្យាបាល​រយៈ​ពេល​វែង ជា​ពិសេស​គឺ​មនុស្ស​វ័យ​ក្មេង និងអ្នក​ដែល​មាន​ផែន​ការ​យក​កូន​នៅ​ពេល​អនាគត​យ៉ាង​ខ្លី​ខាង​មុខ ថ្នាំ intron A គឺ​ជា​ជំរើស​ល្អ​បំផុត។ Intron A គឺ​ជា​សារធាតុ​ដែល​សំយោគ​ចេញ​ពី​សារធាតុ​នៅ​ក្នុង​រាង​កាយ ដើម្បី​ប្រឆាំង​នឹង​ការ​បង្ក​រោគ។ Intron A គឺ​ត្រូវ​ផ្ដល់​ដោយ​ចាក់។ ប៉ុន្តែ​វា​អាច​ផ្ដល់​ផល​រំខាន​ដូច​ជា មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត (Depression) មាន​បញ្ហា​ដង្ហើម និង​ឈឺ​តឹង​ទ្រូង។

    – វះកាត់​ដូរ​ថ្លើម

    អ្នក​ជំងឺ​នឹង​តម្រូវ​ឲ្យវះ​កាត់​ដូរ​ថ្លើម​ប្រសិន​បើ​ថ្លើម​របស់​គាត់​រង​ការ​ខូច​ខាត​ខ្លាំង។ អំឡុង​ពេល​វះ​កាត់ គ្រូពេទ្យ​នឹង​យក​ថ្លើម​ដែល​ខូច​ចេញ និង​ជំនួស​វិញ​ដោយ​ថ្លើម​ដែល​មាន​សុខភាព​ល្អ។ ពេល​ខ្លះ គឺ​មិន​មែន​ថ្លើម​ទាំង​មូល​ទេ ប៉ុន្តែ​ត្រឹម​តែ​ចំណែក​​ថ្លើម​ដែល​មាន​សុខភាព​ល្អ ពី​អ្នក​ផ្ដលគឺ​គ្រប់​គ្រាន់​ហើយ។ នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី អភិវឌ្ឍ​ស្វែង​រក​ថ្នាំ​ដើម្បី​អាច​ព្យាបាល​ជំងឺ​នេះបាន។

    អត្ថបទពាក់ព័ន្ធ៖

    ៣- ការ​ថែ​ទាំ​ពិសេស​ចំពោះ​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ B

    – កែ​ប្រែ​របៀប​រស់​នៅ

    យើង​មិន​ចាំបាច់​បោះ​បង់​ចោល​រាល់​ទម្លាប់ ហើយ​គេង​នៅ​លើ​គ្រែ​ពេញ​មួយ​ថ្ងៃ​នោះ​ទេ។ គ្រាន់​តែយើងធ្វើ​តាម​អ្វី​ដែល​រាង​កាយ​អ្នក​ត្រូវ​ការ ឧទាហរណ៍​បើ​យើង​ហត់ គឺ​ត្រូវ​តែ​សម្រាក។ កាត់​បន្ថយ​ការងារ​ដែល​រវល់​ខ្លាំង និង​ហាត់​ប្រាណ​សម​ស្រប ហើយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សកម្មភាព​ដែល​ត្រូវ​បញ្ចេញ​កម្លាំង​ខ្លាំង។ ពេល​ដែលយើងមាន​អារម្មណ៍​ប្រសើរ​ហើយយើង​អាច​ត្រលប់​មក​សកម្មភាព​ធម្មតា​របស់វិញ​បាន​ដោយ​សន្សឹម​ៗ។ ត្រូវ​សន្សឹម​ៗ ព្រោះ​បើ​យើង​ជំរុញ​​ខ្លួន​ឯង​ជ្រុល​ពេក​នោះយើងអាច​នឹង​ឈឺ​ម្ដងទៀត។

    មហារីកថ្លើម១

    – ផែន​ការ​អាហារ​ដែល​ត្រឹម​ត្រូវ

    អាហារ​ដែល​ទន់​នឹង​មាន​ជីវជាតិ​គ្រប់​គ្រាន់​គឺ​សំខាន់​ណាស់ ហើយ​ដូច​គ្នា​នេះ ដែរ​យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់។ ជំងឺ​នេះ អាច​ធ្វើ​ឲ្យ​យើង​ក្អួត ហើយ​ធ្វើ​ឲ្យ​​បាត់​បង់​ជាតិ​ទឹក។ ក្រៅ​ពី​ទឹក យើង​អាច​ញ៉ាំ​ទឹក​ផ្លែ​ឈើ ដើម្បី​បន្ថែម​កាឡូរី​ដល់​រាងកាយ​ទៀត។

    អ្វី​ដេល​សំខាន់​ជាង​នេះ គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ស្រា និង​ថ្នាំ​ញៀន។ ពេល​ដែលយើង​មាន​ជំងឺ​រលាក​ថ្លើម រាង​កាយ​នឹង​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​បញ្ចេញ​ជាតិ​ថ្នាំ និង​ស្រា​ចេញ​ពី​រាង​កាយ។ ដូច​នេះ ការ​ទទួល​ទាន​សារធាតុ​ទាំង​នេះ នៅ​អំឡុង​ពេល​មាន​ជំងឺ គឺ​ផ្ដល់​គ្រោះ​ថ្នាក់​ច្រើន ហើយ​សារធាតុ​ទាំង​នោះ ក៏អាចធ្វើ​ឲ្យ​ថ្លើម​កាន់​តែ​ខូច​ផង​ដែរ។ សម្រាប់​ថ្នាំ​ដែល​ត្រូវ​ប្រើ​ដោយ​មាន​វេជ្ជបញ្ជា យើងអាចឈប់​ប្រើ ​ឬ​ផ្លាស់​ប្ដូរ​កម្រិត​ប្រើ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ។ ចំពោះ​ថ្នាំ​ផ្សេង ទៀត មុន​នឹង​ប្រើ​សូម​ពិគ្រោះ​ជាមួយ​ពេទ្យ​សិន។

    – ការ​គ្រប់​គ្រង​បញ្ហា​រមាស់

    ជំងឺ​រលាក​ថ្លើម​អាច​នឹង​ធ្វើ​ឲ្យ​រមាស់​ស្បែក​បាន។ ដើម្បី​សម្រួល​ពី​អាការ​នេះ សូម​នៅ​កន្លែង​ដែល​ត្រជាក់ ពាក់​ខោអាវ​ទន់ និង​ចៀស​ឆ្ងាយ​ពីពន្លឺ​ថ្ងៃ។ សម្រាប់​ពពួក​ថ្នាំ ប្រឆាំង histamine (Antihistamines) សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុន​នឹង​ប្រើ។

    អត្ថបទពាក់ព័ន្ធ៖

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ 18/08/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម